SDC និងអង្គការទស្សនៈពិភពលោក បន្ត​គាំទ្រផ្នែកថែទាំផ្លូវចិត្តសង្គម និងជំនួយសាច់ប្រាក់ ដល់គ្រួសារភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SDC និងអង្គការទស្សនៈពិភពលោក បន្ត​គាំទ្រផ្នែកថែទាំផ្លូវចិត្តសង្គម និងជំនួយសាច់ប្រាក់ ដល់គ្រួសារភៀសសឹក

SDC និងអង្គការទស្សនៈពិភពលោក បន្ត​គាំទ្រផ្នែកថែទាំផ្លូវចិត្តសង្គម និងជំនួយសាច់ប្រាក់ ដល់គ្រួសារភៀសសឹក

ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនកម្ពុជា-ថៃ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (World Vision) បានគាំទ្រផ្នែកថែទាំផ្លូវចិត្តសង្គម ក៏ដូចជាផ្តល់ជំនួយសាច់ប្រាក់ជិត ៣០ម៉ឺនដុល្លារដល់គ្រួសារភៀសសឹកជាង១ម៉ឺន៤ពាន់នាក់ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

Advertisement

គម្រោងផ្នែកថែទាំផ្លូវចិត្តសង្គម និងជំនួយសាច់ប្រាក់នេះ អនុវត្តរយៈពេល ៦ខែ​គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

យោង​តាម​សេចក្តីប្រកាស​ដែលចេញផ្សាយនៅថ្ងៃនេះ World Vision បាន​ឱ្យ​ដឹងថា តាមរយៈអន្តរាគមន៍មនុស្សធម៌នេះ បានផ្តល់អាទិភាពដល់ជនងាយរងគ្រោះបំផុត រួមមាន ស្ត្រីចំនួនជាង ២ពាន់២រយនាក់ និងកុមារចំនួនជាង ១ម៉ឺន១ពាន់៤រយនាក់ ដែលពួកគេភាគច្រើនរងការប៉ះពាល់ផ្លូវចិត្ត ដែលបណ្តាលមកពីអំពើហិង្សា ការផ្លាស់ទី និងភាពមិនច្បាស់លាស់យូររយៈពេលវែង។ លើសពីនេះ ជនភៀសសឹកចំនួនជាង ១ពាន់៣រយនាក់ បានទទួលជំនួយសាច់ប្រាក់ ក្នុងមួយគ្រួសារចំនួន ១០០ដុល្លារ សម្រាប់បំពេញតម្រូវការចាំបាច់ ដូចជាអាហារ ថ្នាំពេទ្យ និងសម្ភារៈជម្រកជាមូលដ្ឋាន។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោក ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការថែទាំផ្លូវចិត្តសង្គម និងជំនួយជាសាច់ប្រាក់ គឺជាអន្តរាគមន៍សង្គ្រោះជីវិត ហើយមានសារៈសំខាន់ណាស់ក្នុងការជួយគ្រួសារឱ្យចាប់ផ្តើមកសាងជីវិតរបស់ពួកគេឡើងវិញ បន្ទាប់ពីផលប៉ះពាល់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៃជម្លោះព្រំដែន។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ បន្ថែមថា អង្គការទស្សនៈពិភពលោក ស្វាគមន៍ចំពោះការគាំទ្រទាន់ពេលវេលា និងទឹកចិត្តសប្បុរសពីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។

លោក Reto Grueninger ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលប្រចាំនៅកម្ពុជា មានប្រសាសន៍ថា តាមរយៈភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា យើងអាចផ្តល់ជំនួយទាន់ពេលវេលា ផ្តោតលើប្រជាជនដែលដោះស្រាយតម្រូវការបន្ទាន់ និងគាំទ្រសុខុមាលភាពផ្លូវចិត្តសង្គម។ លោក Reto Grueninger បន្តថា វិធីសាស្រ្តនេះ ធានាថាស្ត្រី និងកុមារទទួលបានការការពារ ការថែទាំ និងជំនួយដែលពួកគេត្រូវការ ដើម្បីឆ្លងកាត់ស្ថានភាពលំបាកនេះ។

ជាមួយគ្នានេះ​លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ មានប្រសាសន៍ថា អាទិភាពរបស់យើងគឺធានាថាជំនួយបានទៅដល់អ្នកដែលត្រូវការបំផុត ពោលគឺគ្រួសារដែលមានកូន ចាស់ជរា និងជនមានពិការភាព។ តាមរយៈការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន និងការសម្របសម្រួលយ៉ាងរឹងមាំជាមួយដៃគូ យើងអាចជួយគាំទ្រគ្រួសារភៀសសឹក បានទាន់ពេលវេលា ហើយគោរពសេចក្តីថ្លៃថ្នូររបស់ពួកគេ។

កិច្ចការពារ និងគាំទ្រផ្លូវចិត្តដល់គ្រួសារជនភៀសសឹក ត្រូវបានអនុវត្តក្នុងខេត្តព្រះវិហារ សៀមរាប និងឧត្តរមានជ័យ តាមរយៈកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការ TPO។ ក្នុងនោះ ការជ្រើសរើសគ្រួសារទទួលជំនួយសាច់ប្រាក់ ធ្វើឡើងតាមរយៈកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៌។

របាយការណ៍របស់ក្រសួងមហាផ្ទៃបានបង្ហាញថា គិត​ត្រឹម​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជនភៀសសឹកចំនួន ៩៧ ៨៧៨នាក់ទៀត កំពុងបន្ត​ស្នាក់អាស្រ័យ​តាម​ជំរំនានា ក្នុងនោះស្រ្តីមានចំនួន ៥១ ២៤៨នាក់ និង​កុមារចំនួន ៣១ ២៩៧នាក់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា