កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦ បិទបញ្ចប់នៅកម្ពុជា រកឃើញជ័យលាភី៦ក្រុម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦ បិទបញ្ចប់នៅកម្ពុជា រកឃើញជ័យលាភី៦ក្រុម

កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦ បិទបញ្ចប់នៅកម្ពុជា រកឃើញជ័យលាភី៦ក្រុម

កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបិទបញ្ចប់នៅកម្ពុជា ដោយរកឃើញក្រុមជ័យលាភីមេដាយមាសចំនួន៦ក្រុម ដែលនឹងបន្តចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រកម្រិតពិភពលោក នៅប្រទេសចិននាពេលខាងមុខ។

ការប្រកួតនេះមានក្រុមចូលរួមជាង៩០ក្រុម និងអ្នកប្រកួតជំនាញជិត៣០០នាក់ មកពីប្រទេសចំនួន៨ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រកួតលើ ៣វិញ្ញាសា រួមមាន បច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី ពាណិជ្ជកម្ម និងការអនុវត្តឧបករណ៍ឆ្លាតវៃ។

ក្នុងពិធីបិទ និងប្រគល់រង្វាន់ជ័យលាភី បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរចំពោះការរៀបចំការប្រកួត និងបញ្ជាក់ពីបំណងរបស់ភាគីចិន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ លើវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញការកសាង និងចែករំលែកស្តង់ដារ ឧបករណ៍បរិក្ខារ និងធនធានអប់រំវិជ្ជាជីវៈ ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់យុវជន ក្នុងការអភិវឌ្ឍជំនាញ និងសម្រេចគោលដៅអាជីពរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកការប្រកួតនេះថា មិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាព បច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ លើវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងជំរុញការភ្ជាប់រវាងគ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយសហគ្រាស ដើម្បីធានាថា ការបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។ កម្ពុជាក៏កំពុងអនុវត្តគំរូ «ភាសាចិន + ជំនាញ + ឱកាសការងារ» ដើម្បីជួយយុវជនបង្កើនសមត្ថភាព និងទទួលបានឱកាសការងារដែលស្របតាមស្តង់ដារតំបន់ និងអន្តរជាតិ។

តាមក្រសួងអប់រំ យុវជន និងកីឡា ចំនួនក្រុមបេក្ខជនកម្ពុជាដែលចូលរួមក្នុងការប្រកួតឆ្នាំនេះ បានកើនឡើង១២០% បើធៀបនឹងឆ្នាំមុន។ ក្រសួងចាត់ទុកការកើនឡើងនេះថា ជាសញ្ញាបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងរបស់យុវជនលើការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ។

សម្រាប់ក្រុមជ័យលាភីមេដាយមាសទាំង៦ក្រុម នឹងបន្តចូលរួមប្រកួតក្នុង «វគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦» នៅប្រទេសចិននាពេលខាងមុខ ខណៈគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា