ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើយយួរថង់ស្រាបៀរចំនួន ២ ថង់ដើរទៅកាន់បុរីលំនៅដ្ឋាន Fu Tai Estate ក្នុងតំបន់ Tuen Mun។

ពេលនេះប៉ូលីសហុងកុងបានចាត់វិធានការបើកការស៊ើបអង្កេតករណីក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់នេះដែលត្រូវបានគេបង្ខំឱ្យយួរថង់ស្រាបៀរ បន្ទាប់ពីវីដេអូជាច្រើនត្រូវបានបង្ហោះតាមអនឡាញបង្ហាញពីការស្តីបន្ទោសនាងដោយបុរសម្នាក់ ស្របពេលមានការតទល់ជាមួយអ្នកជិតខាងដែលធ្វើឱ្យអ្នកធ្វើដំណើរនៅទីនោះបារម្ភពីសុខភាព និងសុវត្ថិភាពរបស់នាងយ៉ាងខ្លាំង។

អ្នកនាំពាក្យនគរបាលបានឱ្យដឹងថាពេលនោះមន្ត្រីប៉ូលីសបានទទួលរបាយការណ៍នៅវេលាម៉ោងប្រមាណ ១០:៣០ យប់ថ្ងៃអង្គារអំពីក្មេងស្រីម្នាក់ពាក់ឯកសណ្ឋានសិស្សត្រូវបានគេបង្ខំឱ្យយួរថង់ពីរដែលមានកំប៉ុងស្រាបៀរជាច្រើន ទៅកាន់អាគារមួយនៅក្នុងបុរី Fu Tai Estate តំបន់ Tuen Mun។

អ្នកនាំពាក្យរូបនោះបានបន្ថែមថាក្រោយមានការរាយការណ៍ មន្ត្រីប៉ូលីសក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាម ប៉ុន្តែមិនទាន់មានការចាប់ខ្លួននរណាម្នាក់នៅឡើយទេហើយការស៊ើបអង្កេតកំពុងតែបន្តធ្វើឡើង។

គួរបញ្ជាក់ផងដែរថា ផ្អែកលើច្បាប់ទីក្រុងហុងកុង ការលក់ ឬផ្គត់ផ្គង់គ្រឿងស្រវឹងដែលមានកម្រិតអាល់កុលលើសពី ០.៥% ដល់បុគ្គលអាយុក្រោម ១៨ ឆ្នាំតាមអាជីវកម្មគឺជាអំពើខុសច្បាប់ដែលត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ៥០ ០០០ ដុល្លារហុងកុង (ប្រមាណ ៦៤០០ ដុល្លារ) ហើយអ្នកលក់មានសិទ្ធិបដិសេធមិនលក់ឱ្យកុមារឡើយ ទោះជាទិញឱ្យឪពុកម្តាយក៏ដោយ។

ទោះបីជាច្បាប់មិនទាន់មានមាត្រាជាក់លាក់ណាមួយដើម្បីផ្តន្ទាទោសលើការប្រើប្រាស់កូនឱ្យទៅទិញ ឬយួរគ្រឿងស្រវឹងក្នុងលក្ខណៈគ្រួសារក៏ដោយ ប៉ុន្តែប្រសិនបើមានការបង្ខិតបង្ខំ គំរាមកំហែង ឬដាក់បន្ទុកធ្ងន់ធ្ងរដែលប៉ះពាល់ដល់រាងកាយ និងផ្លូវចិត្តរបស់កុមារ ឪពុកម្តាយ ឬអាណាព្យាបាលនឹងត្រូវចោទប្រកាន់ពីបទធ្វើបាប ឬបោះបង់ចោលកុមារ តាមច្បាប់បទល្មើសប្រឆាំងបុគ្គល (Cap. 212, Sec. 27) ដែលប្រឈមនឹងទោសពន្ធនាគាររហូតដល់ ១០ ឆ្នាំ ខណៈដែលអាជ្ញាធរនគរបាល និងនាយកដ្ឋានសង្គមកិច្ច (SWD) នឹងចុះអន្តរាគមន៍ភ្លាមៗដើម្បីវាយតម្លៃសុខុមាលភាព និងការពារកុមារ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា