ដល់សម័យ AI យុវជនចិននិយមប្រើ "គ្រូទាយ AI" ដើម្បីរំសាយសម្ពាធជីវិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដល់សម័យ AI យុវជនចិននិយមប្រើ "គ្រូទាយ AI" ដើម្បីរំសាយសម្ពាធជីវិត

ដល់សម័យ AI យុវជនចិននិយមប្រើ "គ្រូទាយ AI" ដើម្បីរំសាយសម្ពាធជីវិត

យុវជនចិនបានប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ជាគ្រូទស្សន៍ទាយជោគវាសនា ដើម្បីរំសាយអារម្មណ៍ ស្របពេលដែលសម្ពាធពីការសិក្សា ការងារ និងទំនាក់ទំនងកើនឡើង។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី១១ ខែឧសភា។

Advertisement

យុវជនចិនកំពុងងាកទៅរកបញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើនឡើង ដើម្បីទស្សន៍ទាយ ដោយពួកគេយល់ថា AI មានតម្លៃថោកជាង លឿនជាង និងមានប្រសិទ្ធភាពស្មើនឹងគ្រូទាយដែលជាមនុស្ស។

នៅលើបណ្តាញសង្គមរបស់ចិន Hashtag #deepseeksuanming ឬមានន័យថា “ការទស្សន៍ទាយតាមរយៈ DeepSeek” មានអ្នកចូលមើលលើសពី ៥៥ លានដង ដោយ DeepSeek នេះគឺជាម៉ូដែល AI របស់ចិនដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៣។

អ្នកប្រើប្រាស់ជាច្រើនបានឱ្យដឹងថា ការទស្សន៍ទាយតាម AI បានក្លាយជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ជាទូទៅ ពួកគេសាកសួរអំពីឱកាសការងារ និងជីវិតស្នេហា ជាសំណួរទូទៅដែលពួកគេធ្លាប់សួរទៅកាន់គ្រូទាយជាមនុស្សនាពេលកន្លងមក។

ខណៈគ្រូទាយជាមនុស្សជាទូទៅមានក្បួនតម្រា ឬចេះទស្សន៍ទាយតែមួយវិធី AI អាចដើរតួជាហោរដែលចេះច្រើនវិធី មិនថាជាការទស្សន៍ទាយបែបតារាសាស្ត្រចិន (Purple Star System) ដែលទស្សន៍ទាយជីវិតមនុស្សផ្អែកលើម៉ោងកំណើត ការទស្សន៍ទាយតាមបៀរ Tarot របស់លោកខាងលិច និងការទស្សន៍ទាយដោយមើលលើបាតដៃ ឬទម្រង់មុខតាមរយៈរូបថតជាដើម។

អ្នកប្រើប្រាស់ខ្លះសុខចិត្តបង់ប្រាក់ឱ្យ AI ដើម្បីមើលរាសីរបស់ខ្លួនក្នុងតម្លៃផ្សេងៗគ្នា ដោយបុគ្គលម្នាក់បានបង់ប្រាក់ចំនួន ៦០ យន់ ឬប្រហែល ៩ ដុល្លារអាមេរិក និងបុគ្គលម្នាក់ទៀតបានបង់ប្រាក់ ៩០ យន់ ឬប្រមាណ ១៣ ដុល្លារអាមេរិក។

អ្នកប្រើប្រាស់មួយចំនួនបានប្រាប់ថា ពួកគេមិនបានផ្ដោតថា ការទស្សន៍ទាយនោះត្រូវបានបង្កើតឡើងដោយ AI ឬយ៉ាងណាទេ តែមូលហេតុចម្បងនៃការប្រើប្រាស់ AI នេះ គឺដោយសារវាមានតម្លៃសមរម្យ រហ័ស និងមានភាពត្រឹមត្រូវប្រហាក់ប្រហែលនឹងការទស្សន៍ទាយពីហោរដែលជាមនុស្ស។

យ៉ាងណាមិញ និន្នាការនេះមានមតិចម្រុះគ្នា។ អ្នកខ្លះលើកឡើងថា ការទស្សន៍ទាយរបស់ AI អាចមានលក្ខណៈទូទៅ និងស្រពេចស្រពិល ដោយប្រៀបធៀបវាទៅនឹងការបោកប្រាស់។ អ្នកខ្លះទៀតបានបង្ហាញការព្រួយបារម្ភថា លទ្ធផលទស្សន៍ទាយរបស់ AI អាចនឹងខុសគ្នាខ្លាំង នៅពេលសួរសំណួរដដែលម្ដងទៀត។

អ្នកប្រើប្រាស់ម្នាក់បានបញ្ចេញមតិថា៖ “ការទស្សន៍ទាយ មិនថាដោយមនុស្ស ឬ AI ទេ សុទ្ធតែដូចជាការបញ្ចុះបញ្ចូលលក់ផលិតផលអ៊ីចឹង។ កាលណាអ្នកកាន់តែចង់ជឿ សម្ដីនោះកាន់តែមើលទៅគួរឱ្យជឿជាក់”។

អ្នកប្រើប្រាស់ម្នាក់ទៀតបាននិយាយថា៖ “ខ្ញុំដឹងថាវាមិនត្រឹមត្រូវទាំងស្រុងទេ ប៉ុន្តែវាផ្តល់ឱ្យខ្ញុំនូវអារម្មណ៍នឹងធឹង និងសុវត្ថិភាព”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំយកជំនឿដូចជា ការទស្សន៍ទាយ ឬការបន់ស្រន់តាមវិហារ មកជាសកម្មភាពឌីជីថល កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវជនចិន។ យោងតាមរបាយការណ៍ពី iiMedia Research គិតត្រឹមឆ្នាំ ២០២៤ ទីផ្សារនៃ “វិទ្យាសាស្ត្រអាថ៌កំបាំង AI” (AI Xuanxue) មានតម្លៃដល់ទៅ ១២ ប៊ីលានយន់ ប្រមាណ ១.៨ ប៊ីលានដុល្លារអាមេរិក ដោយមានកំណើនជាង ៤០ ភាគរយជារៀងរាល់ឆ្នាំ។ ក្នុងនោះ ៧០ ភាគរយនៃអ្នកប្រើប្រាស់មានអាយុចន្លោះពី ១៨ ដល់ ៣០ ឆ្នាំ។

សម្រាប់មនុស្សជាច្រើន ការពឹងផ្អែកលើជំនឿទាំងនេះគឺជាមធ្យោបាយគេចចេញពីសម្ពាធដែលកាន់តែកើនឡើង មិនថាពីការសិក្សា ការងារ និងជីវិតអាពាហ៍ពិពាហ៍ ក្នុងសង្គមសម័យថ្មី៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា