តើសិស្សសម្រុកចុះឈ្មោះចូលរៀនច្បាប់ច្រើន ជាទំនោរនៃតម្រូវការជំនាញក្នុងសង្គមជាក់ស្តែង? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើសិស្សសម្រុកចុះឈ្មោះចូលរៀនច្បាប់ច្រើន ជាទំនោរនៃតម្រូវការជំនាញក្នុងសង្គមជាក់ស្តែង?

តើសិស្សសម្រុកចុះឈ្មោះចូលរៀនច្បាប់ច្រើន ជាទំនោរនៃតម្រូវការជំនាញក្នុងសង្គមជាក់ស្តែង?

រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ គេ​កត់សម្គាល់ឃើញថា ក្រោយប្រកាស​លទ្ធផលបាក់ឌុបភ្លាម សិស្ស​ដែលជាប់បាក់ឌុបថ្មីៗបាន​សម្រុក​មកដាក់ពាក្យ​ចូលរៀនជំនាញ​នីតិសាស្រ្ត និង​ជំនាញរដ្ឋបាលសាធារណៈ នៅ​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច, ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំនេះ ត្រឹម​តែរយៈពេល​៣ថ្ងៃប៉ុណ្ណោះ មានសិស្ស​​ដាក់ពាក្យ​ចូលរៀនជំនាញនីតិសាស្រ្តរហូត​ដល់ទៅជាង៥ពាន់នាក់។ តើកត្តាអ្វីជំរុញឱ្យយុវជនកម្ពុជាជ្រើសរើសរៀនជំនាញនីតិសាស្ត្រ (ច្បាប់)?

Advertisement

លោក ពៅ សារឿន សាស្រ្តាចារ្យជំនួយ ផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានប្រសាសន៍ថា មានកត្តាជាច្រើន​ដែលជំរុញ​ឱ្យ​យុវជន​កម្ពុជា​ជ្រើសរើសដាក់ពាក្យ​ចូលរៀន​ជំនាញនីតិសាស្រ្ត ដូចជា​ភាពល្បីល្បាញ​របស់​សាកលវិទ្យាល័យ​ចាប់តាំង​ពីសម័យសង្គម​រាស្រ្តនិយម ជាពិសេស​លើ​ការ​បណ្តុះបណ្តាល​ជំនាញផ្នែកច្បាប់ និង​វិទ្យាសាស្រ្តសេដ្ឋកិច្ចតែម្តង, ជាមួយគ្នា និស្សិតច្បាប់ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ បានបំពេញតួនាទីជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល កាន់តួនាទីដូចជា រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង គ្រប់ស្ថាប័ន ក្រសួងសាធារណៈ។

សិស្សិតជំនាញនីតិសាស្ត្រ (ច្បាប់)

បើតាម​លោកសាស្រ្តាចារ្យជំនួយ ពៅ សារឿន តម្រូវការសង្គមជាក់ស្ដែង ក៏​ជា​កត្តាដែលជំរុញ​ឱ្យ​យុវជន​ដាក់ពាក្យ​ចូលរៀន​ជំនាញនីតិសាស្រ្តផងដែរ, លោកថា កាលចេញពីសម័យប៉ុលពតមក ឆ្នាំ១៩៨៤ ដល់ ១៩៨៥ ជំនាញពេទ្យ គឺជា​ជំនាញ​ដែល​ត្រូវប៉ាន់ជាងគេ ព្រោះគេចូលចិត្តរៀន និងគិតថាមានតម្លៃ ព្រោះសង្គមឱ្យតម្លៃទៅលើគ្រូពេទ្យ។ ក្រោយមកទៀត សង្គមយើងឱ្យតម្លៃលើពាណិជ្ជសាស្រ្ត សេដ្ឋកិច្ច ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣មក គេឃើញថា សង្គមបានឱ្យតម្លៃទៅលើផ្នែកច្បាប់ ព្រោះផ្នែកច្បាប់មានតម្លៃច្រើនដែលអាចជួយសង្គមបាន។

តើជំនាញនីតិសាស្ត្រ (ច្បាប់) មានគុណតម្លៃអ្វីខ្លះសម្រាប់ជួយសង្គមជាតិ?

លោកសាស្រ្តាចារ្យ ពៅ សារឿន លើកឡើងថា គុណម្លៃនៃជំនាញច្បាប់ គឺបានចូលរួមជួយដល់សង្គមជាតិរួមមាន ទី១.ការពារសង្គម និងសិទ្ធិពលរដ្ឋ ដោយ​ច្បាប់មានតួនាទីជាមូលដ្ឋានគ្រឹះក្នុងការការពារសង្គម ការពារប្រទេស និងការពារសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ ដូចជា សិទ្ធិលំនៅឋាន សិទ្ធិលើកម្មសិទ្ធិ សិទ្ធិលើការប្រើប្រាស់ សិទ្ធិលើការប្រកបរបរទទួលទានជាដើម, ទី២. ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះច្បាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធដទៃទៀត។ ច្បាប់ទម្លាប់ត្រឹមត្រូវ គឺជាកត្តាចាំបាច់ បើគ្មានច្បាប់ច្បាស់លាស់ទេ វិនិយោគិនជាតិ និងអន្តរជាតិមិនហ៊ានមករកស៊ីជាមួយឡើយ។ ដូច្នេះ ប្រសិនយើងមានច្បាប់ទម្លាប់ត្រឹមត្រូវ នឹងទាក់ទាញលំហូរទុនវិនិយោគ មកកាន់ប្រទេសកាន់តែច្រើន ដែលនាំឱ្យមានការងារធ្វើកើនឡើង ជួយឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលគ្រប់គ្រាន់ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ និង ទី៣. ពង្រឹងគោលនយោបាយដឹកនាំប្រទេស ព្រោះចំណេះដឹងផ្នែកច្បាប់ (រួមទាំងជំនាញរដ្ឋបាលសាធារណៈ) គឺចាំបាច់ណាស់សម្រាប់ឥស្សរជនជាន់ខ្ពស់។ អ្នកដែលមានជំនាញច្បាប់ល្អ មិនថាជាស្ថាប័នអនុវត្តច្បាប់ ឬបង្កើតច្បាប់ គឺអាចដឹកនាំ និងធ្វើសកម្មភាពនានាស្របតាមគោលការណ៍ច្បាប់ជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ។

“ឧទាហរណ៍ថ្មីៗនេះ យើងមានជម្លោះជាមួយប្រទេសថៃ… ក្នុងជម្លោះនេះ បានបង្ហាញពីគុណតម្លៃនៃច្បាប់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី បង្ហាញពីគុណតម្លៃនៃការដោះស្រាយតាមផ្លូវតុលាការ…” នេះហើយដែលធ្វើឱ្យយុវជនយើងនាសម័យបច្ចុប្បន្ន មើលឃើញថា ច្បាប់មានតម្លៃល្អណាស់។ ចំណេះដឹងច្បាប់ជួយរៀបចំប្រទេសជាតិឱ្យមានស្ថិរភាព រុងរឿង និងអាចការពារប្រទេសជាតិ ទាំងការអភិវឌ្ឍន៍ និងការការពារបូរណភាពទឹកដី។

លោកសាស្រ្តាចារ្យ ពៅ សារឿន

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ជំនាញអ្វីក៏​ដោយ ក៏​ជា​ជំនាញ​សំខាន់​សម្រាប់ការងារដែរ ប៉ុន្តែ​យុវជន​ត្រូវ​រៀន​ឱ្យ​ស្រប​តាម​ឧបនិស្ស័យ ចំណង់ចំណូលចិត្ត​របស់ខ្លួន ហើយជាមួយ​គ្នានេះ ក៏​ត្រូវ​ក្រឡេក​ទៅមើល​ពីតម្រូវការ​ទីផ្សារ​ការងារផង។ លោកថា ការ​ជ្រើសរើសជំនាញ គ្រាន់តែ​ឃើញ​គេ​ចុះឈ្មោះ​រៀនតៗគ្នាទៅ​លើជំនាញដដែលនឹងធ្វើ​ឱ្យ​មានអ្នករៀនជំនាញនោះច្រើនពេក ដែល​ទីផ្សារការងារ​មិន​អាច​ស្រូប​យកអស់នោះទេ ដូច្នេះ ការ​សម្រេច​ចិត្ត​របស់យុវជន​នៅ​ថ្ងៃនេះ អាច​នឹង​មានបញ្ហា​ទៅថ្ងៃមុខ នោះគឺបញ្ហា​ទៅលើទីផ្សារការងារ​របស់ខ្លួនឯង។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

“ជំនាន់មុនមានតែវិថីអ្នករាជការ ​ប៉ុន្តែ​ជំនាន់ថ្មីនេះ មានការងារឯកជន ការ​បង្កើត​មុខរបរ​ដោយខ្លួនឯង គឺសំខាន់ជាង ដើម្បីទ្រទ្រង់​សេដ្ឋកិច្ចជាតិ ក៏​ដូចជា​ការ​ទ្រទ្រង់​សេដ្ឋកិច្ចផ្ទាល់ខ្លួន ព្រោះសេដ្ឋកិច្ច​រឹងមាំ​បាន​ដោយ​សារ​ការ​បង្កើតមុខរបរថ្មីៗរបស់ប្រជាពលរដ្ឋ…”

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

តែយ៉ាងណាសម្រាប់លោកបណ្ឌិត យង់ ពៅ និន្នាការបច្ចុ្បន្ននេះ ដើម្បីអភិវឌ្ឍសង្គមឱ្យស្របតាមនិន្នាការសកល គឺគេត្រូវការច្រើនបំផុតផ្នែកបច្ចេកវិទ្យា ព័តមានវិទ្យា កសិឧស្សាហកម្ម គីមីចំណីអាហារ ដែលទីផ្សារកម្ពុជា និងទីផ្សារពិភពលោកកំពុងមានតម្រូវការ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកច្រកការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយការផ្ដល់អាហារូបករណ៍ក៏ច្រើន និងផ្ដល់ឱកាសការងារលឿនរហ័សទៅដល់អ្នកសិក្សារៀនសូត្រ និងអាចធ្វើជាថៅកែខ្លួនឯង៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា