អ្នកនិពន្ធ កំពុងព្រួយបារម្ភពីការប្រើប្រាស់ AI ឱ្យសរសេរស្នាដៃអក្សរសិល្ប៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនិពន្ធ កំពុងព្រួយបារម្ភពីការប្រើប្រាស់ AI ឱ្យសរសេរស្នាដៃអក្សរសិល្ប៍

អ្នកនិពន្ធ កំពុងព្រួយបារម្ភពីការប្រើប្រាស់ AI ឱ្យសរសេរស្នាដៃអក្សរសិល្ប៍

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨​ ដែល​កំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង ក្រុមអ្នកនិពន្ធ បានលើកឡើងពីការព្រួយបារម្ភអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឱ្យតែងនិពន្ធ ឬសរសេរស្នាដៃថ្មីៗ និងអំពាវនាវដល់អ្នកនិពន្ធជំនាន់ក្រោយទាំងអស់ត្រូវគោរពនូវក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍។

អ្នកស្រី លឹម វិរិយា ​ទូតសុច្ឆន្ទៈ មហោស្រពអក្សរសិល្ប៍ខ្មែរ លើកឡើងថា ស្នាដៃតែងនិពន្ធដែលនិពន្ធឡើងដោយអ្នកនិពន្ធ គឺពិតជាមានគុណតម្លៃ និងគោរពទៅតាមក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍។ អ្នកស្រី លឹម វិរិយា​ បន្តថា ស្នាដៃតែងនិពន្ធដែលធ្វើឱ្យអ្នកអានរវើរវាយ ស្រមើស្រមៃ ខុសពីជីវិតពិត គឺជាស្នាដៃដែលខ្វះក្រមសីលធម៌។

ទូតសុច្ឆន្ទៈ លឹម វិរិយា លើកទឹកចិត្តដល់អ្នកដែលមានចំណង់ចំណូលចិត្តលើការតែងនិពន្ធ ត្រូវធ្វើយ៉ាងណាជៀសវាងការប្រើប្រាស់ AI ឱ្យតាក់តែងស្នាដៃជំនួសខ្លួន ព្រោះស្នាដៃដែលបង្កើតដោយ AI ធ្វើឱ្យបាត់បង់មនោសញ្ចេតនារវាងអ្នកនិពន្ធ និងអ្នកអាន។

«ការប្រើ AI ឱ្យតែងនិពន្ធជំនួស គឺអាចចាត់ទុកថា​ជាការលួចចម្លងស្នាដៃរបស់អ្នកដទៃ»

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធ​ បានលើកឡើងថា ក្រមសីលធម៌របស់អ្នកនិពន្ធ គឺសំដៅដល់អ្នកនិពន្ធដែលសរសេរស្នាដៃទាំងឡាយណាដែលមិនធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ លើសពីនេះ អ្នកនិពន្ធ មិនសរសេរស្នាដៃដែលញុះញង់ឱ្យមានការស្អប់ ច្រណែន កាប់សម្លាប់ និងមិនឱ្យអ្នកអានឃ្លាតឆ្ងាយពីការពិត។

លោកបណ្ឌិត សុខ សូត្រ បញ្ជាក់ថា តាមទ្រឹស្ដីទស្សនវិជ្ជាក្រមសីលធម៌ មាន៣រួមមាន ៖ ១. ក្រមសីលធម៌ផ្អែកលើកាតព្វកិច្ច, ២.​ ក្រមសីលធម៌ផ្អែកលើផលវិបាក (មិនធ្វើឱ្យអ្នកអានអណ្ដែតអណ្ដូង) និង ៣. ក្រមសីលធម៌ដែលផ្អែកលើគុណធម៌។

លោកបណ្ឌិត សុខ សូត្រ បានមើលឃើញថា បច្ចុប្បន្ន អ្នកមានទម្លាប់អានកាន់តែតិចទៅៗ ទោះជាអ្នកនិពន្ធបានខិតខំសម្រិតសម្រាំងស្នាដៃរបស់ខ្លួនក៏ដោយ ដូច្នេះចាំបាច់ត្រូវតែរួមគ្នាបន្តទៀត ដើម្បីលើកកម្ពស់អ្នកនិពន្ធ ស្នាដៃតែងនិពន្ធ និងលើកកម្ពស់ការអាននៅកម្ពុជា។

គួរជម្រាបជូនថា​ កម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៨ ឆ្នាំ២០២៦ ធ្វើឡើងចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះអង្គឌួង ទីរួមខេត្តព្រៃវែង៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា