យុវជនខ្មែរ យល់ដឹងច្រើនអំពីពិធីបុណ្យភ្ជុំបិណ្ឌ និងចេះដឹងគុណឪពុកម្ដាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនខ្មែរ យល់ដឹងច្រើនអំពីពិធីបុណ្យភ្ជុំបិណ្ឌ និងចេះដឹងគុណឪពុកម្ដាយ

យុវជនខ្មែរ យល់ដឹងច្រើនអំពីពិធីបុណ្យភ្ជុំបិណ្ឌ និងចេះដឹងគុណឪពុកម្ដាយ

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការទាំង ៧សន្តានដែលបានចែកឋានទៅ។ ជាការកត់សម្គាល់ក្នុងយុគសម័យថ្មីនេះ យុវជនជាច្រើន ដែលសុទ្ធសឹងជាសិស្សានុសិស្ស បានបង្ហាញការយល់ដឹងរបស់ពួកគេអំពីពិធីបុណ្យភ្ជុំបិណ្ឌ ដោយពួកគេយល់ច្បាស់ពីសារសំខាន់របស់ពិធីមួយនេះ ដោយមិនត្រឹមតែទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែចេះធ្វើបុណ្យជាមួយឪពុកម្ដាយ អ្នកមានគុណ និងធ្វើសេចក្ដីល្អជាមួយមនុស្សនៅមានជីវិតផងដែរ។

យុវសិស្ស គឹម វាសនា ជាសិស្សថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប លើកឡើងថា នៅពេលរូបគេឮពាក្យថា «ភ្ជុំបិណ្ឌ» គឺធ្វើឱ្យគេនឹកទៅដល់ស្រុកកំណើតមុនគេ។ វាសនា បន្តថា រាល់ពេលមានពិធីបុណ្យភ្ជុំបិណ្ឌម្ដងៗ តែងតែមានការជួបជុំគ្រួសារ ទៅលេងនៅឯស្រុក ហើយការជួបជុំនេះ គឺជាពេលវេលាមួយដ៏មានតម្លៃសម្រាប់យើងក្នុងការចំណាយពេលជាមួយគ្រួសារ បង្កើតអនុស្សាវរីយ៍ល្អៗ ក៏ដូចជាការរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាម។ លើសពីនេះ ការក្រោកពីព្រលឹម រៀបចំបាយបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិ និងបុព្វការីជនដែលបានចែកឋានទៅ។

យុវសិស្ស គឹម វាសនា ជាសិស្សថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

សិស្សថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប រូបនេះ យល់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដ៏មានតម្លៃ និងជាពេលវេលាមួយដែលមនុស្សគ្រប់រូបអាចបង្ហាញក្ដីស្រឡាញ់ ឬបង្ហាញការតបស្នងសងគុណទៅកាន់អ្នកមានគុណរបស់យើង ក៏ដូចជាបុព្វបុរសរបស់យើង។ វាសនា បន្តថា ការបង្ហាញនេះ ស្ដែងចេញឡើងតាមរយៈសកម្មភាពមួយចំនួនដូចជា ការទៅវត្តអារាម ជួយកិច្ចការឪពុកម្ដាយ គោរពស្រឡាញ់និងស្ដាប់ដំបូន្មានឪពុកម្ដាយ ឬការខិតខំរៀនសូត្រ ដើម្បីឱ្យឪពុកម្ដាយមានមោទនភាពចំពោះយើង។

អំពើល្អទាំងអស់នេះ យើងមិនចាំបាច់ធ្វើតែក្នុងឱកាសបុណ្យភ្ជុំបិណ្ឌទេ គឺយើងអាចធ្វើបានគ្រប់ពេលវេលា»

យុវសិស្ស គឹម វាសនា ក៏បានលើកទឹកចិត្តដល់យុវជនគ្រប់រូប ត្រូវចេះគោរពស្រលាញ់ និងដឹងគុណឪពុកម្ដាយដែលជាអ្នកមានគុណរបស់យើង។

យុវតី រិទ្ធ ច័ន្ទនីការ ជាសិស្សថ្នាក់ទី១១ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

ជាមួយគ្នានេះ យុវតី រិទ្ធ ច័ន្ទនីការ ជាសិស្សថ្នាក់ទី១១ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប លើកឡើងដែរថា នៅពេលឮពាក្យថា «ភ្ជុំបិណ្ឌ» គឺធ្វើឱ្យគេនឹកទៅដល់ពេលវេលាជួបជុំគ្រួសារ គឺជាពេលវេលាដ៏មានតម្លៃមួយដែលយើងបានជួបជុំឪពុកម្ដាយ បងប្អូន និងរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាម ជាពិសេសឃើញមានការស្លៀកសម្លៀកបំពាក់អាវប៉ាក់ ​ហូលផាមួង ជាដើម។

យុវតី រិទ្ធ ច័ន្ទនីការ យល់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយរបស់ដូនតាខ្មែរ និងបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ក៏ដូចជាផ្ដល់ឱកាសដល់យើងដើម្បីបង្ហាញពីការដឹងគុណទៅដល់ដូនតាខ្មែរផងដែរ។ ច័ន្ទនីការ បន្តថា ក្រៅពីការទៅវត្តអារាមក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ រូបគេតែងតែជួយធ្វើកិច្ចការផ្ទះឪពុកម្ដាយ សម្អាតផ្ទះសម្បែងឱ្យបានស្អាត ក៏ដូចជាជូនថវិកាដល់លោកយាយជាដើម។ ច័ន្ទនីការ យល់ថា ការធ្វើបុណ្យ ឬធ្វើសេចក្ដីល្អជាមួយអ្នកដែលកំពុងមានជីវិតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ គឺពិតជាសំខាន់ព្រោះជាការធ្វើបុណ្យទាន់ខែភ្លឺ ដោយយើងក៏ត្រូវធ្វើបុណ្យជាមួយអ្នកមានគុណដែលកំពុងមានជីវិតរស់នៅជាមួយយើង ដើម្បីកុំឱ្យមានការសោកស្ដាយទៅថ្ងៃក្រោយ។

យុវតី រិទ្ធ ច័ន្ទនីការ ក៏បានរំលឹកដល់យុវជនទាំងអស់ថា ប្រសិនបើមានឪពុកម្ដាយ ឬអ្នកមានគុណនៅមានជីវិត គួរខិតខំធ្វើអំពើល្អជាមួយពួកគាត់ឱ្យបានច្រើន ដើម្បីជៀសវាងការសោកស្ដាយដោយសារពុំបានធ្វើសេចក្ដីល្អជាមួយគាត់កាលដែលគាត់នៅរស់។

យុវតី កែវ ចាន់ចរិយា ជាសិស្សថ្នាក់ទី១១ នៃសាលារៀនប៊ែលធី អន្តរជាតិ

យុវតី កែវ ចាន់ចរិយា ជាសិស្សថ្នាក់ទី១១ នៃសាលារៀនប៊ែលធី អន្តរជាតិ បន្ថែមផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាទំនៀមទម្លាប់មួយរបស់ប្រជាជនខ្មែរដែលមានតាំងពីសម័យបុរាណមក ហើយជាវប្បធម៌មួយរបស់ខ្មែរ ដែលអាចឱ្យយើងមកធ្វើបុណ្យ ធ្វើទាន ប្រកបដោយសទ្ធាជ្រះថ្លា។ ចាន់ចរិយា បន្តថា ក្នុងរដូវភ្ជុំបិណ្ឌ យើងក៏ត្រូវចេះធ្វើបុណ្យជាមួយអ្នកដែលនៅរស់រានមានជីវិត ជាពិសេសអ្នកមានគុណរបស់យើង។

លោកអាចារ្យ ចក់ យុម

សម្រាប់លោកអាចារ្យ ចក់ យុម មានប្រសាសន៍ថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោកសង្កេតឃើញថា មានយុវជន សិស្សានុសិស្ស មកវត្តធ្វើបុណ្យច្រើន ដែលនេះបង្ហាញពីការយល់ដឹងរបស់ពួកគេចំពោះសារៈសំខាន់ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ លោកអាចារ្យ ចក់ យុម បន្តថា យុវជនបច្ចុប្បន្ន ហាក់មានការយល់ដឹងច្រើនណាស់អំពីអត្ថន័យនៃពិធីបុណ្យភ្ជុំបិណ្ឌ ស្គាល់ពីរបៀបរបបធ្វើបុណ្យ ការស្លៀកពាក់មកវត្តអារាមមានលក្ខណៈល្អប្រពៃ សមរម្យតាមប្រពៃណីខ្មែរ ទាំងបុរស ទាំងស្ត្រី។

គួរជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា