ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date បង្កើនឱកាសស្វែងរកដៃគូជីវិតនៅលើទឹកដីរបស់ខ្លួន។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ ប្រទេសនៅទ្វីបអឺរ៉ុបមួយនេះគ្រោងនឹងរៀបចំដំណើរកម្សាន្តស្វែងរកដៃគូស្នេហានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៧ ក្នុងទីក្រុង ២ គឺ Helsinki និង Tampere។ ដំណើរកម្សាន្តឥតគិតថ្លៃនេះ នឹងនាំភ្ញៀវទេសចរឱ្យទទួលបានបទពិសោធន៍ម្ហូបអាហារ និងវប្បធម៌ ខណៈចំណុចសំខាន់គឺការទទួលទានអាហារពេលល្ងាចជាមួយនឹងជនជាតិហ្វាំងឡង់បែប Blind date។

ដំណើរកម្សាន្តដែលមានឈ្មោះថា Finnish Dinner Date នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ Visit Finland ដែលមានគោលបំណងណែនាំភ្ញៀវទេសចរអន្តរជាតិឱ្យស្គាល់វិស័យម្ហូបអាហាររបស់ប្រទេសហ្វាំងឡង់មួយកម្រិតទៀត។

គំនិតនៃដំណើរកម្សាន្តស្វែងរកគូនេះ មានដើមកំណើតចេញពីនិន្នាការស្វែងរកគូដែលមានស្រាប់ នោះគឺ “Sinkkukori” ឬ “កន្ត្រកកំលោះក្រមុំ”។ ជាក់ស្តែង នៅហាងលក់ទំនិញមួយចំនួននៅក្នុងប្រទេសហ្វាំងឡង់ អ្នកនៅលីវអាចជ្រើសរើសកាន់កន្ត្រកពណ៌ផ្កាឈូក ដើម្បីជាសញ្ញាបញ្ជាក់ថាពួកគេនៅលីវ និងបើកចិត្តក្នុងការជួបមនុស្សថ្មី។

និន្នាការនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ រហូតអាចទាក់ទាញឱ្យយុទ្ធនាការ Visit Finland ចាប់យកគំនិតនេះមកអនុវត្តជាកម្មវិធីដំណើរកម្សាន្តស្វែងរកគូ Finnish Dinner Date។

លោកស្រី Heli Jimenez នាយិកាជាន់ខ្ពស់ផ្នែកទីផ្សារអន្តរជាតិនៃស្ថាប័ន Business Finland បានលើកឡើងថា៖ “អាហារនាំឱ្យប្រជាជនហ្វាំងឡង់ជួបជុំគ្នា ហើយពេលនេះ យើងកំពុងអញ្ជើញភ្ញៀវទេសចរឱ្យចូលរួមជាមួយយើង ក្នុងរបៀបមួយដែលប្លែកពីគេ”។

គួរកត់សម្គាល់ថា Visit Finland នឹងបែងចែកបេក្ខភាពទាំង ១៦ នាក់ជា ២ ក្រុម ដោយមួយក្រុមនឹងធ្វើដំណើរកម្សាន្តនៅទីក្រុង Helsinki និងមួយក្រុមទៀតនៅទីក្រុង Tampere ក្រោមការសម្រេចរបស់អ្នករៀបចំកម្មវិធី។

កម្មវិធីសំខាន់នៃដំណើរកម្សាន្តនេះ គឺការទទួលទានអាហារពេលល្ងាចជាក្រុមរវាងភ្ញៀវទេសចរទាំង ៨ នាក់ និងជនជាតិហ្វាំងឡង់ចំនួន ២ នាក់ ជាមួយនឹងមុខម្ហូបដែលសម្រិតសម្រាំងដោយចុងភៅឆ្នើមៗប្រចាំប្រទេស។

ដ្បិតសកម្មភាពនេះគឺជាការណាត់ជួបគ្នាបែប Blind Date ប៉ុន្តែអ្នករៀបចំកម្មវិធីបានជ្រើសរើសការណាត់ជួបជាក្រុម ជាជាងការណាត់ជួបបែប ១ ទល់ ១ ខណៈមិនធានាថា អ្នកចូលរួមនឹងអាចស្វែងរកឃើញដៃគូស្នេហានោះទេ។

ការដាក់ពាក្យចូលរួម Finnish Dinner Date គឺបើកចំពោះយុវជនយុវនារីនៅជុំវិញពិភពលោក ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ លើកលែងតែពលរដ្ឋ និងអ្នករស់នៅក្នុងប្រទេសហ្វាំងឡង់តែប៉ុណ្ណោះ។

បេក្ខជនត្រូវបង្កើតវីដេអូមួយលើប្រធានបទ៖ “តើអ្នកនឹងរៀបចំមុខម្ហូបអ្វីសម្រាប់ការណាត់ជួបទទួលទានអាហារពេលល្ងាច? ហើយហេតុអ្វីបានជាអ្នកជ្រើសរើសមុខម្ហូបនោះ?” បន្ទាប់មកផុសវីដេអូនៅលើ Instagram TikTok ឬ YouTube ដោយប្រើ hashtag #FinnishDinnerDate និង tag គណនីរបស់ Visit Finland។

ដោយឡែកសម្រាប់អ្នកមិនចង់ចែករំលែកវីដេអូជាសាធារណៈ បេក្ខជនក៏នៅតែអាចចូលរួមបាន ដោយផុសវីដេអូនៅលើ YouTube ជាលក្ខណៈ Unlisted ដែលមានន័យថាមានតែអ្នកដែលមានតំណភ្ជាប់ប៉ុណ្ណោះដែលអាចទស្សនាវីដូអូនោះបាន។

បន្ទាប់ពីផុសវីដេអូរួចរាល់ បេក្ខជនត្រូវបំពេញពាក្យនៅលើគេហទំព័រ Visit Finland ដោយភ្ជាប់ជាមួយនឹងតំណភ្ជាប់ទៅកាន់វីដេអូរបស់ខ្លួន ឱ្យបានមុនថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ១១:៥៩ ព្រឹក ម៉ោងនៅក្នុងប្រទេសហ្វាំងឡង់ ខណៈលទ្ធផលនឹងប្រកាសនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៦៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា