ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំត្រឹម ១ រដូវ។

ការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី ២៩ ខែសីហា នៅក្នុងទស្សនាវដ្តី Regional Environmental Change ដែលជាទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិមានទីស្នាក់ការកណ្តាលនៅប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា ទឹកនោមដែលចេញពីអ្នកឡើងភ្នំ និងមគ្គទេសក៍ បានបញ្ចេញដោយផ្ទាល់ទៅលើផ្ទាំងទឹកកកជុំវិញទីកន្លែងស្នាក់នៅលើភ្នំ Everest។ អ្នកស្រាវជ្រាវបានគណនាថា កម្ដៅដែលកើតចេញពីទឹកនោម ៦ ០០០ លីត្រក្នុងមួយថ្ងៃនេះ អាចរលាយទឹកកកបានប្រហែល ១៥៤ តោនក្នុងមួយរដូវកាលឡើងភ្នំដែលមានរយៈពេលត្រឹម ៥០ ថ្ងៃ។

នៅក្នុងមួយរដូវផ្ការីក អ្នកឡើងភ្នំ មគ្គទេសក៍និងបុគ្គលិកសម្របសម្រួលការឡើងភ្នំរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាបោះតង់ប្រមាណ ១ ៦០០ តង់នៅទីតាំងជំរុំដែលមានកម្ពស់ប្រហែល ៥ ៣៦៤ ម៉ែត្រ ដើម្បីត្រៀមខ្លួនឡើងកំពូលភ្នំ។ វាបានប្រែក្លាយភ្នំខ្ពស់ជាងគេនៅលើពិភពលោកមួយនេះ ឱ្យក្លាយទៅជាទីប្រជុំជនបណ្ដោះអាសន្នដែលមានទាំងតូបកាហ្វេ អ៊ីនធឺណិតល្បឿនលឿន ទឹកក្តៅសម្រាប់ងូត ទូរទស្សន៍អេក្រង់ធំ និងប្រព័ន្ធកម្ដៅក្រោមបាតតង់។

យោងតាមទិន្នន័យរូបភាពផ្កាយរណប Landsat តំបន់ជុំវិញកន្លែងបោះតង់នេះ កំពុងឡើងកម្ដៅលឿនជាងមុន ដោយសីតុណ្ហភាពផ្ទៃខាងលើបានកើនឡើងជាមធ្យម ០.២៨ អង្សាសេក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២៣។ ខណៈនៅក្នុងតំបន់ Khumbu នាភ្នំតែមួយនេះ មានអត្រាកម្ដៅកើនឡើងទាបជាងទីតាំងខាងលើជិតពាក់កណ្ដាល។

យ៉ាងណាមិញ ផលប៉ះពាល់ដែលកើតចេញពីកត្តាមនុស្សអាចនឹងមានទំហំធំជាងនេះ ព្រោះការសិក្សាខាងលើនៅមិនទាន់បានរាប់បញ្ចូលនូវកម្ដៅដែលបង្កើតឡើងដោយការហោះហើរតាមរយៈឧទ្ធម្ភាគចក្រ កម្ដៅរាងកាយរបស់អ្នកឡើងភ្នំ ឬកម្ដៅដែលបញ្ចេញដោយហ្វូងសត្វ Yak ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញនោះទេ។

អ្នកស្រាវជ្រាវសង្កត់ធ្ងន់ថា បម្រែបម្រួលអាកាសធាតុនៅតែជាមូលហេតុចម្បងនៃការរលាយផ្ទាំងទឹកកកលើភ្នំ Everest។ ទោះជាយ៉ាងណាក៏ដោយ វត្តមានរបស់មនុស្សរាប់ពាន់នាក់ និងបរិមាណទឹកនោមដែលពួកគេបញ្ចេញជារៀងរាល់ថ្ងៃ បានក្លាយជាបន្ទុកមួយដែលផ្ទាំងទឹកកកទាំងនោះមិនអាចទ្រាំទ្របាន។

ដើម្បីចូលរួមដោះស្រាយបញ្ហាខាងលើ ក្រុមអ្នកស្រាវជ្រាវបានណែនាំឱ្យពិចារណាផ្លាស់ប្តូរជំរំដើមនេះ ទៅកាន់ទីតាំងផ្សេងមួយទៀតដែលនៅមិនឆ្ងាយពីគ្នា ប៉ុន្តែជាទីតាំងដែលមានស្ថិរភាពជាង នៅពេលអនាគតដ៏ខ្លី។

បន្ថែមពីលើផលប៉ះពាល់នៃកម្ដៅ ភ្នំ Everest ក៏រងបន្ទុកដោយសំរាមជាង ៥០ តោនផងដែរ ដែលធ្វើឱ្យវាក្លាយជា “គំនរសំរាមដែលខ្ពស់បំផុតនៅលើពិភពលោក”។​ នេះបើយោងតាម National Geographic៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា