ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវច្បាប់លើកដំបូងបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងឧបករណ៍ប្រភេទនេះ។

Advertisement

យោងតាមសារព័ត៌មាន The Korea Herald ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីខែឧសភា កន្លងទៅ នៅពេលកំពុងប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិលើជំនាញវិស្វករប្រព័ន្ធបង្ការអគ្គិភ័យ នៅក្នុងទីក្រុង Gwangju។ អនុរក្សម្នាក់បានកើតការសង្ស័យ បន្ទាប់ពីបានកត់សម្គាល់ឃើញចំណាំងផ្លាតខុសប្រក្រតីនៅលើកញ្ចក់វ៉ែនតារបស់បេក្ខជនរូបនោះ។

នៅពេលស៊ើបអង្កេត បុរសវ័យ ៤០ឆ្នាំរូបនេះ បានសារភាពថា ខ្លួនពិតជាបានលួចចម្លងមែន។ លោកបានប្រាប់អាជ្ញាធរថា ខ្លួនបានបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ផ្ទាល់ខ្លួនមួយ ដែលភ្ជាប់ទៅនឹងវ៉ែនតាឆ្លាតវៃ ដើម្បីផ្ដល់ចម្លើយដែលត្រឹមត្រូវដល់រូបលោកក្នុងពេលប្រឡង។

ក្រៅពីករណីនេះ Korea JoongAng Daily បានឱ្យដឹងថា បុរស ២ នាក់ផ្សេងទៀត មានអាយុខ្ទង់ ២០ ឆ្នាំ ក៏ត្រូវបានបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ផងដែរ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់វិធីសាស្ត្រដូចគ្នានេះ ក្នុងការប្រឡងថ្នាក់ជាតិចំនួន ២ ដាច់ដោយឡែគ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងសេអ៊ូល និងទីក្រុង Mokpo ក្នុងខែដដែលនេះ។

ការប្រើប្រាស់វ៉ែនតាឆ្លាតវៃជាមួយនឹងបច្ចេកវិទ្យា AI ក្នុងផ្លូវខុស ក៏បានកើតឡើងនៅក្នុងការប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេស TOEIC របស់ប្រទេសកូរ៉េខាងត្បូងផងដែរ ដោយបានរកឃើញចំនួន ២ ករណី នៅក្នុងខែឧសភា និង ១ ករណីទៀតនៅក្នុងខែមិថុនា។

ដើម្បីឆ្លើយតបទៅនឹងនិន្នាការដែលកំពុងកើនឡើងនេះ តំណាងមកពីទីភ្នាក់ងារនានាដែលទទួលខុសត្រូវលើការរៀបចំការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិធំៗ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី ១០ ខែកក្កដា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតប។

បច្ចុប្បន្ន ក្រុមមន្ត្រីកំពុងពិចារណាបន្ថែមវ៉ែនតាឆ្លាតវៃ AI ចូលជាវត្ថុដែលហាមយកចូលបន្ទប់ប្រឡងដាច់ខាត និងពង្រឹងទណ្ឌកម្មចំពោះបេក្ខជនណាដែលលួចចម្លង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា