មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រពភាពយន្តខ្លី ចតុមុខ មាន​គោលដៅ​ក្នុង​ការ​ជំរុញ​ការ​ច្នៃ​ប្រតិដ្ឋ​របស់យុវជន និងគាំទ្រការអភិវឌ្ឍវិស័យភាពយន្ត កម្ពុជា ក៏​ដូចជា​ផ្សារភ្ជាប់​ភាពយន្ត​កម្ពុជា​ជាមួយ​ទេសចរណ៍​អន្តរជាតិ។ 

CSFF ជាថ្នាលដំបូងគេនៅកម្ពុជាសម្រាប់វិស័យភាពយន្តខ្លី ដែលរៀបចំ ដោយក្រុម និង​អង្គការ​ភាពយន្តឈូករ័ត្ន។ នៅជំនាន់ទី១៥នេះ មហោស្រព នឹងចាក់បញ្ចាំងភាពយន្តខ្លី៩០រឿង ដោយ​រួមទាំង​ស្នាដៃ​កូន​ខ្មែរ ៤០ចំណងជើង និង​ស្នាដៃអន្តរជាតិ៥០ ចំណង​ជើង​ទៀត ដែល​ចូលរួម​ពី ៣៣ ប្រទេស​ផ្សេងៗគ្នា។ 

មហោស្រព​ភាពយន្តខ្លីចតុមុខ ដែលជាមហោស្រព​ភាពយន្ត​ខ្លី ដំបូងគេ និង​មាន​អាយុកាល​យូរ​ជាង​គេ​នៅ​កម្ពុជា។ ការ​ប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តទៅនៅរោងភាពយន្ត Fable Cinema ក្នុង​បរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកសារព័ត៌មាន ផលិតករ​ភាពយន្ត ភ្ញៀវកិត្តិយស និងដៃគូសហការ ក្នុងឧស្សាហកម្មភាពយន្ត។

គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីចែករំលែកពីបេសកកម្មពង្រីកវិសាលភាពថ្មី របស់ មហោស្រព ការ​ដាក់​ឲ្យ​ប្រកួតប្រជែង ផ្នែកភាពយន្តប្រើបញ្ញាសិប្បនិមិ្មត​ជាលើកដំបូង និងផែនការ ដំណើរ​ចាក់​បញ្ចាំង​ពេញប្រទេស និង​ក្រៅ​ស្រុក​នាពេល​ខាងមុខ ក្នុង​គោលដៅ​បន្ត​លើក​តម្កើង​សិល្បៈ​ច្នៃ​ប្រតិដ្ឋ និង​អាជីព​នៃ​ការ​រៀបរាប់​សាច់រឿងជាខ្សែភាពយន្ត (Cinematic Storytelling)។

លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រព បាន​គូស​បញ្ជាក់ ពី​ទំហំ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​រៀបចំ​លើ​ទី ១៥ នេះថា៖ «មហោស្រពភាពយន្តខ្លី ចតុមុខ ដើរ​តួនាទី​សំខាន់​ណាស់​សម្រាប់​កម្ពុជា។ អស់​រយៈពេល ១៥ ឆ្នាំមកហើយ មហោស្រពនេះ បានផ្តល់​ឱកាសដល់ទស្សនិកជនរបស់យើង ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍​ពី​ការ​ស្រមើស្រមៃ​របស់​ពិភពលោក ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​បាន​បង្ហាញ​ពី​ចក្ខុ​វិស័យ​របស់​សមិទ្ធិករ​ភាពយន្ត​កម្ពុជា​ផង​ដែរ។ ឆ្នាំនេះ​យើង​មានមោទនភាពយ៉ាងក្រៃលែង ក្នុង​ការ​បង្ហាញ​ជូននូវ​ភាព​យន្តយ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែលផ្សារភ្ជាប់ទេពកោសល្យក្នុងស្រុក ជាមួយ​នឹង​កេរ្តិ៍ឈ្មោះ​លំដាប់​សកល​ដែល​ដើរ​តួ​ជា​ចំណុច​ប្រសព្វ​ដ៏​សំខាន់​សម្រាប់​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ភាពយន្ត ទន្ទឹម​នឹង​ការ​បើក​ទទួលរឿង ផលិត​ដោយប្រើបញ្ញាសិប្បនិម្មិត (AI) លើក​ដំបូង​ក្នុង​ប្រវត្តិCSFF»។

សម្រាប់​ភាពយន្ត​អន្តរជាតិ​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ឆ្នាំ ២០២៦ នេះ​មាន​កេរ្តិ៍ឈ្មោះ​លំដាប់​ពិភព​លោក​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​មាន​ការ​ចូលរួម ពី​ភាពយន្ត​ដែល​ធ្លាប់​បាន​ចាក់​បញ្ចាំង​នៅ​តាម​មហោស្រព​លំដាប់​កំពូល​ៗ​ដូចជា Cannes, TIFF, SXSW, និង Berlinale ផង​ដែរ។ លើស​ពី​នេះ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នៃ​ឧស្សាហកម្ម​នេះ។ ការ​រៀបចំ​​លើកទី ១៥ នេះ បាន​ផ្ដួចផ្ដើម​មាន​ផ្នែក​ថ្មី​មួយគឺ «ភាពយន្តខ្លី AI អន្តរជាតិ» ដែល​រាប់​ថា​ជា​វេទិកា​មួយ​ក្នុង​ការ​ស្វែងយល់​ពី​ចំណុច​ប្រសព្វ រវាង​បញ្ញា សិប្បនិម្មិត និង​សិល្បៈ​នៃ​ការ​រៀបរាប់សាច់រឿងរបស់មនុស្ស។

មហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី ១៥ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃ ៣០ ខែ​តុលា ដល់​ថ្ងៃ ២ ខែ​វិច្ឆិកា ឆ្នាំ ២០២៦។ ដោយ​ពិធី​បើក​នឹង​ធ្វើ​​នៅរោងភាពយន្ត Legend Cinema (សាខាអូឡាំព្យា)។ ចំណែក​ពិធីបិទ​ធ្វើ​ឡើង​ថ្ងៃ ២ ខែ​វិច្ឆិកា នៅរោងភាពយន្ត Sabay Cinema (សាខាអ៊ីអន ១)។

ដំណើរចាក់បញ្ចាំងពេញប្រទេស និងក្រៅស្រុក បន្ទាប់ពីព្រឹត្តិការណ៍ចម្បងនៅភ្នំពេញ ភាពយន្ត​ដែល​ទទួល​បាន​ជ័យលាភី អាច​នឹង​ត្រូវ​នាំយកទៅចាក់បញ្ចាំងនៅតាមបណ្តាខេត្ត ដូចជា​បាត់ដំបង សៀមរាប និង​កែប និង​នៅ​ប្រទេសម៉ាឡេស៊ី គ្រាន់តែ​​អាស្រ័យ​លើ​បដិភាគ ហិរញ្ញវត្ថុ ដែល​នឹង​ប្រមូល​បាន​នៅ​ដើមខែ​ក្រោយ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា