អស់បារម្ភរឿងសត្វខ្មូតស៊ីអង្ករ ជាមួយនឹងគន្លឹះងាយៗទាំង ៤ នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អស់បារម្ភរឿងសត្វខ្មូតស៊ីអង្ករ ជាមួយនឹងគន្លឹះងាយៗទាំង ៤ នេះ

អស់បារម្ភរឿងសត្វខ្មូតស៊ីអង្ករ ជាមួយនឹងគន្លឹះងាយៗទាំង ៤ នេះ

បញ្ហា “សត្វខ្មូតស៊ីអង្ករ” គឺជាបញ្ហារំខានចិត្តមួយដែលមនុស្សជាច្រើន ជាពិសេសស្ត្រីមេផ្ទះតែងតែជួបប្រទះជាញឹកញយ។ ទោះបីជាសត្វខ្មូតមិនមានពិស ឬអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពក្ដី ប៉ុន្តែវាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកចិត្ត ឬអ្នកខ្លះអាចនឹងភ័យខ្លាចសត្វល្អិតប្រភេទនេះទៀតផង។

ខាងក្រោមនេះ គឺជាគន្លឹះងាយៗទាំង ៤ ដើម្បីដេញសត្វខ្មូតចេញពីអង្ករ ដោយមិនចាំបាច់ប្រើប្រាស់សារធាតុគីមី ខណៈគ្រឿងផ្សំទាំងនោះអាចរកបានយ៉ាងងាយនៅក្នុងផ្ទះបាយរបស់អ្នក៖

១. ម្ទេសក្រៀម ឬស្លឹកក្រូចសើច

សត្វខ្មូតជាសត្វល្អិតដែលស្អប់ក្លិនប្រហើរខ្លាំង។ ដូច្នេះ អ្នកអាចប្រើម្ទេសក្រៀមគ្រាប់ធំ ៥-១០ គ្រាប់ ឬស្លឹកក្រូចសើចស្រស់ ៨-១០ សន្លឹក ញុកចូលក្នុងថង់ក្រណាត់ពណ៌សស្តើង រួចយកទៅកប់នៅកណ្តាលធុងអង្ករ។ ក្លិនប្រេងក្រអូបប្រហើរ រួមជាមួយសារធាតុ Piperine នឹងធ្វើឱ្យសត្វខ្មូតទ្រាំមិនបាន ហើយវារចេញពីធុងដោយខ្លួនឯង។

២. ស្លាបព្រាដែក

សំណើមគឺជាដើមហេតុចម្បងមួយដែលនាំឱ្យកើតសត្វខ្មូតក្នុងធុងអង្ករ។ ដូច្នេះ អ្នកអាចដាក់ស្លាបព្រាដែក ២-៣ចូលទៅក្នុងធុងអង្ករ។ ស្លាបព្រាដែកនឹងជួយស្រូបយក និងបញ្ចេញកម្ដៅ ធ្វើឱ្យសំណើមនៅក្នុងធុងអង្ករថយចុះ។ ម្យ៉ាងទៀត ភាពត្រជាក់ពីលោហៈធាតុនឹងបង្កើតបរិយាកាសដែលសត្វខ្មូតមិនចូលចិត្ត និងរារាំងពងរបស់វាមិនឱ្យញាស់ផងដែរ។

៣. យកអង្ករទៅហាលថ្ងៃក្តៅខ្លាំង

ប្រសិនបើក្នុងធុងអង្ករមានសត្វខ្មូតច្រើនខ្លាំង អ្នកអាចយកអង្ករមកចាក់ក្នុងថាសធំ រួចយកទៅហាលថ្ងៃក្តៅខ្លាំងប្រហែល ១-២ ម៉ោង។ កម្ដៅក្តៅហួតពីពន្លឺព្រះអាទិត្យនឹងទៅរំខានដល់ការរស់នៅរបស់សត្វខ្មូត ធ្វើឱ្យពួកវាវារចេញពីគំនរអង្ករ ហើយកម្ដៅថែមទាំងជួយកាត់បន្ថយសំណើមដែលមាននៅក្នុងគ្រាប់អង្ករបានទៀតផង។

៤. ក្លាសេក្នុងទូទឹកកក

សម្រាប់អ្នកដែលចង់ការពារកុំឱ្យកើតសត្វខ្មូតតាំងពីដំបូង អ្នកអាចជ្រើសរើសវិធីមួយនេះបាន។ ដោយគ្រាន់តែច្រកអង្ករនៅក្នុងថង់បិទជិត រួចយកទៅក្លាសេនៅក្នុងទូទឹកកកកន្លែងត្រជាក់ធម្មតា ឬកន្លែងកកក៏បាន។ សីតុណ្ហភាពត្រជាក់ខ្លាំងនឹងរារាំងការលូតលាស់ និងបណ្តាលឱ្យពងសត្វខ្មូតស្វិត មិនអាចញាស់ជាកូនបាន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា