គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បន្ទាប់ពីជម្លោះរវាងអ្នកលក់ និងអ្នកស្នងមរតករបស់ម្ចាស់ដើមត្រូវបញ្ចប់។

រូបគំនូរមានឈ្មោះថា “Chataigniers en fleurs” (ដើមកៅឡាក់កំពុងរីកផ្កា) ដែលគូរនៅឆ្នាំ ១៨៩០ ក្នុងតំបន់ Auvers-sur-Oise ប្រទេសបារាំង បានបង្កើតកំណត់ត្រាថ្មីសម្រាប់វិចិត្រករជនជាតិហូឡង់រូបនេះ ហើយបានក្លាយជាស្នាដៃមានតម្លៃថ្លៃបំផុតដែលត្រូវបានដាក់ដេញថ្លៃនៅក្នុងរដូវកាលនេះ។

កំណត់ត្រាដេញថ្លៃពីមុនសម្រាប់គំនូររបស់ Van Gogh គឺ ១១៧,២ លានដុល្លារអាមេរិក សម្រាប់ស្នាដៃឆ្នាំ ១៨៨៨ មានឈ្មោះថា “Orchard with Cypresses” (ចម្ការផ្លែឈើជាមួយដើមស៊ីប្រេ) ដែលត្រូវបានលក់នៅក្រុមហ៊ុន Christie’s ក្នុងទីក្រុងញូវយ៉ក កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។

លោក Samuel Fischer ជាម្ចាស់រោងពុម្ពជនជាតិអាល្លឺម៉ង់ដ៏មានឥទ្ធិពលមួយរូប បានទិញគំនូរនេះនៅទីក្រុងប៉ារីសក្នុងឆ្នាំ ១៩០៩ ហើយគ្រួសាររបស់លោកបានលក់វាចេញនៅឆ្នាំ ១៩៣៦។

ទារយាទស្នងមរតករបស់លោកធ្លាប់បានជំទាស់នឹងការលក់នេះ ដោយលើកឡើងថា គ្រួសាររបស់លោក Fischer បានលក់គំនូរនេះចេញ ក៏ព្រោះតែពួកគេជួបប្រទះការខាតបង់ផ្នែកហិរញ្ញវត្ថុក្រោមរបបណាស៊ីប៉ុណ្ណោះ។

លោក Gunnar Schnabel មេធាវីរបស់អ្នកស្នងមរតកទាំងនោះ បានស្នើឱ្យក្រុមហ៊ុន Sotheby’s បញ្ជាក់ថា គំនូរនេះត្រូវបានលក់ក្នុងតម្លៃទីផ្សារពិតប្រាកដ ហើយថាគ្រួសារនេះនឹងលក់វាចេញដដែល ទោះបីជាមិនមានបរិបទនយោបាយបែបនោះក៏ដោយ។

យោងតាមក្រុមហ៊ុន Sotheby’s គ្រួសារ Blaquier-Arrieta បានទិញគំនូរនេះនៅឆ្នាំ ១៩៧៥ និងបានកាន់កាប់វាអស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ។

ប៉ុន្តែនៅថ្ងៃអង្គារ ក្រុមហ៊ុន Sotheby’s បានប្រកាសថា “កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរវាងគ្រួសារ Blaquier-Arrieta និងអ្នកស្នងមរតកស្របច្បាប់ទាំងអស់របស់លោកស្រី Hedwig និងលោក Samuel Fischer ពាក់ព័ន្ធនឹងការលក់គំនូរ ‘Chataigniers en fleurs’ របស់ Vincent van Gogh”។

យោងតាម ​​Sotheby’s ក្រុមអ្នកទទួលមរតករបស់គ្រួសារ Fischer បានលើកឡើងថា ពួកគេ «មានក្តីដឹងគុណចំពោះការចរចា និងកិច្ចសហប្រតិបត្តិការប្រកបដោយទំនុកចិត្ត និងភាពយុត្តិធម៌ ជាមួយ Sotheby’s និងគ្រួសារ Blaquier-Arrieta ដែលបានធ្វើឱ្យអាចទទួលស្គាល់ពីទុក្ខលំបាករបស់គ្រួសារ Fischer ក្នុងសម័យកាលណាស៊ី (Nazi) ព្រមទាំងផ្តល់កិត្តិយសដល់ប្រវត្តិរបស់លោកស្រី Gisela Berman Fischer ក្នុងការស្វែងរកយុត្តិធម៌សម្រាប់គ្រួសាររបស់គាត់» ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា