ហេតុអ្វីបានជាបច្ចេកវិទ្យាបៃតងសំខាន់? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេតុអ្វីបានជាបច្ចេកវិទ្យាបៃតងសំខាន់?

ហេតុអ្វីបានជាបច្ចេកវិទ្យាបៃតងសំខាន់?

ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកល និងការថយចុះនៃធនធានធម្មជាតិ ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចបែបប្រពៃណីទៅកាន់ «សេដ្ឋកិច្ចបៃតង» បានក្លាយជា អាទិភាពខ្ពស់បំផុតសម្រាប់បណ្តាប្រទេសជុំវិញពិភពលោក។ សសរស្តម្ភដ៏សំខាន់ បំផុតដែលមិនអាចខ្វះបានក្នុងការសម្រេចឱ្យបាននូវទស្សនវិស័យនេះ គឺការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់នូវ បច្ចេកវិទ្យាបៃតង (Green Technology)។

Advertisement

បច្ចេកវិទ្យាបៃតង មិនត្រឹមតែជាឧបករណ៍សម្រាប់កាត់បន្ថយការបំពុលបរិស្ថាន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករថ្មីមួយ ដែលជួយបង្កើនផលិតភាពសេដ្ឋកិច្ច និង បង្កើតឱកាសការងារប្រកបដោយចីរភាព។ ទោះជាយ៉ាងណា ការវិវត្តនៃបច្ចេកវិទ្យា បៃតងមិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែគឺជាលទ្ធផលនៃអន្តរកម្មរវាង កត្តាគន្លឹះជាច្រើនដែលកត្តាទាំងនោះរួមមាន៖

កត្តារដ្ឋាភិបាលដែលចូលរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបៃតង

ក្នុងនាមជាអ្នកជំរុញ និងអ្នកតម្រង់ទិសនៃបច្ចេកវិទ្យាបៃតង រដ្ឋាភិបាលអាចដើរតួនាទី ពីរយ៉ាង រួមមានការរឹតបន្តឹងលើការបញ្ចេញកាកសំណល់ដើម្បីកាត់បន្ថយការ បំពុលបរិស្ថាន និងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តដល់ការ ផ្លាស់ប្តូរបច្ចេកវិទ្យាបៃតង។ កត្តាបទប្បញ្ញត្តិបរិស្ថាន និងការឧបត្ថម្ភធនធានពី រដ្ឋាភិបាល សុទ្ធតែមានចំណែកវិជ្ជមានដល់ការជំរុញប្រសិទ្ធភាពនៃបច្ចេកវិទ្យា បៃតង៖

កត្តាបទប្បញ្ញត្តិបរិស្ថាន៖ ការអនុវត្តបទប្បញ្ញត្តិបរិស្ថានបានធ្វើឱ្យស្តង់ដានៃ ការបញ្ចេញកាកសំណល់កាន់តែខ្ពស់ ដែលបង្ខំឱ្យសហគ្រាសទាំងឡាយណាដែល បង្កការបំពុលធ្ងន់ធ្ងរត្រូវដកខ្លួនចេញពីទីផ្សារ។ បទប្បញ្ញត្តិបរិស្ថានក៏អាចបង្ខំឱ្យ ក្រុមហ៊ុននានាប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យាដោយសន្សំសំចៃថាមពល និង ស្អាតជាងមុន ដែលនាំឱ្យមានការកើនឡើងនូវតម្រូវការបច្ចេកវិទ្យាបៃតងទាំងនោះ។

ការឧបត្ថម្ភធនធាន៖ ការឧបត្ថម្ភធនធានពីរដ្ឋាភិបាលអាចផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់សហគ្រាស កាត់បន្ថយចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា និង ដោះស្រាយបញ្ហាកង្វះខាតថវិកាសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា។ ការផ្តល់ជំនួយ ឥតសំណង និងការគាំទ្រជាបន្តបន្ទាប់លើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ពី រដ្ឋាភិបាល បានជំរុញឱ្យក្រុមហ៊ុននានារក្សាភាពវិជ្ជមានចំពោះសកម្មភាព R&D របស់ខ្លួន។ កត្តានេះបានបង្កើនឆន្ទៈរបស់ក្រុមហ៊ុនក្នុងការបង្កើតថ្មី និងជំរុញការ ផ្លាស់ប្តូរ ក៏ដូចជាការអនុវត្តជាក់ស្តែងនៃនវានុវត្តន៍បច្ចេកវិទ្យា។

កត្តាជំនាញ និងមូលធនមនុស្ស

កម្រិតអប់រំដែលពាក់ព័ន្ឋបំផុតសម្រាប់ការលូតលាស់បច្ចេកវិទ្យាបៃតង គឺការអប់រំ កម្រិតឧត្តមសិក្សា ពីព្រោះសាកលវិទ្យាល័យគឺជាកន្លែងផ្តល់ចំណេះដឹង និងជំនាញ កម្រិតខ្ពស់ ដែលចាំបាច់សម្រាប់ជំរុញការលូតលាស់បច្ចេកវិទ្យាបៃតងនៅក្នុង ប្រទេស ឬតំបន់មួយ។ កម្លាំងពលកម្មដ៏សម្បូរបែបដែលមានជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៍មាន (IT) ជួយឱ្យសហគ្រិនមានលទ្ធភាពកាន់តែខ្ពស់ក្នុងការ ផ្លាស់ប្តូរទៅរកគំរូអាជីវកម្មដែលមានចីរភាព និងការពង្រីកខ្លួនទៅកាន់វិស័យ បច្ចេកវិទ្យាបៃតងថ្មីៗ ដែលនេះសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃចំណាយលើ ការអប់រំសម្រាប់ការលូតលាស់បច្ចេកវិទ្យាបៃតង។

ក្នុងករណីខ្លះ មិនមែនត្រឹមតែជាភាពសម្បូរបែបនៃជំនាញវិទ្យាសាស្ត្រ និង IT ប៉ុណ្ណោះទេដែលត្រូវការ ប៉ុន្តែគឺជាសមត្ថភាពក្នុងការរួមបញ្ចូលនូវជំនាញពហុជំនាញ (Multidisciplinary skills) ដែលមានស្រាប់ ប្រកបដោយយុទ្ធសាស្ត្រ ដើម្បី ជំរុញការលូតលាស់បច្ចេកវិទ្យាបៃតង។

កត្តាវិស័យបច្ចេកវិទ្យានៅក្នុងការអភិវឌ្ឍនវានុវត្តន៍បច្ចេកវិទ្យាបៃតង

ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍព័ត៍មាន គឺជាគន្លឹះសំខាន់ក្នុងការសម្រេច បាននូវនវានុវត្តន៍បច្ចេកវិទ្យាបៃតង ហើយប្រព័ន្ធបច្ចេកវិទ្យាដ៏ល្អមួយ អាចជួយ ជំរុញប្រសិទ្ធភាពនៃបច្ចេកវិទ្យាបៃតងបាន។ ការសិក្សាស្រាវជ្រាវដែលមានស្រាប់ លើផលជះនៃវិស័យបច្ចេកវិទ្យាលើបច្ចេកវិទ្យាបៃតង បានផ្តោតលើទិដ្ឋភាពសំខាន់ៗ ចំនួនបីគឺ៖ សមត្ថភាពនវានុវត្តន៍សង្គម, ធនធានមនុស្សសម្រាប់ការស្រាវជ្រាវ និង អភិវឌ្ឍ (R&D) និងកម្រិតអប់រំរបស់បុគ្គលិក។

សមត្ថភាពនវានុវត្តន៍សង្គម៖ ឆ្លុះបញ្ចាំងពីកម្រិតបច្ចេកវិទ្យានៅតាមតំបន់ផ្សេងៗគ្នា ហើយជាមូលដ្ឋានសម្រាប់សហគ្រាសក្នុងការប្រមូលផ្តុំ និងធ្វើសមាហរណកម្ម ចំណេះដឹង។ សមត្ថភាពនវានុវត្តន៍ដ៏ល្អ អាចជួយកែលម្អប្រសិទ្ធភាពបច្ចេកវិទ្យា បៃតងរបស់សហគ្រាសបាន។

ធនធានមនុស្សសម្រាប់ R&D៖ ការអនុវត្តបច្ចេកវិទ្យាបៃតង មិនត្រឹមតែត្រូវការ ការបញ្ចូលនូវធនធានបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការធនធានមនុស្សដែល ពាក់ព័ន្ធផងដែរ ដែលនេះគឺជាគ្រឹះសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបៃតង។ ការរួម បញ្ចូលគ្នាជាលក្ខណៈវិទ្យាសាស្រ្តរវាងធនធានបច្ចេកទេស និងធនធានមនុស្ស ផ្នែក R&D គឺជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពក្នុងការបង្កើនការអភិវឌ្ឍ។

កម្រិតអប់រំរបស់បុគ្គលិក៖ សហគ្រាសដែលមានបុគ្គលិកកម្រិតអប់រំខ្ពស់ មាន ទំនោរជ្រើសរើសយកបច្ចេកវិទ្យាបៃតងមកដោះស្រាយបញ្ហាបរិស្ថាន ហើយកម្រិត អប់រំបុគ្គលិកខ្ពស់ផ្តល់ឱ្យសហគ្រាសនូវសមត្ថភាពបំប្លែងចំណេះដឹងប្រកបដោយ ប្រសិទ្ធភាព ដែលជួយជំរុញប្រសិទ្ធភាពបច្ចេកវិទ្យាបៃតង របស់សហគ្រាសដោយ ប្រយោល។

កត្តាទីផ្សារ និងកិច្ចសហប្រតិបត្តិការចំពោះការអភិវឌ្ឍបច្ចេកវិទ្យាបៃតង

ការកសាងប្រព័ន្ធបច្ចេកវិទ្យាបៃតង ដែលផ្អែកលើទីផ្សារ គឺជាធាតុផ្សំដ៏សំខាន់ក្នុង ការបង្កើតប្រព័ន្ឋនវានុវត្តន៍ជាតិ។ លើសពីនេះ ភាពបើកចំហ និងការប្រកួតប្រជែង នៃទីផ្សារ ក៏អាចជំរុញការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាបៃតងផងដែរ ការបើក និងផ្តល់នូវវេទិកា ចំហចំពោះពិភពខាងក្រៅអាចជួយពង្រីកវិសាលភាពទីផ្សារ កាន់តែទូលំទូលាយសម្រាប់បច្ចេកវិទ្យាបៃតង។ សកលភាវូបនីយកម្មនៃបច្ចេកវិទ្យា បៃតង ជួយឱ្យក្រុមហ៊ុននានាយល់ដឹងពីតម្រូវការទីផ្សារអន្តរជាតិ និងកែលម្អ លទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាទាំងនោះឱ្យកាន់តែប្រសើរ។

ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងនវានុវត្តន៍ក្នុងបច្ចេកវិទ្យាបៃតង អាចត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអនុវត្តល្អៗ។ ភាព នៅពេលដែល បើកចំហក៏នាំមកនូវការប្រកួតប្រជែងអន្តរជាតិកាន់តែខ្លាំងផងដែរ។ ការប្រកួតប្រជែងទីផ្សារមានភាពស្វិតស្វាញ សហគ្រាសត្រូវបានបង្ខំឱ្យបង្កើន សមត្ថភាពនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួន ដើម្បីសម្របតាមតម្រូវការទីផ្សារ និង បង្កើនសមត្ថភាពប្រកួតប្រជែង។ ហេតុនេះ ការបើកចំហ និងការប្រកួតប្រជែង ទីផ្សារ សុទ្ធតែជះឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍ បច្ចេកវិទ្យាបៃតង។

កត្តាសង្គមមកលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតង

តម្រូវការ “បច្ចេកវិទ្យាបៃតង” របស់សាធារណជន នឹងក្លាយជាកម្លាំងរុញច្រានឱ្យ រដ្ឋាភិបាលអនុវត្តបទប្បញ្ញត្តិបរិស្ថាន និងបង្ខំឱ្យសហគ្រាសនានាអនុវត្តបច្ចេកវិទ្យា បៃតង។ ម្យ៉ាងវិញទៀត ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយ សម្ពាធពីសាធារណជន ក្រុមហ៊ុននានានឹងគិតគូរពីប្រយោជន៍សាធារណៈ រួមទាំង បង្កើនស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់លើបច្ចេកវិទ្យាបៃតង។ ហេតុ ដូច្នេះហើយ កម្រិតនៃការចូលរួមរបស់សាធារណជនកាន់តែខ្ពស់ ប្រសិទ្ធភាពនៃ ការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ក៏កាន់តែខ្ពស់ដូចគ្នា។

កត្តាដើមទុនធម្មជាតិ

ការលូតលាស់នៃបច្ចេកវិទ្យាបៃតង អាចត្រូវបានជំរុញ ឬបង្អាក់ ដោយកត្តាមួយ ចំនួនដូចជា៖ ភាពសម្បូរបែប, កង្វះខាតការប្រើប្រាស់, ការប្រើប្រាស់ខ្លះខ្ជាយ, និងការដាក់ពង្រាយនូវដើមទុនធម្មជាតិ នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ របកគំហើញ សំខាន់មួយនៅក្នុងឯកសារស្រាវជ្រាវស្តីពីតួនាទីរបស់ដើមទុនធម្មជាតិ ក្នុងការ អភិវឌ្ឍបច្ចេកវិទ្យាបៃតង គឺការថយចុះនៃធនធានដែលអាចប្រើប្រាស់បាន (ដែល ឆ្លុះបញ្ចាំងតាមរយៈការឡើងថ្លៃនៃឥន្ធនៈផូស៊ីល) នឹងក្លាយជាកម្លាំងចលករជំរុញ ការវិនិយោគលើថាមពលបៃតង និងដឹកនាំការផ្លាស់ប្តូរទៅកាន់វិស័យបៃតងប្រកប ដោយនវានុវត្តន៍។

ក្នុងទិដ្ឋភាពផ្ទុយមកវិញ វត្តមាននៃដើមទុនធម្មជាតិមួយចំនួន (ដូចជា ពន្លឺព្រះអាទិត្យ ទឹក ខ្យល់ ជាដើម) អាចផ្តល់ឱកាសថ្មីៗសម្រាប់ការជំរុញការលូតលាស់បច្ចេកវិទ្យា បៃតង។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនត្រឹមតែភាពកម្រ ឬភាពសម្បូរបែប នៃធនធានធម្មជាតិប៉ុណ្ណោះទេ ដែលកំណត់ឥទ្ធិពលលើការលូតលាស់បច្ចេកវិទ្យា បៃតង ប៉ុន្តែក៏អាស្រ័យលើវិធីសាស្ត្រនៃការទាញយក និងការប្រើប្រាស់ធនធាន ទាំងនោះផងដែរ៕

អត្ថបទស្រាវជ្រាវ ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា