វណ្ណដា បានបន្តធ្វើឲ្យអ្នកគាំទ្រមានមោទនភាព និងស្ញប់ស្ញែង ដោយថ្មីៗនេះ Channel YouTube ផ្ទាល់ខ្លួនមានអ្នកចុច Subscribe រហូតទៅដល់ ៥ លាននាក់។


ការទទួលបាន Subscribe ដ៏ច្រើនសន្ធឹកសន្ធាប់របស់តារារ៉េបជួរមុខប្រទេសកម្ពុជារូបនោះ បានឡើងពីការខិតខំប្រឹងប្រែងបញ្ចេញបទចម្រៀងដែលពីរោះៗ មានគុណភាព និងមានអត្ថន័យចាក់ដោតចិត្តអ្នកស្ដាប់។ វណ្ណដា មិនត្រឹមតែឆក់បានការគាំទ្រច្រើនលើសលប់ពីសំណាក់ហ្វេកក្នុងស្រុកឡើយ នៅបរទេសតារាប្រុសវ័យ ២៧ ឆ្នាំរូបនេះក៏សម្បូរអ្នកគាំទ្រដែរ។
ម៉ាន់ វណ្ណដា គឺជាតារាប្រុសតែម្នាក់គត់របស់ខ្មែរ ដែលទទួលបាន Subscriber រហូតទៅដល់ ៥ លាននាក់បែបនេះ។ ទម្រាំទទួលបាន Subscriber រហូតដល់ទៅ ៥ លាន ម្ចាស់បទ « OUT OF MY MIND» បានបញ្ចេញបទចម្រៀងគុណភាពជាច្រើន ទើបអាចទាក់ចិត្តអ្នកចិត្តឲ្យចុច Subscribe ។ តារាប្រុសរូបនេះបានបង្កើត Channel YouTube ខ្លួនតាំងពីថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៧ ហើយផ្លែផ្កាជាច្រើនដែលទទួលបានពេលនេះ ពិតជាស័ក្ដិសមនឹងការប្រឹងប្រែង។

រយៈពេលប៉ុន្មានថ្ងៃដែលប្រទេសកម្ពុជាត្រូវបានទាហានសៀមឈ្លានពាន វណ្ណដា បានបង្កើតបទចម្រៀង១បទ ដែលធ្វើឲ្យបរទេស កាន់តែបានដឹងច្បាស់ពីបញ្ហាដែលខ្មែរជាច្រើនរងទុក្ខ និងបាត់បង់គ្រួសារ ព្រោះសង្គ្រាម។ ពិសេសបទ «១ សីហា (August 1st)» មានការចុចមើលច្រើនទាំងនៅលើ YouTube និង Faccbook page ទាំងនៅខ្មែរ និងនៅក្រៅប្រទេស។
ក្រៅពីបង្កើតបទចម្រៀង វណ្ណដា និងក្រុមការងាររបស់បារមី ក៏បានចុះទៅសួរសុខទុក្ខជនភៀសសឹកនៅតាមជំរំមួយចំនួន ដើម្បីយកសម្ភារៈខ្លះ សម្រាលទុក្ខលំបាក ក៏ដូចជាផ្ដល់ការលួងលោមដល់ក្មេងៗកំពុងភ័យខ្លាចដោយសារការឈ្លានពានពីសំណាក់ថៃ៕




រូបភាព៖ Facebook