Connection ល្អមិនមែនគ្រាន់តែស្គាល់មុខស្គាល់ឈ្មោះ តែត្រូវឱ្យគេដឹងថាយើងពូកែអ្វី និងជួយអ្វីគេបាន! ចង់ពង្រីកបណ្ដាញទំនាក់ទំនង គួរស្វែងយល់ ៣ វិធីសាស្ត្រខាងក្រោម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Connection ល្អមិនមែនគ្រាន់តែស្គាល់មុខស្គាល់ឈ្មោះ តែត្រូវឱ្យគេដឹងថាយើងពូកែអ្វី និងជួយអ្វីគេបាន! ចង់ពង្រីកបណ្ដាញទំនាក់ទំនង គួរស្វែងយល់ ៣ វិធីសាស្ត្រខាងក្រោម

Connection ល្អមិនមែនគ្រាន់តែស្គាល់មុខស្គាល់ឈ្មោះ តែត្រូវឱ្យគេដឹងថាយើងពូកែអ្វី និងជួយអ្វីគេបាន! ចង់ពង្រីកបណ្ដាញទំនាក់ទំនង គួរស្វែងយល់ ៣ វិធីសាស្ត្រខាងក្រោម

Connection គឺជាក្រុមមនុស្សដែលអ្នកស្គាល់ ហើយពួកគេអាចជួយជ្រោមជ្រែងអ្នកបាន។ គិតត្រលប់មកវិញ ខ្លួនអ្នកផ្ទាល់ក៏ត្រូវដឹងដែរថា អ្នកពូកែខាងអ្វី ហើយអាចជួយពួកគេលើរឿងអ្វីបានដូចគ្នា។

ភាគីនីមួយៗផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ស្តាប់ទៅដូចជាមិនសូវល្អ ប៉ុន្តែតាមពិតទៅ Connection ជាពិសេស Connection ដែលល្អ គឺគ្មានអ្វីលើសពីការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកនោះទេ។ នេះមិនមែនជាការកេងប្រវ័ញ្ច ឬទាញយកផលប្រយោជន៍ពីភាគីម្ខាងទៀតឡើយព្រោះបើ

អ្នកជាប់គាំងរឿងនេះ ខ្ញុំអាចជួយអ្នកបាន។ ខ្ញុំជាប់គាំងរឿងនេះ អ្នកអាចជួយខ្ញុំបាន។

តើយើងអាចបង្កើត Connection ដោយរបៀបណា? ចម្លើយគឺ៖

១. ធ្វើការងារឱ្យឃើញលទ្ធផល (ស្នាដៃ)

គ្មានអ្វីដែលអាចធ្វើឱ្យមនុស្សចងចាំអ្នកបានល្អជាង «ស្នាដៃ» ដែលអ្នកបានបង្កើតនោះឡើយ។

ជាពិសេសបើស្នាដៃ អាជីវកម្ម ផេក ឬឆានែល YouTube របស់អ្នកត្រូវបានគេស្គាល់ច្រើនប៉ុណ្ណា នៅពេលអ្នកណែនាំខ្លួនទៅកាន់អ្នកដទៃថាជាម្ចាស់ស្នាដៃនេះ ជាម្ចាស់អាជីវកម្មនេះ ឬជាម្ចាស់ផេកនេះ គេនឹងកាន់តែចាប់អារម្មណ៍លើរូបអ្នកកាន់តែខ្លាំង។

អ្វីដែលអ្នកបានបង្កើតឡើង គឺជាតម្លៃដែលឆ្លុះបញ្ចាំងចេញពីខ្លួនរបស់អ្នក។

គ្មាននរណាម្នាក់ចង់បាន Connection ជាមនុស្សដែលគ្មានសមត្ថភាពនោះទេ ដូច្នេះមុននឹងចាប់ផ្តើមស្វែងរក Connection សាកល្បងសួរខ្លួនឯងសិនថា៖

  • «តើខ្ញុំពូកែគ្រប់គ្រាន់ដើម្បីឱ្យគេស្វែងរកជំនួយពីខ្ញុំហើយឬនៅ?»
  • «តើខ្ញុំមានស្នាដៃអ្វីដែលលេចធ្លោ ហើយមនុស្សភាគច្រើនស្គាល់ដែរឬទេ?»

រឿងទាំងអស់នេះកើតឡើងពីការបង្កើតស្នាដៃឱ្យលេចធ្លោគ្រប់គ្រាន់ រហូតដល់អ្នកដទៃមិនអាចមើលរំលងបាន។

២. ចេញទៅចូលរួមកម្មវិធីផ្សេងៗ (Events)

ការចូលរួមក្នុងកម្មវិធីផ្សេងៗដែលមានមនុស្សនៅក្នុងវិស័យដែលអ្នកចាប់អារម្មណ៍ ឬចង់មាន Connection ជាមួយ ត្រូវបានចាត់ទុកថាជាផ្លូវកាត់យ៉ាងល្អក្នុងការធ្វើឱ្យអ្នកដទៃស្គាល់អ្នកកាន់តែច្រើន។

  • ប្រសិនបើអ្នកចង់បាន Connection ខាងផ្នែកហិរញ្ញវត្ថុ ចុះទៅចូលរួម Event ហិរញ្ញវត្ថុ
  • ប្រសិនបើអ្នកចង់បាន Connection ខាងផ្នែកអាជីវកម្ម ចុះទៅចូលរួម Event អាជីវកម្ម
  • ប្រសិនបើអ្នកចង់បាន Connection ខាងផ្នែកទីផ្សារ ចុះទៅចូលរួម Event ទីផ្សារ

ព្យាយាមនាំខ្លួនឯងទៅស្ថិតនៅក្នុងចំណោមមនុស្សដែលអ្នកចង់ភ្ជាប់ទំនាក់ទំនងជាមួយ កុំសម្ងំតែនៅផ្ទះពេក។ ចេញទៅរាប់អាន ណែនាំខ្លួន ប្រាប់ឈ្មោះ ប្រាប់ពីអ្វីដែលកំពុងធ្វើ និងរស់នៅជាមួយអ្នកដទៃខ្លះ ព្រោះភាគច្រើន ឱកាសតែងតែចេញមកពីមនុស្សដែលយើងជួប ដូចជារឿងការងារ រឿងអាជីវកម្ម ឬវិធីដោះស្រាយបញ្ហា។

ហើយប្រសិនបើអ្នកជាមនុស្សដែលមានស្នាដៃ និងជាមនុស្សពូកែស្រាប់ផងនោះ អ្នកដទៃរឹតតែចង់មកស្គាល់អ្នក ទោះបីជាអ្នកមិនចង់ទៅស្គាល់នរណាសោះក៏ដោយ។

៣. ធ្វើជាមនុស្សមានអត្តចរិតល្អ

យុទ្ធសាស្ត្រចុងក្រោយដែលធ្វើឱ្យ Connection ដែលទើបតែស្គាល់គ្នាចង់ Keep Connect (រក្សាទំនាក់ទំនង) ជាមួយអ្នកបន្ត គឺ ការធ្វើជាមនុស្សមានអត្តចរិតល្អ។

ធ្វើជាមនុស្ស​ល្អ ទាំងជាមួយមនុស្សដែលល្អដាក់យើង និងជាមួយមនុស្សដែលមិនល្អដាក់យើង ព្រោះយ៉ាងហោចណាស់ប្រសិនបើអ្នកមិនអាចបង្កើតមិត្តបានទេ ក៏កុំភ្លាត់ស្នៀតទៅបង្កើតសត្រូវបន្ថែមអី វានឹងជារឿងល្អជាង។

Connection ដែលល្អ មិនបានវាស់វែងលើការដែលអ្នកស្គាល់មនុស្សច្រើនកម្រិតណានោះទេ ប៉ុន្តែចេញមកពី តម្លៃរបស់អ្នក ថាតើអ្នកអាចជួយជ្រោមជ្រែងអ្នកដទៃបានច្រើនកម្រិតណា។

ជាចុងក្រោយ មិនបាច់ប្រញាប់ មិនបាច់តក់ក្រហល់ពេកទេ ព្រោះ Good Connection មិនបានកើតឡើងត្រឹមតែមួយយប់ ឬត្រឹមតែប៉ុន្មានថ្ងៃ ប៉ុន្មានខែនោះទេ។ ពេលខ្លះ ទម្រាំតែឃើញផលនៃការបង្កើត Connection វាអាចប្រើពេលជារាប់ឆ្នាំ ឬរាប់សិបឆ្នាំ។

អ្វីទាំងនេះប្រៀបដូចជាការដាំដើមឈើ ពោលគឺអ្នកត្រូវស្រោចទឹក ដាក់ជី ពីមួយថ្ងៃទៅមួយថ្ងៃ មុនពេលវារីកផ្កាផ្លែផ្កា។ មិនចាំបាច់ប្រញាប់ប្រញាល់នោះទេ ព្រោះគ្រប់យ៉ាងសុទ្ធតែមានពេលវេលារបស់វា ហើយ Connection ដែលល្អក៏ដូចគ្នាដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា