ចៀសវាងខាតដើម! សម្ភារ និងសម្លៀកបំពាក់ ៦ ប្រភេទនេះមិនគួរដាក់បោកជាមួយទឹកក្រអូបឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចៀសវាងខាតដើម! សម្ភារ និងសម្លៀកបំពាក់ ៦ ប្រភេទនេះមិនគួរដាក់បោកជាមួយទឹកក្រអូបឡើយ

ចៀសវាងខាតដើម! សម្ភារ និងសម្លៀកបំពាក់ ៦ ប្រភេទនេះមិនគួរដាក់បោកជាមួយទឹកក្រអូបឡើយ

ទឹកក្រអូបឬទឹកបន្ទន់សម្លៀកបំពាក់អាចធ្វើឱ្យខោអាវក្រអូបនិងរលាស់រលោងជាងមុន ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញបានពន្យល់ថា ការប្រើប្រាស់វាច្រើនដងពេកអាចបណ្តាលឱ្យប៉ះពាល់ដល់មុខងារនៃប្រភេទក្រណាត់មួយចំនួន។ មិនតែប៉ុណ្ណោះប្រសិនបើប្រើប្រាស់មិនត្រឹមត្រូវ ទឹកក្រអូបក៏អាចធ្វើឱ្យខោអាវឡើងរឹង កាត់បន្ថយប្រសិទ្ធភាពនៃការសម្អាត បង្កការរមាស់ដល់ស្បែក និងបង្កើនហានិភ័យឆាប់ឆេះនៅលើសរសៃក្រណាត់មួយចំនួនផងដែរ។ ខាងក្រោមនេះជាសម្ភារ និងខោអាវ ៦ ប្រភេទ មិនគួរបោកគក់ជាមួយទឹកក្រអូបឡើយ៖

១. កន្សែងពោះគោ

ទឹកក្រអូបអាចទៅស្រោបសរសៃកន្សែង ហើយកាត់បន្ថយសមត្ថភាពបឺតស្រូបទឹករបស់វាដែលធ្វើឱ្យកន្សែងមានភាពទន់ជាងមុនមែន ប៉ុន្តែជូតមិនសូវស្ងួតនោះទេ។ ដើម្បីរក្សាកន្សែងឱ្យមានភាពទន់រលោង ត្រូវរលាស់វាឱ្យខ្លាំងៗមុនពេលយកទៅហាល។ ប្រសិនបើមានការអនុញ្ញាតនៅលើស្លាកណែនាំ អាចសម្ងួតវាក្នុងម៉ាស៊ីនប្រហែល ១០ នាទីមុនពេលយកទៅហាលខ្យល់។

២. កន្សែងជូតសម្អាតប្រភេទ Microfiber

កន្សែង Microfiber ពឹងផ្អែកលើសរសៃក្រណាត់ល្អិតឆ្មារខ្លាំង ដើម្បីចាប់យកស្នាមប្រឡាក់ និងសំណើម។ លោក Noah Pinsonnault អ្នកវិភាគផ្នែកសម្អាតបានប្រាប់ទស្សនាវដ្ដី Good Housekeeping ថា ទឹកក្រអូបបន្ទន់សម្លៀកបំពាក់អាចទៅស្រោបសរសៃទាំងនេះ និងកាត់បន្ថយប្រសិទ្ធភាពសម្អាតរបស់វា។ ដូច្នេះប្រសិនបើច្រឡំប្រើទឹកក្រអូបដោយអចេតនា ត្រូវបោកគក់កន្សែងនោះឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន E-Cloth ក៏បានណែនាំឱ្យចៀសវាងការប្រើប្រាស់សាប៊ូបោកខោអាវដែលមានលាយទឹកក្រអូប នៅពេលបោកគក់ផលិតផល Microfiber របស់ខ្លួនផងដែរ។

៣. ខោអាវកីឡាដែលបឺតស្រូបសំណើម/ញើស

ខោអាវកីឡាចំត្រូវបានរចនាឡើងដើម្បីបឺតស្រូបញើសចេញពីស្បែក។ ទឹកក្រអូបបន្ទន់សម្លៀកបំពាក់អាចទៅស្រោបសរសៃក្រណាត់សំយោគ និងរំខានដល់ដំណើរការនេះ ដែលធ្វើឱ្យខោអាវកាត់បន្ថយប្រសិទ្ធភាពក្នុងការរក្សាភាពស្ងួតសម្រាប់អ្នកពាក់។ ផ្ទុយមកវិញ ការបោកគក់សម្លៀកបំពាក់ទាំងនេះដោយមិនប្រើទឹកក្រអូប ជួយថែរក្សាលក្ខណៈសម្បត្តិបឺតស្រូបសំណើមរបស់វាបានល្អ។

៤. ខោអាវក្រៅ/អាវរងាដែលមិនជ្រាបទឹក

ទឹកក្រអូបបន្ទន់សម្លៀកបំពាក់អាចទៅរំខានដល់ស្រទាប់ការពារ ឬភ្នាសដែលជួយឱ្យអាវរងាមួយចំនួនការពារជម្រាបទឹក។ មិនមែនសម្លៀកបំពាក់មិនជ្រាបទឹកទាំងអស់សុទ្ធតែរងផលប៉ះពាល់ដូចគ្នានោះទេ ដូច្នេះគប្បីពិនិត្យមើលស្លាកណែនាំនៃការថែទាំរបស់វាមុនពេលបោកគក់។

៥. សម្លៀកបំពាក់ពណ៌ស

អ្នកជំនាញផ្នែកសម្អាត Karina Toner បានប្រាប់ Real Homes ថា ទឹកក្រអូបបន្ទន់សម្លៀកបំពាក់អាចបន្សល់ទុកនូវកាកសំណល់ ដែលធ្វើឱ្យក្រណាត់ពណ៌សលេចចេញភាពស្រអាប់តាមពេលវេលា។ សាប៊ូបោកខោអាវច្រើនជ្រុលក៏អាចបន្សល់ទុកកាកសំណល់ផងដែរ ដូច្នេះគួរប្រើប្រាស់ក្នុងបរិមាណដែលបានណែនាំសម្រាប់ខោអាវនីមួយៗ។

៦. សម្លៀកបំពាក់ដែលមានបិទស្លាកធន់នឹងអណ្តាតភ្លើង

មិនគួរប្រើប្រាស់ទឹកក្រអូបបន្ទន់សម្លៀកបំពាក់លើសម្លៀកបំពាក់ដែលមានបិទស្លាកការពារអណ្តាតភ្លើងឡើយ រួមទាំងឈុតគេងរបស់កុមារមួយចំនួនផងដែរ។ វាអាចបង្កើនហានិភ័យនៃការឆាប់ឆេះ និងធ្វើឱ្យចុះខ្សោយនូវលក្ខណៈសម្បត្តិការពាររបស់សរសៃក្រណាត់។ ការណែនាំអំពីការបោកគក់នៅលើស្លាកថែទាំរបស់សម្លៀកបំពាក់ គួរតែត្រូវបានអនុវត្តតាមជានិច្ច ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា