អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជា រត់ភ្លើង​គប់​ក្នុង​ពិធី​បើក​ការ​ប្រកួត​​កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ ២០២៦ ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី​កម្ពុជា។

ពិធី​បើក​ការ​ប្រកួត​​កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ ២០២៦ ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ដែល​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ ៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ។ ការ​ចូលរួម​របស់​បវរកញ្ញា​ទាំង ២ រូប មិន​ត្រឹម​តែ​ជា​កិត្តិយស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បង្ហាញ​ពី​សមត្ថភាព ឆន្ទៈ និង​ស្មារតី​កីឡា​របស់​យុវតី​ខ្មែរ ដែល​កំពុង​រួម​ចំណែក​លើក​កម្ពស់​កិត្តិយស​ជាតិ​ផង​ដែរ។

កម្មវិធី​នឹង​មាន​ការ​ដង្ហែ​ទង់ជាតិ ទង់​កីឡា​ជាតិ ទង់​អូឡាំពិក និង​ទង់​ប៉ារ៉ាឡាំពិក ព្រម​ទាំង​ក្បួន​ព្យុហយាត្រា​របស់​ប្រតិភូ​កីឡា​មក​ពី​បណ្តា​ស្ថាប័ន និងរាជធានី-ខេត្ត។ ក្រៅពី​នេះ ទស្សនិកជន​ក៏​នឹង​បាន​ទស្សនាការសម្តែងសិល្បៈ និងចម្រៀងវប្បធម៌ពីសិល្បករល្បីៗ រួមមាន អ្នកនាង ទេព បូព្រឹក្ស អ្នកអង្គម្ចាស់ នរោត្តម ចេនណា និង លោក វណ្ណដា ព្រមទាំងកម្មវិធីពិសេសជាច្រើនទៀត។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ គឺការដើរបង្ហាញស្បៃខ្មែរ ដោយបវរកញ្ញា និងបុរសឯកប្រមាណ ៥០ រូប ដើម្បីបង្ហាញពីសម្រស់ អត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។ ក្នុងនោះ​ក៏មាន​វត្តមាន​របស់​កញ្ញា អ៊ិន លក្ខិណា និងកញ្ញា កុយ អេនណា ចូលរួមផងដែរ។ ចំពោះ​ការ​ជ្រើសរើស​បវរកញ្ញា​ទាំង ២​រូប ឲ្យ​រត់ភ្លើងគប់ លោកជំទាវ ញ៉ែម មរកត ប្រធាន​សមាគម​បវរកញ្ញា​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយ​បាន​បញ្ជាក់​ថា អ្នក​ទាំង ២ មាន​សមិទ្ធផល​គួរឲ្យ​កោតសរសើរ និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​កម្ពុជា។


កញ្ញា កុយ អេនណា ត្រូវ​បាន​លើក​ឡើង​ពី​សមិទ្ធផល​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ ក្នុង​ការ​ដើរ​ថ្មើរ​ជើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាប ក្នុង​ចម្ងាយ​ប្រមាណ ៣១៥ គីឡូម៉ែត្រ ដើម្បី​បុព្វហេតុ​មនុស្ស​ធម៌។ សមិទ្ធផល​នេះ​បង្ហាញពីការតស៊ូ ការប្តេជ្ញាចិត្ត និងបេះដូងដែលចង់ចូលរួមជួយសង្គម។

ចំណែក​កញ្ញា អ៊ិន លក្ខិណា គឺជា​អតីត​កីឡា​ការិនី​ហែល​ទឹក​ថ្នាក់​ជាតិ ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​កីឡា និង​ការងារ​សង្គម។ លើស​ពី​នេះ​ នាង​ក៏​បាន​បង្កើត​សមិទ្ធផល​គួរឲ្យ​មោទនភាព ដោយ​ជាប់​ក្នុង​ចំណោម​បេក្ខភាព Top 40 នៃការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០២៦។


សមិទ្ធផល​របស់​បវរកញ្ញា​ទាំង ២ រូប គឺជា​សក្ខីភាព​បង្ហាញ​ថា សម្រស់ សមត្ថភាព ស្មារតី​កីឡា និង​ការ​លះបង់ ដើម្បី​សង្គម អាច​ដើរ​ទន្ទឹមគ្នា និង​ក្លាយ​ជា​កម្លាំង​វិជ្ជមាន​សម្រាប់​ប្រទេស​ជាតិ។

នេះមិនមែនគ្រាន់តែជាការរត់ភ្លើងគប់នោះទេ ប៉ុន្តែជាការបញ្ជូនសារនៃក្តីសង្ឃឹម ការតស៊ូ និង​មោទនភាព​ជាតិ តាមរយៈ​ស្មារតី​របស់​យុវតី​ខ្មែរ ដែល​ត្រៀម​បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក​ជាតិ។
សូម​ជម្រាប​ថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​៧ ដល់ថ្ងៃ១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៦៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា