ដំណើរការរឿងក្ដីដែល ADOR ប្ដឹង Danielle ទាមទារសំណងជិត ២៩លានដុល្លារ បានចាប់ផ្ដើមហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណើរការរឿងក្ដីដែល ADOR ប្ដឹង Danielle ទាមទារសំណងជិត ២៩លានដុល្លារ បានចាប់ផ្ដើមហើយ

ដំណើរការរឿងក្ដីដែល ADOR ប្ដឹង Danielle ទាមទារសំណងជិត ២៩លានដុល្លារ បានចាប់ផ្ដើមហើយ

សវនាការលើបណ្តឹងទាមទារសំណងដែលដាក់ដោយក្រុមហ៊ុន ADOR ប្រឆាំងនឹង Danielle និងអតីតនាយកប្រតិបត្តិ Min Hee-jin បានចាប់ផ្តើមឡើងនៅថ្ងៃទី២៦ ខែមីនា នេះ បង្ហាញថាជម្លោះតាំងពីឆ្នាំ ២០២៤ នៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។

Advertisement

កាលពីខែធ្នូ ឆ្នាំមុន ADOR បានដាក់ពាក្យប្តឹងទាមទារសំណងពីអតីតសមាជិកក្រុម NewJeans រូបនេះ ម្តាយរបស់នាង និងអតីត CEO ដោយទាមទារប្រាក់សំណងចំនួន ៤៣.១ ពាន់លានវ៉ុន ឬប្រហែល ២៨.៦ លានដុល្លារអាមេរិក ក្រោមការចោទប្រកាន់ថា បានបង្កឱ្យមានការយឺតយ៉ាវក្នុងការបន្តសកម្មភាពការងាររបស់ក្រុម NewJeans។

សារព័ត៌មាន The Korea Times បានចុះផ្សាយថា នៅក្នុងសវនាការបឋមដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា នេះ តំណាងច្បាប់នៃភាគីខាងក្រុមហ៊ុន និងភាគីតារាស្រីវ័យ ២០ឆ្នាំបានឈ្លោះតតាំងគ្នាដោយលើកហេតុផលរៀងៗខ្លួន។

តំណាងផ្លូវច្បាប់របស់ Danielle បានលើកឡើងថា ADOR កំពុងព្យាយាមអូសបន្លាយពេល និងបានទាញបញ្ចូលម្តាយរបស់នាងទៅក្នុងបណ្តឹងនេះផងដែរ។ មេធាវីរបស់នាងបានលើកឡើងថា៖ “Danielle គឺជាតារាអាយដល ហើយនេះគឺជាពេលវេលាដ៏រុងរឿងបំផុតក្នុងអាជីពរបស់នាង។ ប្រសិនបើបណ្តឹងនេះអូសបន្លាយ នាងនឹងរងការខូចខាតដោយចៀសមិនរួច ហើយ ADOR ក្នុងនាមជាក្រុមហ៊ុនកម្សាន្ត ដឹងច្បាស់ពីចំណុចនេះ”។

ដោយឡែក ភាគីខាង ADOR បានបដិសេធការលើកឡើងខាងលើ ដោយអះអាងថាបណ្តឹងនេះពាក់ព័ន្ធតែនឹងសំណង និងប្រាក់ពិន័យប៉ុណ្ណោះ ហើយមិនមានឥទ្ធិពលលើសមត្ថភាពរបស់ Danielle ក្នុងការបន្តអាជីពនោះទេ។ ទោះជាយ៉ាងណាក៏ដោយ តំណាងរបស់ Danielle បានតបវិញថា ដ្បិត ADOR និយាយដូច្នេះក្ដី តែរាល់ការព្យាយាមបន្តសកម្មភាពការងាររបស់ Danielle អាចនឹងទទួលបានការជំទាស់ពីទីភ្នាក់ងារនេះមិនខាន។

ជម្លោះនេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ នៅពេលដែលសមាជិកទាំង ៥ រូបពីក្រុម NewJeans បានទាមទារឱ្យមានការតែងតាំង Min Hee-jin ឱ្យចូលកាន់តំណែងជានាយកប្រតិបត្តិវិញ បន្ទាប់ពីទីភ្នាក់ងារបានដក Min Hee-jin ចេញពីតំណែងនេះកាលពីខែ សីហា ក្នុងឆ្នាំដដែល។ នៅពេលដែលក្រុមបុត្រសម្ព័ន្ធរបស់ HYBE Labels បដិសេធមិនធ្វើតាម សមាជិកក្រុមបានប្រកាសថា កិច្ចសន្យារបស់ពួកគេ និងទីភ្នាក់ងារបានបញ្ចប់ ដោយសារតែ ADOR រំលោភលើកិច្ចសន្យា។

ជាការឆ្លើយតប ADOR បានប្តឹងសុំការបញ្ជាក់សុពលភាពនៃកិច្ចសន្យា ដែលតុលាការបានសម្រេចឱ្យ ADOR ជាអ្នកឈ្នះក្តី។ បន្ទាប់ពីសាលក្រមនោះមក Haerin និង Hyein បានប្រកាសត្រឡប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារវិញ បន្តដោយ Hanni ខណៈ Minji កំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នា។ យ៉ាងណាមិញ សម្រាប់ Danielle ទីភ្នាក់ងារនេះបានសម្រេចបញ្ចប់កិច្ចសន្យា និងប្ដឹងទាមទារសំណងដូចស្ថានភាពបច្ចុប្បន្ន។

ទោះបីជាបណ្ដឹងរវាង ADOR និង Danielle នេះកំពុងស្ថិតក្នុងស្ថានភាពតានតឹងក៏ពិតមែន តែភាគីទាំងពីរបានលើកឡើងពីលទ្ធភាពនៃការផ្សះផ្សាគ្នា។ ក្រុមច្បាប់របស់ ADOR បាននិយាយថា ដំណោះស្រាយគឺអាចទៅរួច តាមរយៈការសម្របសម្រួលគ្នា។  

ដោយឡែក តំណាងផ្លូវច្បាប់របស់ Danielle នៅតែមានមន្ទិលសង្ស័យ ដោយសង្កត់ធ្ងន់ថា ADOR បានប្រតិបត្តិចំពោះនាងខុសពីសមាជិកដទៃទៀត ហើយការលើកឡើងពីការសម្របសម្រួលនេះ គឺជារឿងគួរឱ្យភ្ញាក់ផ្អើល បើធៀបនឹងទំហំនៃប្រាក់សំណងដែល ADOR កំពុងទាមទារ។

គួរឱ្យដឹងថា សវនាការពេញលេញលើកដំបូងសម្រាប់ករណីទាមទារសំណងជាង ២៩លានដុល្លារអាមេរិកនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែ ឧសភា ខាងមុខ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា