ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធីបើកការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 កាន់តែមានភាពរស់រវើក មុនពេលក្រុមជម្រើសជាតិម៉ិកស៊ិកកូដណ្តើមបានជ័យជម្នះ ២-០ លើក្រុមអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (ទី ១១ មិថុនា) កន្លងទៅ។

Advertisement

Shakira បានឡើងបកស្រាយបទចម្រៀង “Dai Dai” ដែលជាបទចម្រៀងផ្លូវការនៃព្រឹត្តិការណ៍នេះ ជាមួយតារាចម្រៀង Burna Boy។ កំពូលតារាឆ្នើមសញ្ជាតិកូឡុំប៊ីរូបនេះ ធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយបទ “Waka Waka (This Time For Africa)” កាលពី World Cup 2010 នៅអាហ្វ្រិកខាងត្បូង ហើយពេលនេះនាងក៏បានបង្កើតប្រវត្តិសាស្ត្រម្តងទៀត។

គួររម្លឹកផងដែរថា Shakira ធ្លាប់បានសម្តែងនៅព្រឹត្តិការណ៍ World Cup មុនៗជាច្រើនរួមមានឆ្នាំ ២០០៦ នៅអាល្លឺម៉ង់ ឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង និងឆ្នាំ ២០១៤ នៅប្រេស៊ីល។

លើសពីនេះ នាងនឹងឡើងសម្តែងក្នុងកម្មវិធីពាក់កណ្តាលតង់ (Halftime Show) លើកដំបូងបង្អស់នៃវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃទី ១៩ កក្កដា ខាងមុខនេះ នាពហុកីឡដ្ឋាន MetLife Stadium ក្នុងរដ្ឋ New Jersey ជាមួយមហាកំពូលតារាចម្រៀង Madonna និងក្រុម BTS។ ព្រឹត្តិការណ៍ប្រកួតដែលមាន ៤៨ ក្រុមចូលរួមនេះ ត្រូវបានធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយប្រទេសម៉ិកស៊ិកកូ សហរដ្ឋអាមេរិក និងកាណាដា។

តារាសម្តែង និងជាអ្នកផលិតកុន Salma Hayek ដែលជាអ្នកគាំទ្រកីឡាបាល់ទាត់ដ៏ធំម្នាក់ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ខ្លីមួយ ក្នុងអំឡុងពេលនៃការដង្ហែទង់ជាតិដំបូងបង្អស់នៃ World Cup ដែលក្នុងនោះមានទង់ជាតិនៃប្រទេសទាំង ៤៨ បានចូលរួម។ នាងត្រូវបានតែងតាំងជាទូតសុឆន្ទៈ (Ambassador) សម្រាប់ព្រឹត្តិការណ៍ World Cup 2026 នេះផងដែរ។

កំពូលតារាចម្រៀងអូប៉េរ៉ាអ៊ីតាលី Andrea Bocelli និងតារា K-pop សញ្ជាតិកូរ៉េខាងត្បូង Ejae បានរួមគ្នាបកស្រាយបទ “DNA” ដែលជាបទផ្លូវការនៃពិធី រួមជាមួយឌីជេ និងជាអ្នកផលិតតន្ត្រីជនជាតិបារាំងលោក David Guetta ក្នុងអំឡុងពេលដង្ហែទង់ជាតិ។ គួរបញ្ជាក់ថា Ejae បានទទួលភាពល្បីល្បាញតាមរយៈការបញ្ចូលសំឡេងឱ្យតួអង្គ Rumi នៅក្នុងរឿង “KPop Demon Hunters” និងជាអ្នកនិពន្ធម្នាក់នៃបទចម្រៀង “Golden” ដែលឈ្នះពានរង្វាន់អូស្ការ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា