សិល្បករជើងចាស់ សេម ចិត្រា ហៅនាយ ពាង បានទទួលមរណភាពហើយ។ នេះបើតាមការបង្ហោះនៅលើផេកសិល្បករពហុជំនាញ ខាត់ សុឃីម មុននេះបន្តិច។

តាមរយៈការជូនដំណឹងមរណភាពរបស់តារាកំប្លែងរូបនេះបានធ្វើឱ្យមហាជនជាច្រើនបង្ហាញការសោកស្ដាយចំពោះការបាត់បង់ក៏ដូចជាចូលរួមរំលែកទុក្ខទៅកាន់គ្រួសាររបស់សិល្បករជើងចាស់រូបនេះ។ ក្នុងនោះដែរក្នុងនាមជាមិត្តរួមជំនាន់អ្នកនាង ខាត់ សុឃីម ក៏បានបង្ហាញការសោកស្ដាយជាពន់ពេកចំពោះការលាចាកលោករបស់មិត្តសម្លាញ់ដោយពោលយ៉ាងដូច្នេះថា ៖«មិត្តម្នាក់ទៀតហើយ បងពាងអើយ ហេតុអ្វីបងលាចាកលោកលឿនម្លេះសូមវិញ្ញាណក្ខន្តបងទៅកាន់សុគតិភពផងចុះ»។

ក្រៅពីនេះលោក ប៉ែន ចំរុង ដែលជាតារាសម្ដែងនិងជាពិធីករក៏បានរៀបរាប់យ៉ាងក្ដុកក្ដួលភ្ជាប់ជាមួយរូបភាពតារាកំប្លែងខាងលើដូច្នេះថា៖ «តក់ស្លុតណាស់លឿនពេកហើយបងពាងអើយ ហេតុអ្វីបងលាចាកលោកលឿនម្លេះសូមវិញ្ញាណក្ខន្តបងទៅកាន់សុគតិភពផងចុះ»។ នៅមានបណ្ដាសិល្បករជាច្រើនរូបទៀតបានបង្ហាញការសោកស្ដាយចំពោះការលាចាករបស់សិល្បករជើងចាស់រូបនេះ។ គួរបញ្ជាក់បន្ថែមថា តារាកំប្លែង នាយពាង បានទទួលមរណភាពនាថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៥៩ ឆ្នាំ៕
រូបភាព ៖ ខាត់ សុឃីម