ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម ៥ ភាគដំបូងប៉ុណ្ណោះ។

យោងតាមគេហទំព័រ Sina បានឱ្យដឹងថា បន្ទាប់ពីការចាក់ផ្សាយភាគដំបូងនៅលើកម្មវិធី Mango TV កាលពីថ្ងៃទី ៣១ ខែសីហា ភាពយន្តភាគនេះបានកើនចំនួនចូលទស្សនារហូតដល់ ២៨០ លានដងនៅដើមសប្ដាហ៍នេះ។ ភាពយន្តនេះត្រូវបានផលិត និងចាក់ផ្សាយជាបន្តបន្ទាប់ ដោយភាគនីមួយៗត្រូវបានបញ្ចេញភ្លាមៗបន្ទាប់ពីផលិតរួចរាល់ ហើយបច្ចុប្បន្នបានឈានដល់ភាគទី ៥ ហើយ។

ភាគទី ១ ត្រូវបានអនុញ្ញាតឱ្យទស្សនាដោយឥតគិតថ្លៃខណៈភាគបន្តបន្ទាប់ទៀត អាចទស្សនាបានតែអ្នកប្រើប្រាស់ដែលបានបង់ប្រាក់ជូន Platform ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ រឿងភាគ «ស៊ុនអ៊ូខុង វគ្គបន្ត» នេះក៏បានចាក់ផ្សាយក្នុងអំឡុងពេលម៉ោងមាស (Prime time) លើកញ្ចក់ទូរទស្សន៍ Hunan TV ផងដែរ ហើយទទួលបានអត្រាអ្នកទស្សនា (Ratings) ខ្ពស់ជាងគេបំផុតក្នុងចំណោមកម្មវិធីទូរទស្សន៍​ដែលចាក់ផ្សាយក្នុងម៉ោងទន្ទឹមគ្នានេះ។

ប្រព័ន្ធផ្សព្វផ្សាយភាពយន្តចិន Mtime បានសរសើរភាពយន្តភាគនេះថាជា «ភាពយន្តដ៏អស្ចារ្យប្រចាំរដូវក្តៅ» ហើយភាគបន្តបន្ទាប់ទៀតត្រូវបានគ្រោងថានឹងបញ្ចេញក្នុងអំឡុងពេលវិស្សមកាលរដូវរងា។ ជោគជ័យនេះបានរុញច្រានឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតភាពយន្តនេះ កើនឡើងយ៉ាងគំហុក។

ថ្លែងប្រាប់ QQ លោក Li Dongkun ដែលជាអ្នកដឹកនាំរឿងបានឱ្យដឹងថា ដើមទុនផលិតសរុបសម្រាប់ភាពយន្តភាគនេះមានប្រមាណ ៤ លានដុល្លារអាមេរិក ប៉ុណ្ណោះ ឬស្មើនឹងត្រឹមតែ ១ភាគ ១០ នៃដើមទុនជាមធ្យមរបស់ភាពយន្តភាគបែបទេវកថានានា។

ភាពយន្តភាគនេះត្រូវបានគ្រោងផលិតចំនួន ៣០ ភាគ ដោយភាគនីមួយៗមានប្រវែង ៤០ នាទី។

ការផលិត និងចាក់ផ្សាយក្នុងពេលទន្ទឹមគ្នានេះ អនុញ្ញាតឱ្យក្រុមការងារអាចកែសម្រួលខ្លឹមសារ និងតួអង្គ ដើម្បីឆ្លើយតបទៅនឹងប្រតិកម្មរបស់ប្រជាជន ឬអ្នកទស្សនាបាន។

យោងតាមលោក Li ឆាកសកម្មភាពវាយប្រហារធម្មតាប្រវែង ៣ នាទី ត្រូវចំណាយថវិកាផលិតប្រហែល ៧៤៦ ០០០ ដុល្លារ ប៉ុន្តែឥឡូវនេះត្រូវបានកាត់បន្ថយមកត្រឹមតែ ៣៧០០ ដុល្លារប៉ុណ្ណោះ ដោយសារការប្រើប្រាស់បច្ចេកវិទ្យា AI។

លោកបានបន្តថា ក្រុមការងារផលិតភាពយន្តមានគ្នាប្រហែល ១០០ នាក់ ដោយក្នុងនោះ ៣០ នាក់ទទួលបន្ទុកផ្នែករៀបចំឆាក និងសិល្បៈ ហើយ ៥០ នាក់ប្រើប្រាស់បច្ចេកទេស Generative AI សម្រាប់បង្កើតវីដេអូ ខណៈដែលការផលិតតាមវិធីសាស្ត្របែបដើមត្រូវប្រើប្រាស់មនុស្សរហូតដល់ ២០០០ នាក់។ លោកបានទស្សន៍ទាយថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ៩៩% នៃខ្លឹមសារទាំងអស់នឹងប្រើប្រាស់បច្ចេកវិទ្យា AIGC (AI-Generated Content)។

លោកបានបន្ថែមថា តួសម្តែងនឹងមិន “បាត់បង់” ទាំងស្រុងនោះទេ ប៉ុន្តែស្រដៀងគ្នានឹងការសម្តែងល្ខោនដែរ វីដេអូបែបមនុស្សសម្តែងផ្ទាល់ (Live-action) អាចនឹងក្លាយជាជម្រើសសិល្បៈមួយដែលមិនសូវមានការនិយមខ្លាំង។ លោកបញ្ជាក់ថា៖ “ឧស្សាហកម្មភាពយន្ត និងរឿងភាគទូរទស្សន៍បែបប្រពៃណី បានក្លាយជាឧស្សាហកម្មដែលចំណាយដើមទុនខ្ពស់ពេកទៅហើយ ដែលធ្វើឱ្យការផ្លាស់ប្តូរជាជម្រើសជៀសមិនរួច។ ផ្លាតហ្វមវីដេអូជាច្រើនខ្វះសមត្ថភាពក្នុងការផលិត ឬទិញមាតិកា ដោយសារតែពួកគេមិនអាចរ៉ាប់រងថ្លៃដើមបាន។ AIGC ផ្តល់នូវដំណោះស្រាយដ៏រលូន និងអាចទៅរួចមួយ។”

យោងតាមការវាយតម្លៃរបស់ក្រុមហ៊ុន CICC (China International Capital Corporation) បានឱ្យដឹងថា ក្នុងរយៈពេលវែង AI នឹងជួយកែលម្អផលចំណេញលើការវិនិយោគ។

ផ្ទុយទៅវិញ តួសម្តែង និងក្រុមការងារផ្នែកខាងក្រោយឆាក កំពុងព្រួយបារម្ភអំពីការបាត់បង់ការងារនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនេះ។ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗនាពេលថ្មីៗនេះ មនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភជាសាធារណៈចំពោះការខ្វះខាតការងារធ្វើ។

យោងតាម iNews Week នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៦ ចំនួននៃការផលិតរឿងភាគខ្លីៗដែលបានចាប់ផ្តើមនៅ Hengdian World Studios ដែលជាស្តូឌីយោភាពយន្តដ៏ធំបំផុតរបស់ប្រទេសចិន បានធ្លាក់ចុះរហូតដល់ ៧៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា