ឡេង រក្សា ម្ចាស់ជ័យលាភីលេខ១ សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ប្រចាំស្រុកព្រៃឈរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឡេង រក្សា ម្ចាស់ជ័យលាភីលេខ១ សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ប្រចាំស្រុកព្រៃឈរ

ឡេង រក្សា ម្ចាស់ជ័យលាភីលេខ១ សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ប្រចាំស្រុកព្រៃឈរ

យុវជន ឡេង រក្សា បច្ចុប្បន្នជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានក្លាយជាម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម «ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។

Advertisement

យុវជន ឡេង រក្សា បានបង្ហាញអារម្មណ៍ថា រូបគេពិតជាមានអារម្មណ៍រំភើបរីករាយជាទីបំផុត ព្រោះមិននឹកស្មានដល់ថាអាចយកឈ្នះលើបេក្ខជនផ្សេងៗបាន ប៉ុន្តែទីបំផុតអាចសម្រេចបាននូវអ្វីដែលបានប៉ងតាំងពីដើមឆ្នាំដំបូងនៃថ្នាក់ទី១០។

រក្សា និយាយថា ការដាក់ពាក្យចូលរួមប្រកួតកម្មវិធីនេះ ខ្លួន​បានគិតទុកជាមុនថា ការប្រកួតនេះវានឹងផ្ដល់ឱកាសជាច្រើន ដូច្នេះរូបគេបានប្ដេជ្ញាខិតខំចូលរួម ជំនះគ្រប់ឧបសគ្គ ដើម្បីសម្រេចនូវគោលដៅ។ យុវជន ឡេង រក្សា បញ្ជាក់ថា ការប្រកួតសិស្សឆ្នើមថ្នាក់ទី១០នេះ គឺផ្ដោតសំខាន់លើមុខវិជ្ជាចំនួន៤ រួមមាន គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្តខ្មែរ និង ប្រវត្តិវិទ្យា ហើយ​កត្តាដែលជំរុញឱ្យរូបគេជាប់ជ័យលាភីលេខ១ គឺដោយសារការខិតខំប្រឹងប្រែងរក្សាបាននូវ តុល្យភាពស្មើគ្នារវាងមុខវិជ្ជាទាំង៤នេះ។

យុវជន ឡេង រក្សា ម្ចាស់ជ័យលាភីលេខ១ សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម

សម្រាប់ការចូលរួមប្រកួតនេះ រក្សា ក៏បានជួបការលំបាកមួយចំនួនដែរ ដូចជាការបែងចែកពេលវេលារវាងការប្រឡងប្រចាំខែ និងប្រចាំឆ្នាំ ប៉ុន្តែ រក្សា បានជំនះបញ្ហានេះដោយការរៀនផង សម្រាកផង ដូចជា ពិភាក្សាជាមួយមិត្តភក្ដិ ស្ដាប់តន្រ្តី និងមើលវីដេអូសិស្សច្បងនិទ្ទេស A ដើម្បីបណ្ដុះទឹកចិត្ត។

«ពីមុនខ្ញុំធ្លាប់លេងហ្គេមដែរ តែពេលត្រៀមប្រឡងកម្មវិធីនេះ ខ្ញុំបានបោះបង់ចោលការលេងហ្គេម និងប្ដេជ្ញាចិត្តខ្លាំងដើម្បីទទួលបានជ័យលាភីមួយនេះ»។

ក្នុងកិច្ចសម្ភាសន៍​ជាមួយ AMS Education យុវជន ឡេង រក្សា ក៏បានចែករំលែកនូវគន្លឹះសំខាន់ៗ ដែលជំរុញឱ្យរូបគេ​ទទួលបានលទ្ធផលល្អ ដែល​រួមមាន ទី១ ការខិតខំដោយខ្លួនឯង រក្សា​ និយាយថា ភាពជោគជ័យវាមិនអាចកើតឡើងដោយឯកឯងបានទេ ចាំបាច់យើងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីឈ្មោះទៅរកវា ទើបធ្វើឱ្យយើងទទួលបាននូវភាពជោគជ័យ, ទី២ រៀនសព្វសារពើ ដោយ​មិនត្រឹមតែរៀននៅសាលាទេ គឺចាំបាច់ត្រូវ រៀនស្វ័យសិក្សានៅផ្ទះបន្ថែម, ទី៣ សម្រាប់មុខវិជ្ជាគណិតវិទ្យា ត្រូវ​ខិតខំស្រាវជ្រាវតាមឯកសារ តាមបណ្ដាញសង្គម និងសួរលោកគ្រូ អ្នកគ្រូ នៅពេលមិនយល់, ទី៤ សម្រាប់មុខវិទ្យារូបវិទ្យា ពេល​ទទួលបានឯកសារពីលោកគ្រូ អ្នកគ្រូ ហើយព្យាយាម អនុវត្តដោយខ្លួនឯង ជាជាងចាំតែរៀននៅសាលា។ ការរៀនខ្លួនឯងជួយឱ្យដឹងថា ខ្លួនពូកែ និងខ្សោយផ្នែកណា ដើម្បីពង្រឹងបន្ថែម និង ទី៥ មុខវិជ្ជាប្រវត្តិវិទ្យា គឺជាមុខវិជ្ជាទូលំទូលាយ ដូច្នេះត្រូវអានឱ្យបានច្រើន (ចាប់ពីថ្នាក់ទី៩ ដល់ទី១២) មិនចាំបាច់ទន្ទេញចាំមាត់ទេ តែត្រូវសង្ខេបយកគន្លឹះសំខាន់ៗ ដោយនឹកស្រមៃរូបភាពព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ។

សូមជំរាបថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីចូលកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ។

ក្នុងនាម​ជាម្ចាស់ជ័យលាភីលេខ១ សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម យុវជន ឡេង រក្សា ទទួលបានរង្វាន់ម៉ូតូ Honda Dream 125 មួយគ្រឿង និងថវិកា ១លានរៀលផងដែរ។ កម្មវិធីប្រកួតសិស្សឆ្នើម​ថ្នាក់ទី១០ មិនត្រឹមតែផ្ដល់ជ័យលាភីទេ តែបានបង្រៀនឱ្យ យុវជន ឡេង រក្សា ចេះអត់ធ្មត់ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីឆ្ពោះទៅរកអ្វីដែលចង់បាន និងធ្វើឱ្យឪពុកម្ដាយមានមោទនភាពចំពោះខ្លួន។ សម្រាប់ពេលអនាគត យុវជន រក្សា បានប្តេជ្ញានឹងខិតខំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីទទួលបាន និទ្ទេស A នៅថ្នាក់ទី១២ និងចង់ប្រឡងជាប់ជាសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា