វិធីសាស្ត្រទាំង ៥ ដើម្បីចិញ្ចឹមបីបាច់កូនឱ្យចេះយល់ និងទទួលស្គាល់ពីភាពចម្រុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រទាំង ៥ ដើម្បីចិញ្ចឹមបីបាច់កូនឱ្យចេះយល់ និងទទួលស្គាល់ពីភាពចម្រុះ

វិធីសាស្ត្រទាំង ៥ ដើម្បីចិញ្ចឹមបីបាច់កូនឱ្យចេះយល់ និងទទួលស្គាល់ពីភាពចម្រុះ

គ្មាននរណាម្នាក់ចង់ចិញ្ចឹមកូនឱ្យក្លាយជាមនុស្សចិត្តអាក្រក់ ចេះមើលងាយ ចេះរើសអើង ឬធ្វើកិរិយាមិនសមរម្យដាក់អ្នកដទៃ ព្រោះតែបុគ្គលនោះមានភាពខុសប្លែកពីខ្លួន ឬពីមនុស្សទូទៅ។

ហេតុដូច្នេះ ការបណ្តុះកូនឱ្យមានចិត្តសប្បុរស ចេះយល់ដឹង និងទទួលស្គាល់ពីភាពចម្រុះថា មនុស្សគ្រប់រូបមិនសុទ្ធតែមានមុខមាត់ រូបរាង ពណ៌សម្បុរ ការនិយាយស្តី ការគិត ជំនឿ ឬការរស់នៅដូចគ្នា គឺជារឿងសំខាន់។

កុមារមិនមានការរើសអើង ឬមានគំនិតអវិជ្ជមានតាំងពីកំណើតនោះទេ។ ពួកគេរៀនសូត្ររឿងទាំងនេះពីមនុស្សពេញវ័យដែលនៅជុំវិញខ្លួន។ ដូច្នេះហើយ ក្នុងនាមជាឪពុកម្តាយ យើងមានលទ្ធភាពពេញលេញក្នុងការជួយកូនក្លាយជាក្មេងដែលមានចិត្តទូលាយ និងចេះយល់ពីអ្នកដទៃ។

តាមការលើកឡើងរបស់លោកស្រី Sarah Conway អ្នកចិត្តសាស្ត្រកុមារ និងយុវវ័យ បានរៀបរាប់ថា ឪពុកម្តាយអាចបង្រៀនកូនៗឱ្យមានបរិយាបន្នតាមវិធីសាស្ត្រទាំង ៥ ខាងក្រោមនេះ៖

១. ម្តាយឪពុកជាកញ្ចក់ឆ្លុះដល់កូនៗ

កូនៗតែងតែតាមដាន និងរៀនសូត្រពីសកម្មភាពរបស់អ្នកចិញ្ចឹមបីបាច់ជានិច្ច។ ដូច្នេះ ចូរធ្វើជាមនុស្សដែលអ្នកចង់ឱ្យកូនរបស់អ្នកធំធាត់ឡើងដូច ដើម្បីជាគំរូដល់ពួកគេ។ ជាក់ស្តែង ការបង្ហាញសកម្មភាពល្អៗក្នុងជីវិតប្រចាំថ្ងៃដូចជា ការនិយាយស្តី និងការប្រព្រឹត្តចំពោះអ្នកដទៃដោយក្តីសប្បុរស និងការគោរពដើម្បីឱ្យកូនយកតម្រាប់តាម គឺជាជំហានទី ១។

២. បង្រៀនកូនឱ្យចេះយល់ពីចិត្តអ្នកដទៃ និងមានចិត្តសប្បុរស

ការយល់ពីចិត្តអ្នកដទៃ គឺការចេះយកចិត្តយើងដាក់ចិត្តគេ ស្វែងយល់ថាមនុស្សម្នាក់នោះអាចមានអារម្មណ៍បែបណា ចំពោះហេតុការណ៍ជាក់លាក់ណាមួយ បើទោះបីជាយើងខ្លួនឯងមិនមានបទពិសោធន៍ដោយផ្ទាល់ក្តី។

អ្នកអាចបង្រៀនកូនតាមរយៈការនិយាយពន្យល់ពីអារម្មណ៍របស់មនុស្សជុំវិញខ្លួន និងមានមេត្តាចំពោះអ្នកដទៃ។ ជាពិសេសគឺការចេះផ្តល់ក្តីស្រឡាញ់ដល់កូនផ្ទាល់ ដើម្បីអាចឱ្យកូនៗរបស់អ្នកស្គាល់ពីអារម្មណ៍ដែលទទួលបានការយកចិត្តទុកដាក់ និងចែករំលែកទង្វើនេះទៅកាន់អ្នកដទៃបន្ត។

៣. លើកទឹកចិត្តឱ្យមានការជជែកគ្នា

សាកល្បងនិយាយជាមួយកូនៗអំពីរឿងជាតិសាសន៍ ជំនឿ ឬភាពខុសគ្នាផ្សេងៗទៀត ក៏ជារឿងមិនអាចរំលងបាន។ ក្នុងករណីដែលកូនៗមានសំណួរទាក់ទងនឹងរឿងទាំងនេះ ចូរអ្នកពន្យល់កូនៗដោយប្រើប្រាស់ភាសាងាយយល់ និងសមរម្យ ដើម្បីកុំឱ្យកូនមានអារម្មណ៍ថា ភាពខុសគ្នារវាងមនុស្សគឺជាកំហុស។

៤. ពង្រីកការយល់ដឹងរបស់កូនតាមរយៈភាពចម្រុះ

ឪពុកម្តាយគួរជួយពង្រីកការយល់ដឹងរបស់កូនៗចំពោះភាពចម្រុះ មិនថាតាមរយៈការអានសៀវភៅ ការមើលរឿង ឬការទិញប្រដាប់ក្មេងលេងដែលតំណាងឱ្យជាតិសាសន៍ ឬមនុស្សមានពិការភាព ដើម្បីឱ្យកូនស្គាល់ពិភពលោកខាងក្រៅទូលាយជាងមុន។

នៅក្នុងសង្គមខ្មែរយើង ការចូលរួមក្នុងពិធីបុណ្យរបស់បងប្អូនខ្មែរឥស្លាម កូនខ្មែរកាត់ចិន ឬក៏អ្នកកាន់គ្រិស្តសាសនា ក៏ជាម្រើសមួយជួយឱ្យកូនៗស្គាល់ពីភាពចម្រុះដែរ។

៥. កូនធ្វើខុសជារឿងដែលអាចណែនាំបាន

កុមារកំពុងស្ថិតក្នុងវ័យដែលត្រូវស្វែងយល់ពីសង្គម។ ដូច្នេះ ពួកគេប្រាកដជាអាចនិយាយអ្វីដែលមិនសមរម្យដោយអចេតនា។ ជំនួសឱ្យការស្តីបន្ទោស ចូរពន្យល់ពួកគេដោយចិត្តត្រជាក់ និងផ្តល់នូវជម្រើសពាក្យពេចន៍ដែលប្រសើរជាងមុន ដើម្បីអាចឱ្យពួកគេប្រើប្រាស់នៅពេលក្រោយ។

ការបង្រៀនឱ្យកូនយល់ដឹងពីភាពចម្រុះ និងមានបរិយាបន្នមិនមែនជារឿងដែលពិបាកនោះទេ។ ប៉ុន្តែអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ន គឺការគ្រប់គ្រងឥទ្ធិពលនៃការគិត និងជំនឿរបស់អ្នកទៅកាន់កូនៗ។ ការបណ្តុះកូនឱ្យយល់ និងស្គាល់ពីភាពចម្រុះ គឺជាការបណ្តុះពិភពលោកដ៏ស្រស់បំព្រងនៅថ្ងៃអនាគត៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា