សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ “Temporary Children” ដែលជាអាជីវកម្មកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងប្រទេសចិន ចំនួនមនុស្សចាស់ដែលត្រូវរស់នៅតែម្នាក់ឯងបានកើនឡើងនៅទូទាំងប្រទេស។ ការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅនេះ បានឱ្យដឹងថា កត្តានេះកើតឡើងដោយសារហេតុផលជាច្រើន។ តួយ៉ាង ដូចជាករណីអ្នករស់នៅឯទីជនបទត្រូវធ្វើចំណាកស្រុកដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច ឬករណីនិស្សិតដែលត្រូវចាកចេញពីស្រុកកំណើតដើម្បីស្វែងរកការងារនៅទីក្រុងផ្សេងជាដើម។

“ការជួលកូនបណ្ដោះអាសន្ន” គឺជាអាជីវកម្មដែលអតិថិជន ភាគច្រើនជាមនុស្សចាស់រស់នៅផ្ទះតែម្នាក់ឯង នឹងផ្តល់ប្រាក់ឈ្នួលដល់អ្នកស៊ីឈ្នួលដែលដើរតួជា “កូន” ដើម្បីមកធ្វើជាមិត្តបំបាត់ភាពឯកា ចាប់តាំងពីការមកសួរសុខទុក្ខនៅផ្ទះ ជជែកកម្សាន្ត យកអាហារមកឱ្យ ជួយធ្វើការងារផ្ទះតិចតួច ជួសជុលឧបករណ៍នានា ឬនាំទៅមន្ទីរពេទ្យជាដើម។

ការជួលកូនបណ្ដោះអាសន្ន គឺជាសេវាកម្មមួយស្ថិតនៅក្រោមឈ្មោះ “ឧស្សាហកម្មភាពឯកា” ឬ “Loneliness Industry” ដែលកំពុងទទួលបានប្រជាប្រិយភាពជាលំដាប់ចាប់តាំងពីឆ្នាំ​ ២០២៥ មកម៉្លេះ។ យ៉ាងណាមិញ ការជួលមនុស្សដើម្បីបំបាត់ភាពឯកានេះ មិនមែនកើតឡើងតែចំពោះមនុស្សចាស់ប៉ុណ្ណោះទេ សូម្បីតែយុវជនខ្លះក៏បានជួល “មិត្តបណ្ដោះអាសន្ន” ដើម្បីកំដរផងដែរ។

ផ្អែកលើនិន្នាការនេះ ក្រុមហ៊ុន Sinolink បានវាយតម្លៃទីផ្សារនៃសេវាកម្មប្រភេទខាងលើថាមានតម្លៃប្រមាណ ៧.៤ លានដុល្លារអាមេរិក ខណៈរំពឹងទុកថាទំហំនៃសេវាកម្មនេះនឹងកាន់តែធំជាងមុននៅពេលខាងមុខ។

អ្នកស្រី Teresa Kuan សាស្ត្រាចារ្យពីសាកលវិទ្យាល័យ Chinese University of Hong Kong បានវិភាគពីការផ្ទុះឡើងនៃសេវាកម្មនេះថា ដោយសារតែមនុស្សនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងភាពឯកា ទើបធ្វើឱ្យយើងត្រូវស្វែងរកការភ្ជាប់ទំនាក់ទំនងរវាងមនុស្សកាន់តែច្រើន។

សាស្ត្រាចារ្យរូបនេះបានឱ្យដឹងបន្ថែមថា ប៉ុន្តែការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃជារឿងដែលមិនច្បាស់លាស់ ដូច្នេះការជួល ឬបង់ប្រាក់ គឺប្រៀបដូចជាចំណងមួយក្នុងរូបភាពជាសេវាកម្ម ដែលមានភាពច្បាស់លាស់ជាង។ អ្នកស្រីបានប្រាប់ទៀតថា សម្រាប់មនុស្សមួយចំនួនជ្រើសរើសបង់ប្រាក់ ដើម្បីរំសាយការលំបាកក្នុងចិត្តរបស់ខ្លួនទៅឱ្យមនុស្សប្លែកមុខស្តាប់។

លោក Wang Yingwei ដែលជាអ្នកផ្ដល់សេវាកម្មនេះបានប្រាប់សារព័ត៌មាន BBC ថា៖ “មនុស្សចាស់ធ្វើមកលើពួកយើងដូចជាពួកយើងជាកូនចៅរបស់គាត់អ៊ីចឹង។ ដូចគ្នាដែរ ពួកយើងក៏ប្រព្រឹត្តទៅលើពួកគេដូចជាឪពុកម្តាយរបស់ពួកយើងដូចគ្នា”។

ទន្ទឹមគ្នានេះ លោកយាយ Zheng Ruizhi ដែលជាអ្នកជួលបាននិយាយថា៖ “ខ្ញុំស្រឡាញ់អ្នក (Wang Yingwei) អស់ពីបេះដូង។ ខ្ញុំកោតសរសើរ និងទុកចិត្តអ្នក។ ពេលដែលអ្នកជួយខ្ញុំ ខ្ញុំគ្មានការព្រួយបារម្ភ ឬភ័យខ្លាចអ្វីឡើយ”។

ក្រៅពីហេតុផលផ្នែកចិត្តវិទ្យា អាជីវកម្មនេះក៏ពាក់ព័ន្ធនឹងការដែលប្រទេសចិនឈានចូលដល់ “សង្គមចាស់ជរា” យ៉ាងពេញលេញផងដែរ ដោយនៅចុងឆ្នាំ​ ២០២៥ ប្រទេសចិនមានប្រជាជនអាយុ ៦០ ឆ្នាំឡើងទៅ ប្រមាណ ៣២៣.៣៨ លាននាក់ ស្មើនឹង ២៣ ភាគរយ នៃប្រជាជនសរុប។ ខណៈមានការព្យាករណ៍ថា ទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន នឹងឈានចូល “សង្គមចាស់ជរាកម្រិតកំពូល” ឬ Super-aged society នៅក្នុងឆ្នាំ​ ២០៣៥។

គួបផ្សំនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គម ដែលយុវជនត្រូវចេញទៅធ្វើការនៅក្រៅផ្ទះ ឬទីក្រុងផ្សេង ធ្វើឱ្យមនុស្សចាស់ត្រូវរស់នៅដោយឯកាកាន់តែខ្លាំង។ ហេតុដូច្នេះហើយ បញ្ហាប្រឈមដែលរដ្ឋាភិបាលប្រទេសនីមួយៗត្រូវជួបប្រទះក្នុងស្ថានភាពសង្គមចាស់ជរា មិនមែនគ្រាន់តែគោលនយោបាយដែលជំរុញឱ្យប្រជាជនមានកូនបន្ថែមប៉ុណ្ណោះទេ។

ប៉ុន្តែគឺជាគោលនយោបាយដែលផ្ដោតទៅលើសុខុមាលភាពសម្រាប់មើលថែមនុស្សចាស់គ្រប់រូបភាព រួមទាំងមនុស្សចាស់ដែលត្រូវការទីពឹង មានជំងឺធ្ងន់ធ្ងរ ឬរស់នៅតែម្នាក់ឯង ដើម្បីធានាថាពួកគាត់នឹងមានគុណភាពជីវិត និងស្ថានភាពផ្លូវចិត្តប្រសើរឡើង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា