ENHYPEN បញ្ចេញសំណេរក្ដុកក្ដួល ក្រោយ Heeseung ចាកចេញពីក្រុម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ENHYPEN បញ្ចេញសំណេរក្ដុកក្ដួល ក្រោយ Heeseung ចាកចេញពីក្រុម

ENHYPEN បញ្ចេញសំណេរក្ដុកក្ដួល ក្រោយ Heeseung ចាកចេញពីក្រុម

បន្ទាប់ពី Heeseung សម្រេចចិត្តចាកចេញពីក្រុម ENHYPEN បានចែករំលែកសំណេរក្ដុកក្ដួលក្រោយរួមវិថីជាមួយគ្នាអស់ពេល ៦ឆ្នាំ ខណៈសមាជិកដែលនៅសល់ទាំង ៦នាក់នៅតែបង្ហាញជំហរមិនឱ្យក្រុមអ្នកគាំទ្រ ENGENE ខកបំណង។

Advertisement

នាថ្ងៃទី ១១ ខែមីនា ENHYPEN បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖ “អ្នករាល់គ្នាប្រាកដជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការប្រកាសនេះ។ រឿងដំបូងដែលពួកយើងបារម្ភបំផុត គឺអារម្មណ៍របស់ក្រុមអ្នកគាំទ្រ ENGENE។ ដោយសារតែ ENHYPEN តែងតែមានវត្តមានឡើងដើម្បី ENGENE ការដែលឃើញអ្នកគាំទ្រមានការព្រួយបារម្ភ និងឈឺចាប់ គឺជាអ្វីដែលធ្វើឱ្យពួកយើងឈឺចាប់បំផុត”។

ពាក់ព័ន្ធនឹងការសម្រេចចិត្តចាកចេញរបស់ Heeseung សមាជិកក្នុងក្រុមបានសម្តែងការគាំទ្រដោយលើកឡើងថា៖ “ពេលវេលាដែលពួកយើងបានចំណាយជាមួយគ្នា រហូតមកដល់ពេលនេះ គឺមានតម្លៃលើសពីពាក្យសម្តីនឹងថ្លែង។ ហេតុដូច្នេះហើយ ទើបពួកយើងគោរពនូវការសម្រេចចិត្ត និងការចាប់ផ្តើមថ្មីរបស់ Heeseung ហើយពួកយើងសូមគាំទ្រ Heeseung ដោយស្មោះអស់ពីដួងចិត្ត”។

ក្រុមចម្រៀងដែលបច្ចុប្បន្ននៅសល់សមាជិកតែ ៦នាក់ បានបន្ថែមទៀតថា៖ “ចំពោះ ENGENE ដែលតែងតែគាំទ្រ និងលើកទឹកចិត្តពួកយើងរហូតមក ពួកយើងសន្យាថានឹងក្លាយជា ENHYPEN ដែលរឹងមាំ និងគួរឱ្យមានមោទកភាពជាងនេះ”។

កាលពីថ្ងៃទី១០ ក្នុងខែតែមួយនេះ Belift Lab បានប្រកាសពីព័ត៌មាននៃការចាកចេញរបស់ Heeseung តាមរយៈកម្មវិធី Weverse ដោយបានពន្យល់ថា ក្រោយមានការពិភាក្សាជាច្រើនទាក់ទងនឹងទិសដៅ និងគោលដៅអនាគតរបស់ក្រុម លទ្ធផលបានបង្ហាញថា Heeseung មានចក្ខុវិស័យចង់បន្តធ្វើតន្ត្រីផ្ទាល់ខ្លួន ជាសិល្បករទោល។

ទន្ទឹមគ្នានេះ តារាប្រុសវ័យ ២៤ឆ្នាំ ក៏បានចែករំលែកសំបុត្រសរសេរដោយដៃ បង្ហាញពីអារម្មណ៍របស់ខ្លួ​នផងដែរ ថា ក្នុងពេលកន្លងមក លោកបានចំណាយពេលវេលាជាច្រើនក្នុងការធ្វើចម្រៀងផ្ទាល់ខ្លួន និងបានគិតគូរយ៉ាងខ្លាំងពីរបៀបដែលលោកនឹងចែករំលែកវាទៅកាន់អ្នកគាំទ្រ។

ដោយចង់ផ្ដោតលើការងារទោល តែមិនចង់ប៉ះពាល់ដល់ក្រុម Heeseung បានសរសេរថា៖ “ទោះបីជាមានអ្វីជាច្រើនដែលខ្ញុំចង់បង្ហាញ ប៉ុន្តែខ្ញុំមិនចង់យកមហិច្ឆតាផ្ទាល់ខ្លួនរបស់ខ្ញុំ មកដាក់នៅពីមុខការងារក្រុមនោះទេ”។

គួររំឭកផងដែរថា ENHYPEN ជាបេក្ខជនជ្រើសរើសពីកម្មវិធី I-LAND និងបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។ ក្រុមនេះទើបតែទទួលបានជោគជ័យយ៉ាងខ្លាំង ដោយក្លាយជា “Triple Million Seller” តាមរយៈការលក់អាល់ប៊ុមបាន ៣ លានបន្ទះកាលពីឆ្នាំមុន ជាមួយនឹងអាល់ប៊ុមពេញខ្នាតទីពីរ ROMANCE : UNTOLD៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា