IU បង្ហូរទឹកភ្នែកសុំទោស ស្របពេលមានការរិះគន់ខ្លាំងលើរឿង 'Perfect Crown' ជុំវិញសមត្ថភាពសម្តែង និងការបំភ្លៃប្រវត្តិសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
IU បង្ហូរទឹកភ្នែកសុំទោស ស្របពេលមានការរិះគន់ខ្លាំងលើរឿង 'Perfect Crown' ជុំវិញសមត្ថភាពសម្តែង និងការបំភ្លៃប្រវត្តិសាស្ត្រ

IU បង្ហូរទឹកភ្នែកសុំទោស ស្របពេលមានការរិះគន់ខ្លាំងលើរឿង 'Perfect Crown' ជុំវិញសមត្ថភាពសម្តែង និងការបំភ្លៃប្រវត្តិសាស្ត្រ

តារាចម្រៀង និងសម្ដែងកូរ៉េ IU បានស្រក់ទឹកភ្នែក ខណៈដែលនាងបានបើកចិត្តនិយាយអំពីការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះរឿងភាគ ‘Perfect Crown’។

Advertisement

កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩៣ IU បានប្រារព្ធពិធីខួបកំណើតរបស់នាងដោយការម៉ៅរោងភាពយន្តនៅ CGV Yongsan I-Park Mall ក្នុងទីក្រុងសេអ៊ូល ដើម្បីចំណាយពេលជាមួយអ្នកគាំទ្រ បន្ថែមពីលើការបរិច្ចាគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅទីនោះ នាងបានរៀបចំកម្មវិធីបញ្ចាំងរឿងភាគរបស់ប៉ុស្តិ៍ MBC ដែលចាក់ផ្សាយនៅថ្ងៃសុក្រ និងសៅរ៍ ដែលក្នុងនោះនាងបានសម្ដែងជាតួអង្គឈ្មោះ Sung Hee Joo។

ក្រោយការបញ្ចាំងចប់ IU បានចែករំលែកដោយស្មោះត្រង់នូវអារម្មណ៍របស់នាងចំពោះការបញ្ចប់រឿងភាគនេះថា៖ «ខ្ញុំគិតថាប្រហែលជាដោយសារតែខ្ញុំកំពុងរៀបចំអាល់ប៊ុមថ្មី ហើយរឿងភាគរបស់ខ្ញុំក៏ជិតដល់ទីបញ្ចប់ដែរ ទើបធ្វើឱ្យមួយរយៈនេះខ្ញុំតែងតែគិតថា ខ្ញុំត្រូវតែធ្វើឱ្យបានល្អជាងនេះ និងត្រូវប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវឱ្យបានកាន់តែខ្លាំង»។

ពាក់ព័ន្ធនឹងការរិះគន់ដែលនាងទទួលបានចំពោះការសម្ដែងក្នុងរឿងភាគនេះ នាងបានបន្ថែមថា៖ «ខ្ញុំគួរតែធ្វើឱ្យបានល្អជាងនេះបន្តិចសម្រាប់អ្នកទាំងអស់គ្នា ហើយប្រសិនបើខ្ញុំបានធ្វើឱ្យអ្នកខកចិត្ត ឬបានបង្ហាញផ្នែកណាមួយដែលមិនសមរម្យរបស់ខ្លួនឯង នោះគឺជាកំហុសរបស់ខ្ញុំទាំងស្រុង»។

ទោះបីជាអ្នកគាំទ្របានលួងលោមនាងដោយការស្រែកថា «វាមិនពិតទេ!» ក៏ដោយ ក៏ IU បានឆ្លើយតបថា៖ «ទេ វាគឺជាការពិត។ ខ្ញុំនឹងទទួលខុសត្រូវដោយស្មោះ ហើយនឹងបន្តអភិវឌ្ឍខ្លួនឯងបន្ថែមទៀត។ ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលអ្នកគាំទ្ររបស់ខ្ញុំអាចមានមោទនភាព»។

IU បានបន្តទៀតថា៖ «ខ្ញុំមានរឿងជាច្រើននៅក្នុងចិត្តនាពេលថ្មីៗនេះ។ ប្រសិនបើខ្ញុំគ្រាន់តែធ្វើវាឱ្យបានល្អជាងនេះ រឿងរ៉ាវប្រាកដជាខុសពីនេះ។ ដោយសារខ្ញុំជាមនុស្សម្នាក់ដែលទទួលបានសេចក្តីស្រឡាញ់យ៉ាងខ្លាំងពីអ្នកទាំងអស់គ្នា ខ្ញុំនឹងខិតខំឱ្យកាន់តែខ្លាំង។ ខ្ញុំនឹងក្លាយជា IU ដែលបង្ហាញផ្នែកដ៏ល្អប្រសើរជាងមុនជាមួយនឹងការទទួលខុសត្រូវកាន់តែខ្ពស់ ហើយខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាសូម្បីតែមួយវិនាទីឡើយ»។ នាងក៏បានបង្ហាញការដឹងគុណចំពោះអ្នកគាំទ្ររបស់នាងផងដែរ មុនឱនគោរពយ៉ាងជ្រាលជ្រៅទៅកាន់ពួកគេ។

ចាក់ផ្សាយចាប់ពីថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី ១៦ ខែឧសភា រឿងភាគ ‘Perfect Crown’ ត្រូវបានចាត់ទុកថាជារឿងភាគមួយក្នុងចំណោមរឿងភាគដែលគេរំពឹងខ្ពស់បំផុតប្រចាំឆ្នាំរបស់ MBC តាំងពីមុនពេលចាក់បញ្ចាំងមកម្ល៉េះ។ យ៉ាងណាក៏ដោយ ស៊េរីរឿងនេះបានជួបការលំបាកតាំងពីសប្តាហ៍ដំបូង ដោយសារតួឯក IU និង Byeon Woo Seok បានធ្លាក់ក្នុងភាពចម្រូងចម្រាសលើការសម្ដែង។ នៅជិតបញ្ចប់ការចាក់ផ្សាយ រឿងភាគនេះក៏ត្រូវបានរិះគន់ចំពោះការចោទប្រកាន់ពីបទបង្ខូចប្រវត្តិសាស្ត្រផងដែរ។

ជាពិសេស អ្នកទស្សនាបានចង្អុលបង្ហាញថា ក្នុងភាគទី ១១ មន្ត្រីបានស្រែកពាក្យថា «Cheonse» ក្នុងកំឡុងពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គម្ចាស់ Ian ជំនួសឱ្យពាក្យ «Manse» ដែលជានិមិត្តរូបនៃប្រទេសឯករាជ្យ។ ពាក្យ «Cheonse» ត្រូវបានប្រើប្រាស់ជាប្រវត្តិសាស្ត្រដោយរដ្ឋដែលចំណុះក្រោមអាណាចក្រមួយ។ អ្នករិះគន់ក៏បានកត់សម្គាល់ផងដែរថា ព្រះអង្គម្ចាស់ Ian បានគ្រងមកុដ «Guryumyeongwan» ជាមកុដក្នុងពិធីការដែលតាមប្រពៃណីត្រូវបានគ្រងដោយម្ចាស់ក្សត្រី។ ឈុតលើកទឹកតែរបស់តួឯកស្រី Sung Hee Joo ក៏ត្រូវបានរិះគន់ថាមានការតុបតែងបែបចិនលើសលប់ដែរ ដែលអាចឱ្យអ្នកទស្សនាយល់ច្រឡំថាប្រទេសកូរ៉េ​ស្ថិតនៅក្រោមចំណុះប្រទេសចិន។

នៅពេលមតិចម្រូងចម្រាសកើនឡើង ក្រុមផលិតរឿង ‘Perfect Crown’ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃទី ១៦ ខែឧសភា ដោយនិយាយថា៖ «ពួកយើងក្រាបសុំទោសដោយស្មោះចំពោះអ្នកទស្សនាដែលបានតាមដានរឿងភាគនេះដោយក្តីស្រឡាញ់ និងការព្រួយបារម្ភចំពោះបញ្ហាពាក់ព័ន្ធនឹងការកសាងសាច់រឿង និងភាពមិនត្រឹមត្រូវនៃប្រវត្តិសាស្ត្រ»។ ពួកគេបានបន្ថែមថា៖ «យើងយកចិត្តទុកដាក់ចំពោះការរិះគន់របស់អ្នកទស្សនាពាក់ព័ន្ធនឹងឈុតឆាកដែលព្រះមហាក្សត្រគ្រងមកុដ ‘Guryumyeongwan’ ក្នុងពិធីឡើងគ្រងរាជ្យ និងមន្ត្រីស្រែកពាក្យ ‘Cheonse’ ដែលត្រូវបានមើលឃើញថាជាការធ្វើឱ្យប៉ះពាល់ដល់ឋានៈអធិបតេយ្យភាពរបស់ប្រទេសកូរ៉េ»។

ក្រុមផលិតបានទទួលស្គាល់កំហុសដោយលើកឡើងថា៖ «យើងខកខានក្នុងការពិនិត្យមើលឱ្យបានដិតដល់នូវរបៀបដែលពិធីការក្នុងរាជវាំង Joseon បានវិវត្តន៍ក្នុងប្រវត្តិសាស្ត្រ។ ‘Perfect Crown’ គឺជា​រឿងភាគមនោសញ្ចេតនាផង និងជារឿងភាគប្រវត្តិសាស្ត្រផងដែលត្រូវបានកែច្នៃ ហើយយើងគួរតែឈានទៅរកចំនុចប្រសព្វរវាងពិភពប្រឌិត និងបរិបទប្រវត្តិសាស្ត្រពិតប្រាកដជាមួយនឹងការប្រុងប្រយ័ត្ន និងភាពស៊ីជម្រៅជាងនេះ។ ពួកយើងពិតជាខ្វះការខិតខំប្រឹងប្រែងគ្រប់គ្រាន់ក្នុងការកែច្នៃ និងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវការកសាងពិភពនៃរឿងភាគនេះ»។ ផលិតករក៏បានប្រកាសថា សំឡេង និងអក្សររត់ខាងក្រោមនៃឈុតឆាកដែលមានបញ្ហានឹងត្រូវកែសម្រួលសម្រាប់ការចាក់ផ្សាយឡើងវិញ និងលើសេវាអនឡាញ នានានាពេលអនាគត។

គួរបញ្ជាក់ថា រឿងនេះបានបញ្ចប់ទៅដោយទទួលបានអត្រាអ្នកទស្សនាខ្ពស់បំផុត ១៣.៨% ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា