ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស Owen Cheung នៅហុងកុងរំភើបចិត្តនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស Owen Cheung នៅហុងកុងរំភើបចិត្តនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រកម្ពុជា

ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស Owen Cheung នៅហុងកុងរំភើបចិត្តនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រកម្ពុជា

ថ្មីៗនេះតួឯកប្រុសស្រីក្នុងរឿង តម្រុយមរណៈ គឺលោក លោក Owen Cheung និង​កញ្ញា Tiffany Lau បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រីសមោសរ​អបអរ​ខួប ៣១ ឆ្នាំ​របស់​ណាហ្គា​វើលដ៍។ ទោះបីជាការស្នាក់នៅមានរយៈពេលត្រឹមតែ ១ យប់ក៏ដោយ ប៉ុន្តែវត្តមានរបស់ពួកគេបានបង្កជាភាពរំជើបរំជួលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងស្រុក។​

Advertisement

សន្ទុះនៃការគាំទ្រនេះ បានកើតឡើងបន្ទាប់ពីរឿងភាគទូរទស្សន៍ TVB ដ៏ល្បីចំណងជើងថា «តម្រុយមរណៈ» (Deadly Tip) បានចាក់ផ្សាយនៅកម្ពុជា និងបង្កើតបានជាភាពរស់រវើកនៃសាច់រឿង រហូតធ្វើឱ្យមនោសញ្ចេតនារវាងតួអង្គទាំងពីរចាក់ឫសយ៉ាងជ្រៅក្នុងចិត្តទស្សនិកជន។ បន្ទាប់ពីទទួលបានដំណឹងនៃការធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ ក្រុមអ្នកគាំទ្រកម្ពុជាជាច្រើនបានទៅរង់ចាំទទួលស្វាគមន៍តារាទាំងពីររូបនេះយ៉ាងច្រើនកុះករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឆ្លើយតបទៅនឹងក្តីស្រឡាញ់ និងភាពរីករាយរបស់អ្នកគាំទ្រ ទាំង Owen និង Tiffany បានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយដោយពួកគេបានបំពេញរាល់សំណើថតរូប និងចុះហត្ថលេខាជូនអ្នកគាំទ្រយ៉ាងស្និទ្ធស្នាលបំផុត រហូតទទួលបានការប្រៀបប្រដូចទៅនឹងភាពសប្បុរសរបស់ «Wong Tai Sin» ទៀតផង។

ទង្វើដ៏គួរឱ្យស្រឡាញ់នេះ ក៏បានធ្វើឱ្យក្លឹបអ្នកគាំទ្រផ្លូវការរបស់លោក Owen Cheung នៅហុងកុង សម្តែងក្តីរំភើប និងរីករាយយ៉ាងខ្លាំង ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រកម្ពុជា។ អ្វីដែលធ្វើឱ្យ Tiffany Lau ភ្ញាក់ផ្អើល និងរំជួលចិត្តបំផុតនោះគឺក្រុមអ្នកគាំទ្រកម្ពុជាបានដឹងពីថ្ងៃកំណើតរបស់នាង (ថ្ងៃទី ២៤ ខែឧសភា) និងបានរៀបចំនំខេកដ៏ស្រស់ស្អាតមួយដើម្បីអបអរសាទរខួបកំណើតរបស់នាងជាពិសេសនៅក្នុងសណ្ឋាគារ។

តារាសម្ដែងស្រីរូបនេះបាននិយាយទាំងក្តីរំភើបថា «ខ្ញុំពិតជាមិននឹកស្មានថានឹងអាចទទួលបានអារម្មណ៍ និងក្តីស្រឡាញ់ដ៏កក់ក្តៅបែបនេះនៅទឹកដីបរទេសឡើយ» ព្រមទាំងបានសរសើរអ្នកគាំទ្រកម្ពុជាថាពិតជាមានភាពរាក់ទាក់ និងគួរសមខ្លាំងណាស់។ ចំណែកឯតួឯកប្រុស លោក Owen Cheung ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនេះផងដែរ។ លោកបានបញ្ជាក់ថា«ខ្ញុំចាំបានថានៅពេលដែលរឿង “Deadly Tip” ត្រូវបានចាក់ផ្សាយនៅកម្ពុជា ពួកគេបានគាំទ្រខ្ញុំ និង Tiffany Lau យ៉ាងខ្លាំងរួចទៅហើយ។ ដូច្នេះលើកនេះយើងមានឱកាសបានមកទីនេះជាមួយគ្នា យើងទន្ទឹងរង់ចាំឱកាសសម្តែងឱ្យបានល្អបំផុត ដើម្បីជាការតបស្នង និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់ពួកគេ»។​

ថ្វីបើដំណើរទស្សនកិច្ចនេះមានរយៈពេលខ្លី ប៉ុន្តែពោរពេញដោយអត្ថន័យ និងបានបន្សល់ទុកនូវការចងចាំដ៏ផ្អែមល្ហែមរវាងតារាហុងកុងទាំងពីរដួង និងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លានៃខ្សែភាពយន្តភាគ TVB នៅក្នុងទីផ្សារកម្ពុជាផងដែរ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា