សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ ព្រម​ទាំង​លើក​ទឹក​ចិត្ត​នោះ​ បាន​ចាក់​បញ្ចាំង​នៅ​លើ​រោង​ភាព​យន្ត​ហើយ។

រឿង “សូម៉ា” បាន​ដាក់​សម្ពោធ​កាលពី​ល្ងាចមិញ​ថ្ងៃ ៦ ខែ​តុលា ឆ្នាំ ២០២៦ នៅរឿងភាពយន្ត Sabay Cinema ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​សិល្បៈ​ក៏​ដូចជា​អ្នក​ស្នេហា​វិស័យ​ភាព​យន្ត​ផង​ដែរ។​ សម្រាប់​រឿង​នេះ ផលិតករ​ជើងចាស់​ដែល​ជា​អ្នកដឹកនាំ​ក៏​ដូច​ជា​ម្ចាស់​ផលិតកម្ម Wonder Film លោក សែម វិសាល បាន​បញ្ជាក់ ថា​លោក​បាន​សរសេរ​រឿង​នេះ តាំង​តែ​ពី ឆ្នាំ ២០១២ មក​ម្ល៉េះ​ ហើយ​បាន​យក​ទៅ​ឆ្លង​នៅ​នាយដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ផង​ដែរ។

តែ​ទោះ​ជា​យ៉ាង​ណា គ្រោង​ឆ្អឹង​រឿង​នា​ពេល​ប្រមាណ​ជាង​មួយ​ទសវត្សរ៍​មុន​នោះ​មិន​អាច​ឲ្យ​អ្នក​មើល​រឿង​​ខ្មែរ និង​អ្នក​ផលិត​អាច​បង្កើត​ចេញ​ជា​រូបរាង​បាន​ទេ នៅ​ត្រឹម​លើ​ក្រដាស។ ទើប​មក​ដល់​ឆ្នាំ ២០២៤ ម្ចាស់​ផលិតកម្ម​ខ្មែរ​ដែល​សូម្បី​អន្តរជាតិ​ទទួល​ស្គាល់​រូប​នោះ​សម្រេច​បាន​នូវ​ជំហាន​មួយ​ថ្មី​ដោយ​អាច​ធ្វើ​ចេញ​ជា​រូប​រាង និង​ក្លាយ​ជា​រឿង​ខ្មែរ​ថ្មី ប្លែក​បែប​វិទ្យាសាស្ត្រ​ដែល​មិន​សូវ​មាន​អ្នក​ផលិត។

លោក​ សែម វិសាល​ បាន​បញ្ជាក់​ថា​ សូម៉ា​ បាន​សម្រិតសម្រាំង និង​ផ្ចិតផ្ចង់​ជា​ទីបំផុត​មិន​ថា​សាច់​រឿង​ ទីតាំង​ តួសម្ដែង និង​សម្ភារ​ថត​ក៏​ត្រូវ​បាន​លោក និង​ក្រុម​ការងារ​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត។​​ មិនតែប៉ុណ្ណោះ​ បច្ចេកទេស​គ្រប់​ផ្នែក មុន​ពេល​ចាប់ផ្ដើម​ថត ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ដើម្បី​ឲ្យ​អ្នក​ទស្សនា មើល​ហើយ​ចងចាំ​រឿង​នេះ​តែម្ដង។

រឿង​ សូម៉ា បាន​ចំណាយ​ពេល​ថត​ជាង ២ ឆ្នាំ​​​ទម្រាំ​មក​ដល់​ថ្ងៃ​ចាក់​បញ្ចាំង​ ធ្វើឲ្យ​តួឯក​ស្រី កូនខ្មែរ កាត់​បារាំង ខេមា លាន់​មាត់​ថា ការ​ផលិត​យូរ​ពេក នាង​ភ្លេចសាច់​រឿង​សឹង​តែ​អស់ទៅហើយ តែ​ភាព​អស្ចារ្យ នៃ​ការ​រៀបចំ​កន្លង នាង​មិន​អាច​បំភ្លេច​បាន​ទេ។ មួយវិញទៀត​ រឿង​នេះ​មិន​មែន​តែ​បែប​វិទ្យាសាស្ត្រ​ម្យ៉ាង​ទេ វា​ក៏​ជា​ភាពយន្ត​បង្ហាញ​ពី​មនោសញ្ចេតនា​ការ​លះបង់ ការ​ការ​ពារ និង​ការ​ដឹង​គុណ ដើម្បី​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​។

រឿង “សូម៉ា” របស់ Wonder Film ជា​ភាពយន្ត​ដ៏​ស្មុគស្មាញ​មួយ ដោយ​មិន​ត្រឹមតែ​បែប sci-fi មួយ​មុខ​ទេ តែ​ក៏​មាន​ភាព​ភ័យខ្លាច action ក្នុង​រឿង​តែ​មួយ។ រឿង​នេះ ត្រូវ​បាន​លោក វិសាល ពណ៌នា​ថា បាន​បង្ហាញ​ពី​ចក្ខុវិស័យ ឧបសគ្គ ផល​លំបាក ការ​បរាជ័យ ការ​កែសម្រួល តស៊ូ​ជាច្រើន​ឆ្នាំ ទម្រាំ​បាន​ចេញ​ជា​រូបរាង។

គួរបញ្ជាក់ថារឿង “សូម៉ា” នឹងត្រូវចាក់បញ្ចាំងគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃ ៨ ខែតុលា ឆ្នាំ ២០២៦ តទៅ ដែល​នេះ​ជាប្រភេទ​រឿងមិនសូវមានអ្នកផលិតឡើយក្នុងប្រទេស តែផលិតកម្ម Wonder Film បានជ្រើសផលិត ដើម្បីបង្ហាញ​ថា ខ្មែរអាចបង្កើតភាពយន្តបែបថ្មី​ក្រៅពីរឿង​ខ្មោច និង​កំប្លែង​បាន៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា