ធ្លាប់តែត្រូវគេសើចចំអកព្រោះចង់ធ្វើតារាខេប៉ុប Ejae ឡើងទទួលពាន Oscar ដោយមោទកភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្លាប់តែត្រូវគេសើចចំអកព្រោះចង់ធ្វើតារាខេប៉ុប Ejae ឡើងទទួលពាន Oscar ដោយមោទកភាព

ធ្លាប់តែត្រូវគេសើចចំអកព្រោះចង់ធ្វើតារាខេប៉ុប Ejae ឡើងទទួលពាន Oscar ដោយមោទកភាព

Ejae ឡើងទទួលពានរង្វាន់ទាំងទឹកភ្នែក ខណៈខ្សែភាពយន្តគំនូរជីវចល KPop Demon Hunters ដណ្តើមបានពានរង្វាន់ ខ្សែភាពយន្តគំនូរជីវចលឆ្នើម និងបទចម្រៀងដើមឆ្នើម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី៩៨ នៅទីក្រុង Los Angeles កាលពីថ្ងៃទី១៥ ខែមីនានេះ។

Advertisement

ប្រកួតប្រជែងក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscar រឿង KPop Demon Hunters បានយកឈ្នះគូប្រជែងដូចជា “Arco” “Little Amelie or the Character of Rain” រួមជាមួយនឹងភាពយន្តរបស់ Disney ២ ចំណងជើង គឺ “Elio” និង “Zootopia 2” ក្លាយជា “ខ្សែភាពយន្តគំនូរជីវចលឆ្នើម”។

ស្របពេលដែលក្នុងផ្នែកបទចម្រៀងវិញ បទ Golden ដែលជាចម្រៀងពីរឿងនេះ ក៏បានយកឈ្នះបទចម្រៀងពីភាពយន្តរឿង “Diane Warren: Relentless”, “Sinners” “Viva Verdi!” និង “Train Dreams” ជា “បទចម្រៀងដើមឆ្នើម” ផងដែរ។

ក្នុងឱកាសឡើងទទួលពានរង្វាន់ Ejae ដែលជាអ្នកចម្រៀង និងជាអ្នកនៅពីក្រោយការនិពន្ធបទ Golden បាននិយាយដោយមោទកភាពថា៖ “កាលពីនៅក្មេង មនុស្សម្នាបានសើចចំអកឱ្យខ្ញុំដែលចូលចិត្ត K-pop។ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាកំពុងច្រៀងបទរបស់យើង ហើយច្រៀងជាភាសាកូរ៉េទាំងអស់ទៀតផង។ ខ្ញុំមានមោទនភាពណាស់។ ខ្ញុំដឹងថាពានរង្វាន់នេះមិនមែនគ្រាន់តែអំពីភាពជោគជ័យនេះនោះទេ ប៉ុន្តែវាគឺជាការតស៊ូមិនបោះបង់”។

ការឈ្នះពានរង្វាន់ Oscar នេះ ជាជោគជ័យមួយបន្ថែមទៀតរបស់ខ្សែភាពយន្តគំនូរជីវចលរបស់ Netflix ដែលបំផុសគំនិតពីវប្បធម៌កូរ៉េ បន្ទាប់ពីរឿងនេះបានឈ្នះពានរង្វាន់ Golden Globes កាលពីខែមករា និងពានរង្វាន់ Grammy កាលពីខែកុម្ភៈ កន្លងទៅ។

សហដឹកនាំដោយអ្នកដឹកនាំរឿងជនជាតិកូរ៉េ-កាណាដា លោកស្រី Maggie Kang ភាពយន្តនេះ និយាយពីក្រុមខេប៉ុប Huntrix មានសមាជិក ៣នាក់ Rumi Mira និង Zoey ដែលពួកគេមានតួនាទីសម្ងាត់ក្នុងការការពារពិភពលោកពីវិញ្ញាណអាក្រក់ដែលស្រូបយកព្រលឹងមនុស្ស។

នៅពេលឡើងទទួលពានរង្វាន់ “ខ្សែភាពយន្តគំនូរជីវចលឆ្នើម” Maggie Kang បានសម្តែងនូវមោទកភាពក្នុងការបង្កើតភាពយន្តដែលតំណាងឱ្យជនជាតិកូរ៉េថា៖ “សូមអរគុណដល់ Academy និងអ្នកគាំទ្រទាំងអស់ដែលបាននាំយើងមកដល់ចំណុចនេះ និងសម្រាប់អ្នកទាំងអស់គ្នាដែលមានរូបរាងដូចជាខ្ញុំ (ជនជាតិកូរ៉េ)”។

Maggie Kang បាន​បន្ត​ទៀត​ថា “ខ្ញុំមានការសោកស្តាយដែលខ្ញុំចំណាយពេលយូរណាស់ ទម្រាំតែយើង (ជនជាតិកូរ៉េ) អាចឃើញខ្លួនឯងនៅក្នុងភាពយន្តលំដាប់នេះ។ ប៉ុន្តែពេលនេះ យើងអាចធ្វើវាបានហើយ។ នេះមានន័យថា ក្មេងជំនាន់ក្រោយមិនចាំបាច់រង់ចាំឱកាសនេះទៀតទេ។ ភាពយន្តនេះ គឺសម្រាប់ប្រទេសកូរ៉េ និងជនជាតិកូរ៉េនៅគ្រប់ទីកន្លែង”

ឥទ្ធិពលរបស់ KPop Demon Hunters មិនត្រឹមតែបានរីកសាយភាយលើអេក្រង់ជាមួយនឹងការចូលទស្សនាជាង ៥០០ លានដងប៉ុណ្ណោះទេ តែភាពយន្តនេះក៏បានជួយបង្កើនចំនួនអ្នកចូលទស្សនាសារមន្ទីរជាតិកូរ៉េ និងបង្កើនទេសចរណ៍ទៅកាន់ទីតាំងសំខាន់ៗក្នុងទីក្រុងសេអ៊ូលដែលបានបង្ហាញក្នុងរឿងនេះផងដែរ។

ទន្ទឹមគ្នានេះ កាលពីថ្ងៃទី ១៣ ខែមីនា កន្លងទៅ Netflix បានប្រកាសថា ខ្លួននឹងផលិតវគ្គបន្តនៃខ្សែភាពយន្តគំនូរជីវចលនេះ ក្រោមការដឹកនាំរបស់ Maggie Kang និង Chris Appelhans ដូចដើម។ ក្នុងគ្រាន់តែមួយនេះ Maggie Kang បានបង្ហើបថា៖ “ក្នុងពិភព​លោកដែលយើងបានបង្កើតឡើងនេះ វានៅសល់រឿងរ៉ាវជាច្រើនទៀតដែលមិនទាន់បាននិយាយ ហើយខ្ញុំពិតជារំភើបក្នុងការបង្ហាញវាដល់អ្នកទាំងអស់គ្នា។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា