សហគមន៍សង្ឃរុក្ខវ័នមានអនុផលព្រៃឈើយ៉ាងសម្បូរបែប និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍សង្ឃរុក្ខវ័នមានអនុផលព្រៃឈើយ៉ាងសម្បូរបែប និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ

សហគមន៍សង្ឃរុក្ខវ័នមានអនុផលព្រៃឈើយ៉ាងសម្បូរបែប និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ

ឧត្តរមានជ័យ៖ព្រៃសហគមន៍សង្ឃរុក្ខវ័នស្ថិតក្នុង ខេត្តឧត្តរមានជ័យ គឺជាតំបន់អភិរក្សដ៏សំខាន់មួយ ដែលមានអនុផលព្រៃឈើ យ៉ាងសម្បូរបែប ផ្ដល់ប្រយោជន៍ដល់ជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។ ព្រៃសហគមន៍នេះមានទំហំ៣០.២៥៦ហិកតា ដែលលាតសន្ធឹងក្នុងក្រុង ស្រុកចំនួន៣ រួមមាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

Advertisement

ព្រៃសហគមន៍សង្ឃរុក្ខវ័នស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រភាគឦសាន នៃក្រុងសំរោងខេត្តឧត្តរមានជ័យ ។ក្រៅពីសម្បូរទៅដោយរុក្ខជាតិតូចធំជាច្រើនប្រភេទ ទីនេះក៏ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ជីវចម្រុះ ជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលផងដែរ។

ព្រៃសហគមន៍សង្ឃរុក្ខវ័ន ត្រូវបានបែងចែកជាតំបន់ផ្ទៃទឹក ផ្ទៃដីគោក។ចំពោះផ្ទៃដីគោកត្រូវបានបែងចែកព្រៃ៤ ប្រភេទ ក្នុងនេះ គឺតំបន់ ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ព្រៃរបោះនិងព្រៃបៃតងជាដើម។ព្រៃទាំងនេះហើយបានក្លាយជម្រកសត្វព្រៃ រួមមាន ទាំងសត្វព្រៃកម្រ សត្វស្លាប ត្រីដ៏សម្បូរបែប។ជាងនេះទៅទៀតដើមឈើព្រៃហូបផ្លែ ទឹកឃ្មុំ ផ្សិត និងរុក្ខជាតិមួយចំនួនទៀតដែលពលរដ្ឋអាចដកហូតមកកែច្នៃជារបស់ប្រើប្រាស់ ហូបចុក និងលក់ដូរ ជាប្រភពចំណូលដ៏សំខាន់ដល់ប្រជាសហគមន៍ផងដែរ ។

   ព្រះតេជគុណ ថូ ធូរស់ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន បានមានសង្ឃដីការឱ្យដឹងថា តំបន់នេះមានមានព្រៃឈើតូចធំ ។ពិសេសបច្ចុប្បន្នមានដើមឈើមុខកាត់រហូតដល់២ម៉ែត្រទៀតផង។សម្រាប់ផ្លែឈើហូបផ្លែវិញក៏សម្បូរបែបដែរមានដូចជា ផ្លែភ្ញៀវ ផ្លែគុយ និងផ្លែសិរមាន់ក៏សម្បូរដែរ។ក្រៅពីនេះក៏មានសត្វកម្រច្រើនប្រភេទលើកលែងតែដំរី  គឺមានសត្វខ្លាតែជាប្រភេទខ្លាតូចៗ។ក្រៅពីនេះក៏មានសត្វទន្សោង សត្វប្រើសជាច្រើនក្បាល។

 ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន្ត ព្រះតេជគុណ ថូ ធូរស់ បានឱ្យដឹងដែរថានៅសហគមន៍នេះមានអាងទំនប់ទឹកមួយកន្លែងមានឈ្មោះថា អាងស្ទឹងត្រែង២នោះក៏សម្បូរដោយត្រី។គ្រាន់តែចំណូលពី ត្រី ផ្សិត ទឹកឃ្មុំ ផ្លែឈើព្រៃ ជ័រទឹកជាដើម ក្នុងមួយឆ្នាំៗប្រជាសហគមន៍អាចរកចំណូលមិនក្រោមលានដុល្លារទេ។បច្ចុប្បន្នសមាជិកសហគមន៍មានចំនួនសរុប៧ភូមិ។

សហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន រយៈពេល២៥ឆ្នាំមកនេះបានត្រូវព្រះតេជគុណ ថូ ធូរស់ ឱ្យដឹងថា អាចរក្សាបានទាំងព្រៃឈើ សត្វព្រៃ គឺជាការខិតខំរួមទាំងសហគមន៍ ទាំងអាជ្ញាធរមូលដ្ឋាន និងដៃគូ។ជាមួយគ្នាសហគមន៍ប្តេជ្ញាចិត្តថែរក្សាទំហំផ្ទៃដីតំបន់អភិរក្សទាំងនេះឱ្យខានតែបានដើម្បីកូនចៅជំនាន់ក្រោយបន្ថែមទៀត។

ព្រះតេជគុណ ថូ ធូរស់ មានសង្ឃដីការបន្ថែមថា តទៅថ្ងៃខាងមុខ អាត្មាភាពសង្ឃឹមជឿជាក់ថាសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ននឹងក្លាយជាបេះដូងនៃខេត្តឧត្តរមានជ័យ។សហគមន៍នេះស្ថិតនៅចំកណ្តាលខេត្ត ម្ល៉ោះហើយងាយនឹងស្រូវទាញទេសចរឱ្យចូលមកកម្សាន្ត ព្រោះទីនេះសម្បូរធនធានធម្មជាតិ សត្វព្រៃ ទេសភាពព្រៃភ្នំ ដែលជាកន្លែងទេសចរណ៍មិនចេះរីងស្ងួត។
គួរជម្រាបថា ព្រៃសង្ឃរុក្ខវ័ន មានផ្ទៃដីធំ ដូចនេះការល្បាតនិងកិច្ចការពារសត្វព្រៃជារឿងចាំបាច់។ទោះបីយ៉ាងណាបទល្មើសខ្លះៗតែងកើតមាន តែក៏មិនច្រើនដែរ។

មុននេះដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន មានអតីតព្រះសង្ឃ ១ អង្គ ព្រះនាម ប៊ុន សាលួត បានផ្ដួចផ្ដើមកិច្ចការពារនៅឆ្នាំ ២០០១ ។ ព្រៃសហគមន៍នេះ ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ និងសម្រេចបង្កើតឡើងជាដែនជម្រកសត្វព្រៃនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា