បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយជនសង្ស័យឈ្មោះ Tang ដោយផ្តោតលើការទាក់ទាញចរាចរណ៍តាមប្រព័ន្ធអ៊ីនធឺណិត និងការគំរាមកំហែងទារប្រាក់តាមរយៈការផ្ញើសារជាវីដេអូអាក្រាតកាយ។

រឿងរ៉ាវនេះបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០២៦ បន្ទាប់ពីជនរងគ្រោះឈ្មោះ Wang បានដាក់ពាក្យប្តឹងទៅកាន់សមត្ថកិច្ចប៉ូលិសទីក្រុង Huludao។ យោងតាមកាសែត Legal Daily នៅថ្ងៃទី៥សីហា កន្លងទៅ នាវេលាម៉ោងប្រហែល ៣ ទាបភ្លឺ ជនសង្ស័យបានបន្ថែមឈ្មោះ Wang ជាមិត្ត (add friend) តាមរយៈកម្មវិធីមួយ ដោយបានបោកបញ្ឆោតឱ្យលោកចុចតំណភ្ជាប់ (Link) ដើម្បីទាញយកកម្មវិធីជជែកគ្នាចម្លែកមួយទៀត។ លោក Wang បានធ្វើតាមការណែនាំរបស់ជនសង្ស័យព្រមទាំងបានបើកសិទ្ធិចូលប្រើប្រាស់បញ្ជីទំនាក់ទំនង (Contacts) និងចូលមើលអាល់ប៊ុមរូបថតក្នុងទូរសព្ទទៀតផង។

នៅម៉ោងប្រហែល ៤ទាបភ្លឺ អ្នកទាំង ២ បាន​ខលវីដេអូខ្លីមួយក្នុងកម្មវិធីនោះហើយការសន្ទនាបានកាត់ផ្តាច់ទៅវិញយ៉ាងលឿន។ ក្រោយមកនៅវេលាម៉ោង ៥ រសៀលនៃថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានប្រើប្រាស់ព័ត៌មានដែលទទួលបានខុសច្បាប់ ដើម្បីគំរាមកំហែងលោក Wang ដោយបង្ខំឱ្យលោកផ្ទេរប្រាក់សរុប ៧ដង ស្មើនឹង ៨ ៩០០យ័ន (ប្រហែលជាង ១ ៣០០ ដុល្លារ)។ បន្ទាប់មកជនសង្ស័យបានបន្ដបោកបញ្ឆោតលោក Wang ឱ្យរក្សាកូដ QR របស់គ្រុប ដើម្បីទារប្រាក់ជាង ១២០ ០០០ យ័ន (ប្រហែលជិត ២ ម៉ឺនដុល្លារ) បន្ថែមទៀត និងថែមទាំងញុះញង់ឱ្យលោក Wang ដាក់ពាក្យខ្ចីប្រាក់តាមអនឡាញ ប៉ុន្តែត្រូវបានលោក Wang បដិសេធ។ ភ្លាមៗនោះជនសង្ស័យបានផ្ញើវីដេអូអាសអាភាសរបស់លោកទៅកាន់គ្រុបជាច្រើនដែលមានលោក Wang ជាសមាជិក។

ដោយសារតែមិនអាចទ្រាំនឹងសើចចម្អកបានលោក Wang ក៏បានអារកដៃសម្លាប់ខ្លួន ប៉ុន្តែត្រូវបានសង្គ្រោះទាន់ពេល និងផុតពីគ្រោះថ្នាក់ដល់ជីវិត ខណៈដែលការវាយតម្លៃរបួសបានចាត់ទុកថាជារបួសស្រាលកម្រិតទី២។

តាមរយៈការវិភាគរួមគ្នា ប៉ូលិសបានកំណត់គោលដៅលើក្រុមឧក្រិដ្ឋជនថាកំពុងលាក់ខ្លួននៅកន្លែងណាមួយក្នុងខេត្តផ្សេង។ មិនចាំយូរសមត្ថកិច្ចប៉ូលិសទីក្រុង Huludao បានបញ្ជូនកម្លាំងទៅកាន់ទីនោះ នៅថ្ងៃ ១៨ ខែសីហា ដើម្បីធ្វើការស៊ើបអង្កេត និងប្រមូលភស្តុតាងពាក់ព័ន្ធយ៉ាងរឹងមាំ។

នៅថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០២៦ ប៉ូលិសបានរៀបចំផែនការបោសសម្អាតបានជោគជ័យ និងចាប់បានជនសង្ស័យជាច្រើននាក់ដូចជា Tang, Yang Yuyu, Yang Qiqi និងសមាជិកក្រុមផ្សេងទៀតក្នុងករណីឆបោកគំរាមកំហែងទារប្រាក់។

គួរឱ្យដឹងផងដែរថា តាមរយៈការត្រួតពិនិត្យចាប់តាំងពីខែឧសភា ឆ្នាំ២០២៦ មក ជនសង្ស័យឈ្មោះ Tang បានប្រមូលផ្ដុំបក្ខពួករបស់ខ្លួនដូចជា Yang Yuyu, Yang Qiqi និងអ្នកដទៃទៀតដោយសហការជាមួយបុគ្គលជាន់ខ្ពស់នៅក្រៅប្រទេសក្នុងគោល​បំណង​បោក​យកទ្រព្យសម្បត្តិដោយខុសច្បាប់ និងរួមគ្នាប្រព្រឹត្តបទល្មើសគំរាមកំហែងទារប្រាក់តាមរយៈការឆាតរូបភាព និងវីដេអូអាក្រាតកាយ។

ក្នុងករណីដែលជនរងគ្រោះបដិសេធមិនបង់ប្រាក់ ភាគីនៅក្រៅប្រទេសបានប្រើប្រាស់កម្មវិធីទំនាក់ទំនងក្រៅប្រទេស ដើម្បីផ្ញើរូបថតអាក្រាតកាយ វីដេអូ អត្ថបទគំរាមកំហែងដែលបានកែសម្រួលរួច និងកូដ QR គ្រុប WeChat របស់ជនរងគ្រោះដែលទទួលបានដោយខុសច្បាប់តាមរយៈកម្មវិធីមេរោគ (Trojan) ទៅឱ្យក្រុមការងារក្នុងស្រុកដូចជា Tang ជាដើម។ បន្ទាប់មកក្រុមរបស់ Tang បានធ្វើសកម្មភាពតាមការបញ្ជាទិញរបស់ថ្នាក់លើ ដោយស្កេនកូដ QR ចូលក្នុងគ្រុប WeChat របស់ជនរងគ្រោះ ហើយបានផ្ញើវីដេអូ​អាក្រាតកាយ រូបថត ក៏ដូចជាអត្ថបទគំរាមកំហែង និងមើលងាយដល់ជនរងគ្រោះ ដើម្បីគំរាមកំហែងបន្ថែមទៀតតាមរយៈការបកអាក្រាតភាពឯកជន និងធ្វើសកម្មភាពគំរាមកំហែងទារប្រាក់។

តាំងពីចាប់ផ្ដើមរហូតដល់ពេលកើតហេតុ ក្រុមរបស់ Tang បានធ្វើសកម្មភាពបទល្មើសសរុប​រាប់សិបករណី ដោយទទួលបានប្រាក់ខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបណ្តាលឱ្យជនរងគ្រោះជាច្រើននាក់រងការគំរាមកំហែងទារប្រាក់សរុបជិត ១ លានយ័ន (ជាង ១៥ ម៉ឺនដុល្លារ)។ បច្ចុប្បន្នជនសង្ស័យ ៤នាក់ រួមទាំង Tang ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការបង្ខំតាមច្បាប់ ហើយសំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀត៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា