សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់ប្រទេសនេះ ក្នុងគោលបំណងដោះស្រាយបញ្ហាការថយចុះនៃការរៀបការ និងអត្រាកំណើតដែលធ្លាក់ចុះទាបជាប្រវត្តិសាស្ត្រ។

គំនិតផ្តួចផ្តើមសាកល្បងនេះត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា ដោយមានឈ្មោះថា “FirstDate” និងផ្តោតលើអ្នកធ្វើការដែលមានអាយុចន្លោះពី ២១ ដល់ ៣៥ ឆ្នាំ។ កម្មវិធីនេះបានប្ដេជ្ញាថានឹងបញ្ចប់ភាពនឿយហត់ក្នុងការ «អូសរំលង» ដែលគេតែងតែជួបប្រទះនៅលើកម្មវិធីស្វែងរកគូស្នេហ៍មួយចំនួន ខណៈពេលដែលជួយបង្កើត «ទំនាក់ទំនងប្រកបដោយការយកចិត្តទុកដាក់»។

ក្នុងកម្មវិធីនោះ មន្ត្រីរាជការអាចបំពេញព័ត៌មានលម្អិត រួមមានចំណង់ចំណូលចិត្ត ទម្លាប់ ជំនឿសាសនា និង «លក្ខខណ្ឌដែលមិនអាចទទួលយកបាន»។

កម្មវិធីបានសន្យារក្សាភាពឯកជនដាច់ខាត ដោយបញ្ជាក់ថា «មានតែគូដែលត្រូវគ្នានឹងអ្នកប៉ុណ្ណោះដែលឃើញប្រវត្តិរូបរបស់អ្នក ហើយអ្នកជាអ្នកសម្រេចចិត្តថាត្រូវចែករំលែកព័ត៌មានទំនាក់ទំនងរបស់អ្នកឬអត់»។

ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះក៏បានស្ទង់មតិអ្នកប្រើប្រាស់ផងដែរដោយសួរថា «ប្រាប់យើងពីដំណើរការនៃការណាត់ជួបរបស់អ្នក!» ជាមួយនឹងការផ្តល់ពិន្ទុជាផ្កាយ និងប្រអប់ផ្តល់មតិយោបល់ (ជម្រើសបន្ថែម)។

ការដាក់ពាក្យសុំចូលរួមក្នុងវគ្គសាកល្បងនេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

មានប្រជាជនជាង ៦ លាននាក់ ប្រទេសសិង្ហបុរីបានជួបប្រទះនូវបញ្ហាអត្រាកំណើតធ្លាក់ចុះទាបបំផុតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ស្របពេលប្រជាជនសិង្ហបុរីកាន់តែតិចទៅៗបានរៀបការ ដោយតួលេខផ្លូវការបានបង្ហាញថា ការចុះបញ្ជីអាពាហ៍ពិពាហ៍បានធ្លាក់ចុះជាលើកទីបីជាប់ៗគ្នាក្នុងឆ្នាំ ២០២៥។

ទន្ទឹមនោះ សិង្ហបុរីក៏បានក្លាយជា «សង្គមមនុស្សចាស់កម្រិតកំពូល ឬ Super-aged society» ជាផ្លូវការផងដែរនៅក្នុងឆ្នាំនេះ ដោយប្រជាជនសរុបយ៉ាងហោច ២១ ភាគរយមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។

អត្រាកំណើតរបស់ប្រទេសនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគឺ ០.៨៧ សម្រាប់ស្ត្រីម្នាក់កាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះពី ០.៩៧ ក្នុងឆ្នាំ ២០២៤ និង ១.២៤ កាលពីមួយទសវត្សរ៍មុន ដែលធ្វើឱ្យសិង្ហបុរីក្លាយជាប្រទេសដែលមានអត្រាកំណើតទាបជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។

កាលពីខែសីហា លោកនាយករដ្ឋមន្ត្រី Lawrence Wong បានប្រកាសផ្ដល់កញ្ចប់ថវិកាដើម្បីលើកទឹកចិត្តឱ្យមានគ្រួសារធំ រួមទាំងការផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ដោយឡែកនៅក្នុងប្រទេសជប៉ុន កម្មវិធីស្វែងរកគូស្នេហ៍ដើរដោយបច្ចេកវិទ្យា AI ដែលត្រូវបានដាក់ឱ្យដំណើរការដោយរដ្ឋាភិបាលទីក្រុងតូក្យូកាលពីឆ្នាំ ២០២៤ ដើម្បីលើកកម្ពស់អត្រាកំណើតដ៏ទាបរបស់ជប៉ុននោះ បាននាំឱ្យមានការរៀបអាពាហ៍ពិពាហ៍រហូតដល់ ២៦៥ គូ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា