Taylor Swift ដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មលើ «សំឡេង និងរូបភាព» នាងដើម្បីការពារការបំពានដោយ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Taylor Swift ដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មលើ «សំឡេង និងរូបភាព» នាងដើម្បីការពារការបំពានដោយ AI

Taylor Swift ដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មលើ «សំឡេង និងរូបភាព» នាងដើម្បីការពារការបំពានដោយ AI

កំពូលតារាចម្រៀងអាមេរិក Taylor Swift ទើបតែចាប់ផ្តើមចំណាត់ការតាមផ្លូវច្បាប់ក្នុងការដាក់ពាក្យសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម (Trademark) ដើម្បីការពារសំឡេង និងអត្តសញ្ញាណរបស់នាងនៅក្នុងយុគសម័យដែល AI កាន់តែមានសមត្ថភាពបង្កើតវីដេអូមានលក្ខណៈដូចមនុស្សពិតៗ និងបានចែកចាយតន្ត្រីឌីជីថលយ៉ាងច្រើនលើសលប់នៅលើបណ្តាញផ្សព្វផ្សាយនានា។

Advertisement

ផ្អែកតាមសេចក្ដីរាយការណ៍របស់ CNN ចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ក្រុមការងាររបស់តារាចម្រៀងរូបនេះបានដាក់ពាក្យសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្មសម្រាប់សំឡេងរបស់នាងដែលនិយាយថា “Hey, it’s Taylor Swift” និង “Hey, it’s Taylor” រួមទាំងរូបភាពដ៏ល្បីនៅពេលដែលនាងស្ពាយហ្គីតាពណ៌ផ្កាឈូក ស្លៀកឈុត Body Suit ពណ៌ឥន្ទធនូ​ និងពាក់ស្បែកជើងប៊ូតពណ៌ប្រាក់ នៅចំពោះមុខផ្ទៃខាងក្រោយដែលមានពន្លឺភ្លើងពណ៌ស្វាយលើឆាក ត្បិតរូបភាពនេះគឺជាផ្នែកសំខាន់ និងលេចធ្លោបំផុតដែលមនុស្សគ្រប់គ្នាអាចចំណាំនាងបានភ្លាមៗ។

ការសម្រេចចិត្តធ្វើបែបនេះ នឹងអនុញ្ញាតឱ្យ ម្ចាស់បទ “Bad Blood” អាចធ្វើការប្តឹងផ្តល់បានដោយគ្របដណ្តប់លើសពី «ច្បាប់សិទ្ធិលើរូបភាពសាធារណៈ» (Right of Publicity) ពីព្រោះច្បាប់នេះអាចប្រើបានតែនៅក្នុងរដ្ឋមួយចំនួនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើជាម៉ាកសញ្ញាពាណិជ្ជកម្ម គឺអាចប្តឹងទៅតុលាការសហព័ន្ធ ដែលមានអំណាចអនុវត្តគ្របដណ្តប់ទូទាំងសហរដ្ឋអាមេរិក និងមានទណ្ឌកម្មធ្ងន់ធ្ងរជាងមុនទៀតផង។

ការស្នើចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ក៏ត្រូវបានចាត់ទុកថាជាការការពារខ្លួនពី AI ផងដែរ ពីព្រោះប្រសិនបើមាននរណាម្នាក់យកសំឡេង ឬរូបភាពរបស់នាងទៅបង្កើតជាមាតិកា ឬគណនីក្លែងក្លាយ នាងនឹងអាចប្រើប្រាស់ភស្តុតាងនេះដើម្បីបញ្ជាឱ្យលុបខ្លឹមសារនោះចោលភ្លាមៗ ដោយសារគោលការណ៍ការងារនៃម៉ាកសញ្ញាពាណិជ្ជកម្ម មានលក្ខណៈប្រហាក់ប្រហែលនឹងច្បាប់រក្សាសិទ្ធិដែលប្រើប្រាស់ប្រឆាំងនឹងការចាក់ភាពយន្តខុសច្បាប់នៅលើប្រព័ន្ធអ៊ីនធឺណិតដែរ។

គួរបញ្ជាក់ថា Taylor Swift ត្រូវបានចាត់ទុកថាជាតារាល្បីម្នាក់ក្នុងចំណោមតារាដទៃទៀត ដែលជួបប្រទះបញ្ហាដោយសារ AI យករូបភាពទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងបង្កការខូចខាតដល់នាងជាច្រើនលើកមកហើយ មិនថាជារឿងរូបភាពអាសអាភាសក្លែងក្លាយ (AI Deepfakes), រឿងនយោបាយដែលធ្វើឱ្យគេយល់ច្រឡំថា នាងគាំទ្រលោក Donald Trump រហូតដល់ការយកសំឡេងរបស់នាងទៅប្រើប្រាស់ក្នុង Chatbot របស់ក្រុមហ៊ុនបច្ចេកវិទ្យានានាផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជាយុទ្ធសាស្ត្រនេះមើលទៅមានសង្ឃឹម និងអាចជួយសិល្បករបាន ប៉ុន្តែវានៅមិនទាន់ត្រូវបានបង្ហាញភស្តុតាងឱ្យឃើញច្បាស់ពេញលេញនៅក្នុងតុលាការនៅឡើយទេ។ ដូច្នេះ មានតែត្រូវបន្តតាមដានមើលទៀតថា ស្របពេលបច្ចេកវិទ្យា AI កំពុងរីកចម្រើនខ្លាំងបែបនេះ តើបណ្តាសិល្បករ និងអ្នកបង្កើតតន្ត្រីនឹងដោះស្រាយបញ្ហាដែលកើតឡើងនាពេលអនាគតយ៉ាងដូចម្តេច ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា