ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បានផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ Kim Soo Hyun  ទាំងដឹងខ្លួនថា តារាប្រុសរូបនេះមិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron ក្នុងពេលដែលនាងនៅជាអនីតិជននោះឡើយ។

Advertisement

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Maeil Business ប៉ូលិសបានរកឃើញភស្តុតាងបង្ហាញថា រូបភាពថតអេក្រង់ (Screenshot) នៃប្រវត្តិជជែកគ្នានៅក្នុងកម្មវិធី KakaoTalk ដែលលោក Kim Se-ui យកមកបង្ហាញនោះ ជារូបភាពកាត់តកែច្នៃ ដោយមានការប្តូរឈ្មោះគណនីរបស់ភាគីម្ខាងទៀតឱ្យទៅជាឈ្មោះរបស់លោក Kim Soo Hyun ។

បន្ថែមពីនេះ ប៉ូលិសកំពុងសង្ស័យថា សារសំឡេងរបស់ Kim Sae Ron ដែលត្រូវបានយកមកផ្ដល់ជាភស្តុតាងនោះ អាចជាសំឡេងបង្កើតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។

កន្លងមក លោក Kim Soo Hyun  ធ្លាប់បានចេញមុខបំភ្លឺថា លោកពិតជាធ្លាប់បានទាក់ទងស្នេហាជាមួយអ្នកនាង Kim Sae Ron មែន ប៉ុន្តែបានបដិសេធយ៉ាងដាច់អហង្ការថា លោកមិនបានទាក់ទងនាងនៅពេលនាងនៅជាអនីតិជន ដូចការចោទប្រកាន់នោះទេ។

ជាមួយគ្នានេះ តារាប្រុសរូបនេះក៏បានដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្តចំនួន ១២ ប៊ីលានវ៉ុន ឬប្រហែល ៨,១ លានដុល្លារអាមេរិក ប្រឆាំងនឹងលោក Kim Se-ui និងក្រុមគ្រួសាររបស់ Kim Sae Ron ទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌ។

យ៉ាងណាមិញ សារព័ត៌មាន ZAPZEE បានចុះផ្សាយថា លោក Kim Se-ui បានបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ដោយនិយាយថា៖ “វិទ្យាស្ថានកោសល្យវិច័យជាតិ (NFS) បានបញ្ជាក់ហើយថា ខ្លួនមិនអាចកំណត់បានទេថា តើសារសំឡេងនោះត្រូវបានបង្កើតឡើងដោយ AI ឬយ៉ាងណា។ ប៉ុន្តែពេលនេះប៉ូលិសបែរជាសន្និដ្ឋានថា វាជាការក្លែងបន្លំទៅវិញ រឿងនេះវាហាក់ដូចជាមិនសមហេតុផលទាល់តែសោះ”។

លោកបានបន្តអះអាងទៀតថា ក្រុមគ្រួសាររបស់ Kim Sae Ron បានជួលអ្នកជំនាញឱ្យធ្វើកោសល្យវិច័យលើទូរស័ព្ទរបស់កូនស្រី ហើយរកឃើញថា តារាទាំងពីរពិតជាធ្លាប់បានជជែកគ្នាតាម KakaoTalk មែន។

លោកបានបញ្ជាក់បន្ថែមថា៖”យើងបានពន្យល់ម្តងហើយម្តងទៀតនៅក្នុងសន្និសីទកាសែតថា ប្រវត្តិការជជែកដែលបានបង្ហាញនោះ គឺជារូបភាពដែលត្រូវបានបង្កើតឡើងវិញដោយក្រាហ្វិកកុំព្យូទ័រ (CG) ដើម្បីឱ្យងាយស្រួលមើលប៉ុណ្ណោះ មិនមែនជារូបភាព Screenshot ដើមឡើយ”។

គួររំលឹកផងដែរថា តារាស្រី Kim Sae Ron បានទទួលមរណភាពដោយការធ្វើអត្តឃាតកាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ ចំណែកឯការសម្រេចថា តុលាការនឹងចេញដីកាឃុំខ្លួនលោក Kim Se-ui ឬយ៉ាងណានោះ នឹងធ្វើឡើងបន្ទាប់ពីសវនាការនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា