គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​សិល្បករ ហើយ​ក៏​ចូលរួម​ផ្សព្វផ្សាយ​ការ​យល់ដឹង​សុខភាព​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ផង​ដែរ។

Advertisement

សមាគម​សិល្បករ​ខ្មែរ និង​មន្ទីរ​ពេទ្យ​អឃីត បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​យោគយល់ កាលពី​នៅ​ថ្ងៃ ១២ ខែ​ឧសភា ឆ្នាំ ២០២៦ នៅ​មន្ទីរពេទ្យ​អឃីត​កោះ​ពេជ្រ​ផ្ទាល់​តែម្ដង ដោយ​គោល​បំណង​រួមគ្នា​លើក​កម្ពស់​សុខុមាល​ភាព​សិល្បករ សិល្បករ​សិល្ប​ការិនី​កម្ពុជា ព្រម​ទាំង​ពង្រឹង​ការ​ផ្សព្វផ្សាយ​ពី​ចំណេះដឹង​បញ្ហា​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។

ការ​ចុះ MoU នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ, ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និង​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​សមាគម​សិល្បករខ្មែរ ព្រម​ទាំង​ជា​អគ្គ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KLYP Investments និង​លោក ម៉ា អ៊ែមមឺសិន ម៉ានី នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​អឃីត និង​ជា​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា រួម​ជាមួយ​ថ្នាក់​ដឹកនាំ ក្រុម​គ្រូពេទ្យ បុគ្គលិក សិល្បករ សិល្ប​ករ និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប។

កិច្ចសហការ​រវាង​សមាគម​សិល្បករ​ខ្មែរ និង​មន្ទីរពេទ្យ​ខាង​លើ គឺ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​រួម​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ជីវិត និង​ការ​ទទួល​បាន​សេវា​សុខា​ភិបាល​ប្រកប​ដោយ​គុណភាព សម្រាប់​សិល្បករ សិល្ប​ការិនី​ទូទាំង​ប្រទេស ជា​ពិសេស​សិល្បករ​រៀមច្បង ដែល​បាន​លះបង់​ពេលវេលា កម្លាំង​កាយ​ចិត្ត និង​ទេពកោសល្យ​ក្នុង​ការ​អភិរក្ស និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិ។

តាមរយៈ MoU សមាជិក​សមាគម​សិល្បករ​ខ្មែរ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ពី​មន្ទីរពេទ្យ​អឃីត កោះពេជ្រ និង​មន្ទីរ​ពហុព្យាបាល អឃីត សែនសុខ រួម​មាន​សេវា​ពិនិត្យ ព្យាបាល និង​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព ព្រម​ទាំង​លក្ខខណ្ឌ​អនុគ្រោះ​ផ្សេង​ៗ​ទៀត។

នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត​លោក ម៉ា អ៊ែមមឺសិន ម៉ានី បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​មន្ទីរពេទ្យ​ខ្មែរ លោកមានមោទនភាពក្នុងការប្រើប្រាស់ចំណេះជំនាញ និងវិជ្ជាជីវៈ មកបម្រើជាតិមាតុភូមិ ដោយ​ភាព​ស្មោះត្រង់ និង​ទំនុក​ចិត្ត។ រាល់​ការ​ខិតខំប្រឹងប្រែងរបស់យើង គឺ​ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព សុខភាព និង​ស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ។

ភាគីទាំងពីរ បាន​បង្ហាញ​ពី​ជំនឿ​ជាក់​ថា កិច្ច​សហការ​នេះនឹង​រីកចម្រើន ហើយ​អាច​ក្លាយ​ជា​គំរូ សម្រាប់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន និង​ស្ថាប័ន​វប្បធម៌​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា។ សមាគមសិល្បករខ្មែរ បានបញ្ជាក់​ថា នឹងបន្តស្វែងរកកិច្ចសហការនានា ដើម្បីគាំទ្រសិល្បករ សិល្បការិនី​លើផ្នែកសុខុមាលភាព សង្គមកិច្ច និងការអភិវឌ្ឍជីវភាព។

រយៈ ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តួនាទី​ជា​ប្រធាន​សមាគមសិល្បករ​ខ្មែរ លោក​ជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​សព្វគ្រប់បែបយ៉ាង ដើម្បី​ជួយ​ដល់​សិល្បករ​គ្រប់​វ័យ ដោយ​រៀបចំ​ទាំង​កម្មវិធីរំលឹកគុណ, កម្មវិធី​ចែក​រំលែក​ក្ដី​ស្រលាញ់ និង​រក​វិធី​បែប​ណា ជួយ​ដល់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​វីរសិល្បករ ព្រម​ទាំង​បណ្ដុះបណ្ដាល​អ្នក​ក្រោយ​ឲ្យកាន់តែ​មាន​សមត្ថភាព ចំណេះជំនាញ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា