យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយពីផ្នត់គំនិតរបស់ជនជាតិចិនបុរាណ ដែលយកការរីកចម្រើនខាងអាជីពការងារជាចំណុចខ្ពស់បំផុតនៃភាពជោគជ័យរបស់ជីវិត។

ផ្អែកតាម South China Morning Post ចំនួនបុគ្គលិកវ័យក្មេងជនជាតិចិនដីគោកកាន់តែច្រើនបានសម្រេចចិត្តមិនទទួលការឡើងតំណែង ដោយការបង្ហោះទាក់ទងនឹងបញ្ហានេះមានអ្នកចូលមើលជាង ៤០ លានដង។

កម្មករនិយោជិតជាច្រើនរូប បានចែករំលែកស្គ្រីបតាមអ៊ីនធឺណិតដើម្បីយកទៅបដិសេធការឡើងតំណែង ដោយចាប់ផ្ដើមបង្ហាញពីការដឹងគុណ បន្តដោយការអះអាងថាមិនទាន់ត្រៀមខ្លួនរួចរាល់ ខណៈគ្រាន់តែចង់បានប្រាក់តបស្នងដែលល្អជាងមុន ឬការទទួលស្គាល់តម្លៃរបស់ពួកគេនៅក្នុងតំណែងបច្ចុប្បន្នប៉ុណ្ណោះ។

ជាក់ស្ដែង បុគ្គលិកម្នាក់ឈ្មោះថា June បានបដិសេធឱកាសឡើងតំណែងនេះ ៣ ដងរួចមកហើយ។ តាមរយៈវេទិកាអនឡាញ 36Kr នាងបានឱ្យដឹងថា ការឡើងតួនាទីជាអ្នកគ្រប់គ្រងតែងតែទាមទារការទទួលខុសត្រូវច្រើន ដែលមិនសមាមាត្រទៅនឹងផលតបស្នងផ្នែកហិរញ្ញវត្ថុ។

ដោយឡែកសម្រាប់ Zheng ដែលមានតួនាទីជាអ្នកគ្រប់គ្រងផលិតផលនៅក្រុមហ៊ុនផ្សេងមួយទៀត បានយល់ឃើញថា តំណែងកម្រិត “Senior” គឺជាបន្ទុកច្រើនជាងការទទួលបានរង្វាន់។ បន្ទាប់ពីការឡើងតំណែង នាងបានឃើញថា ខ្លួនឯងត្រូវបំពេញការងារជាច្រើនតែម្នាក់ឯង ខណៈដែលថ្នាក់លើបានត្រឹមតែប្រាប់នាងថា សម្ពាធដែលកើតឡើងនេះគឺជាឱកាសមួយដើម្បីអភិវឌ្ឍសមត្ថភាពអាចឱ្យនាងធ្វើការងារដោយឯករាជ្យបាន។

សម្រាប់និយោជិតវ័យក្មេងចិនជាច្រើនទៀតបានយល់ឃើញថា ការបដិសេធការឡើងតំណែងមិនមានន័យថាជាការបោះបង់ចោលមហិច្ឆតា ឬជាការនៅនឹងថ្កល់មួយកន្លែងនោះទេ។ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងថា ពួកគេចង់គេចចេញពីសម្ពាធការងារ និងតួនាទី Middle Management ដែលស្ថិតនៅចំកណ្ដាលរវាងការរំពឹងទុករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកក្រោមបង្គាប់។

ស្របគ្នា អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់បានចែករំលែកថា៖ “បន្ទាប់ពីក្លាយជាប្រធានក្រុមបណ្តោះអាសន្ន ខ្ញុំទទួលបានប្រាក់តបស្នងបន្ថែមត្រឹមតែ ១០០ យ៉ន់ ឬ ១៥ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែរាល់ពេលដែលមានរឿងខុសឆ្គងកើតឡើង ខ្ញុំគឺជាអ្នកដែលត្រូវទទួលខុសត្រូវទាំងស្រុង”។

មនុស្សម្នាក់ទៀតបាននិយាយថា៖ “ការបដិសេធការឡើងតំណែងមិនស្មើនឹងការបោះបង់ចោលនូវការរីកចម្រើននោះទេ។ ការរីកចម្រើនមិនចាំបាច់ទាល់តែបានឡើងតំណែងខ្ពស់ឡើយ ពេលខ្លះវាទាក់ទងនឹងការអភិវឌ្ឍផ្ទាល់ខ្លួនទៅវិញទេ។ ខ្ញុំប្រាថ្នាចង់បានការងារដែលមានស្ថិរភាព និងអាចគ្រប់គ្រងបាន មានពេលវេលាច្រើនសម្រាប់ធ្វើអ្វីដែលខ្លួនចូលចិត្ត និងសម្រាប់ចំណាយជាមួយគ្រួសាររបស់ខ្ញុំ”។

និន្នាការនេះ មិនមែនមានតែនៅក្នុងប្រទេសចិននោះឡើយ។ ខណៈ Robert Walters ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកពីអង់គ្លេសបានដាក់ឈ្មោះនិន្នាការជាសកលនេះថា Conscious Unbossing។ លទ្ធផលនៃការស្ទង់មតិកាលពីឆ្នាំ ២០២៤ របស់ក្រុមហ៊ុនខាងលើបានរកឃើញថា Gen Z ច្រើនជាងពាក់កណ្តាលមិនប្រាថ្នាចង់ក្លាយជាអ្នកគ្រប់គ្រងកម្រិត Middle Management នោះទេ ខណៈដែល ៧២ ភាគរយផ្តល់អាទិភាពដល់ការអភិវឌ្ឍខ្លួនឯងជាងការគ្រប់គ្រងអ្នកដទៃ។

លោកស្រី Lucy Bisset នាយិកានៅក្រុមហ៊ុន Robert Walters North ដែលជាសាខាថ្នាក់តំបន់របស់ក្រុមហ៊ុនខាងលើបានព្រមានថា បញ្ហានេះអាចបង្កជាបញ្ហាប្រឈមសម្រាប់និយោជក។

លោកស្រីបានស្នើឱ្យក្រុមហ៊ុននានាពិចារណាឡើងវិញថា ត្រូវធ្វើយ៉ាងណាទើបអាចទាក់ទាញបុគ្គលិកឱ្យមកទទួលតំណែងកម្រិតនេះ ដោយផ្តល់នូវភាពឯករាជ្យក្នុងការបំពេញការងារកាន់តែច្រើនជាងមុន និងបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការអភិវឌ្ឍជំនាញ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា