ដឹងទស្សនៈជប៉ុនទាំង ៦នេះ ជីវិតអ្នកនឹងមានក្ដីសុខជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដឹងទស្សនៈជប៉ុនទាំង ៦នេះ ជីវិតអ្នកនឹងមានក្ដីសុខជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ

ដឹងទស្សនៈជប៉ុនទាំង ៦នេះ ជីវិតអ្នកនឹងមានក្ដីសុខជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ

នៅពេលនឹកដល់ប្រទេសជប៉ុន មនុស្សមួយចំនួនប្រហែលជានឹកដល់ទីកន្លែងដែលមានទេសភាពព័ទ្ធដោយធម្មជាតិស្ងប់ស្ងាត់ អាចប្រើប្រាស់ជីវិតបែបយឺតៗ ដើម្បីសាកថាមពលត្រឡប់មកវិញ។ ស្របគ្នានឹងរូបភាពនេះ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលសម្បូរទៅដោយទស្សនៈដែលប្រើប្រាស់ពាក្យសាមញ្ញៗ តែបង្កប់អត្ថន័យដ៏ជ្រាលជ្រៅអំពីជីវិត។

Advertisement

ក្នុងគ្រាដែលពិភពលោកសព្វថ្ងៃនេះ បង្ខំឱ្យមនុស្សត្រូវប្រើប្រាស់ជីវិតយ៉ាងប្រញាប់ប្រញាល់ បើកភ្នែកទទួលថ្ងៃថ្មីជាមួយនឹងពាក្យថា “ប្រកួតប្រជែង” សម្រង់ទស្សនៈពីវប្បធម៌ជប៉ុន ៦នេះ អាចជួយឱ្យអ្នកអាចប្រើប្រាស់ជីវិតយឺតជាងមុន តែក៏មានក្ដីសុខជាងមុនដូចគ្នា៖

១. Ikigai៖ ហេតុផលតូចៗដែលធ្វើឱ្យចង់ក្រោកមកប្រើប្រាស់ជីវិត

Ikigai គឺជាទស្សនៈដ៏ពេញនិយមមួយ ដែលអាចប្រែត្រង់ៗថា “ហេតុផលនៃការមានជីវិតរស់នៅ” បានបង្រៀនឱ្យយើងរកឱ្យឃើញថា ព្រោះហេតុផលអ្វីដែលធ្វើឱ្យយើងចង់ក្រោកពីគ្រែនៅពេលព្រឹក។ វាមិនចាំបាច់ជាគោលដៅធំដុំ ជាភាពជោគជ័យនៃជីវិតនោះទេ តែវាអាចជាចំណង់ចំណូលចិត្តធម្មតា និងទូទៅក្នុងជីវិត។

អ្នកខ្លះអាចនឹងមានកម្លាំងជំរុញចិត្តព្រោះតែគោលដៅការងារ។ ឯអ្នកខ្លះក៏អាចក្រោកព្រឹកឡើងជាមួយនឹងហេតុផលសាមញ្ញៗ ដូចជា ការចង់នៅជុំគ្រួសារ អានសៀវភៅ ឬថែដំណាំក្នុងសួនជាដើម។ ទស្សនៈនេះបង្រៀនថា អត្ថន័យនៃជីវិតមិនមែនស្ថិតនៅលើភាពជោគជ័យដ៏អស្ចារ្យនោះទេ ប៉ុន្តែពេលខ្លះវាស្ថិតនៅលើអ្វីដែលតូចតាច ដែលធ្វើឱ្យថ្ងៃនីមួយៗមានតម្លៃ។

២. Wabi-Sabi៖ ភាពស្រស់ស្អាតដែលមិនល្អឥតខ្ចោះ

Wabi-Sabi គឺជាទស្សនៈជប៉ុនដែលប្រាប់យើងឱ្យរៀនមើលឃើញពីភាពស្រស់ស្អាតនៅក្នុងភាពមិនល្អឥតខ្ចោះ។ តួយ៉ាងដូចជា ភាពស្រស់ស្អាតលើរបស់ចាស់ ដែលសុទ្ធសឹងតែជាស្លាកស្នាមនៃពេលវេលា។ ទស្សនៈនេះរំឭកយើងឱ្យចេះទទួលស្គាល់ថា ទាំងជីវិត វត្ថុប្រើប្រាស់ និងខ្លួនយើងផ្ទាល់ គឺមិនចាំបាច់ត្រូវតែល្អឥតខ្ចោះរហូតនោះទេ ព្រោះភាពមិនល្អឥតខ្ចោះនោះឯង គឺជាមន្តស្នេហ៍តាមបែបធម្មជាតិ។

៣. Shinrin-Yoku៖ ប្រើធម្មជាតិជាការសម្រាកចិត្ត

Shinrin-Yoku ឬដែលមនុស្សមួយចំនួនហៅថា Forest Bathing គឺជាការតាំងចិត្តប្រើពេលវេលានៅជាមួយធម្មជាតិ ដូចជាការដើរក្នុងព្រៃយឺតៗ ដកដង្ហើមវែងៗ ស្តាប់សំឡេងខ្យល់ សំឡេងសត្វ និងការទទួលដឹងឮពីអ្វីៗដែលនៅជុំវិញខ្លួនតាមរយៈវិញ្ញាណទាំងប្រាំ។ នៅជប៉ុន Shinrin-Yoku គឺជាវិធីសាស្រ្តថែទាំសុខភាពផ្លូវចិត្ត ព្រោះការនៅជាមួយធម្មជាតិអាចជួយកាត់បន្ថយភាពតានតឹង និងការនឿយហត់ក្នុងចិត្តបានយ៉ាងល្អ។

៤. Kaizen៖ សន្សឹមៗតែប្រសើរឡើង

Kaizen ឬ “ការផ្លាស់ប្តូរដើម្បីភាពល្អជាង” គឺជាទស្សនៈដែលផ្ដោតលើការអភិវឌ្ឍខ្លួនឯងបែបសន្សឹមៗ ជាជាងការព្យាយាមផ្លាស់ប្តូរជីវិតឱ្យបានភ្លាមៗក្នុងរយៈពេលខ្លីមួយ។ ទស្សនវិជ្ជានេះជឿថា ការកែលម្អបន្តិចបន្តួចជាប្រចាំ ដូចជាការអានសៀវភៅឱ្យបានច្រើនជាងមុនពីរបីទំព័រ ឬហាត់ប្រាណបន្ថែមពីរបីនាទីក្នុងមួយថ្ងៃ អាចបង្កើតទម្លាប់នៃការផ្លាស់ប្តូរដ៏អស្ចារ្យបានក្នុងរយៈពេលវែង។

៥. Ichigo Ichie៖ គ្រប់យ៉ាងកើតឡើងតែម្ដងប៉ុណ្ណោះ

Ichigo Ichie គឺជាទស្សនៈដែលរំឭកយើងឱ្យដឹងខ្លួនថា អ្វីដែលកើតឡើងហើយ នឹងមិនកើតឡើងម្ដងទៀតទេ។ តួយ៉ាង ការជួបជុំគ្នា ការញ៉ាំអាហារ ឬការសន្ទនានៅថ្ងៃនេះ ដ្បិតអាចកើតឡើងម្ដងទៀត តែនឹងមិនដូចដើមឡើយនៅថ្ងៃស្អែក។ ទស្សនៈនេះ បង្រៀនយើងឱ្យចាប់ផ្តើមចេះផ្ដល់តម្លៃលើពេលវេលាធម្មតាៗក្នុងជីវិតកាន់តែខ្លាំង និងប្រើប្រាស់ពេលវេលានោះដោយយកចិត្តទុកដាក់បំផុត មិនឆកល្វែងដូចមុន។

៦. Mottainai៖ កុំរស់នៅដោយខ្ជះខ្ជាយ

Mottainai គឺជាទស្សនៈជប៉ុន ដែលផ្តោតលើអារម្មណ៍ស្ដាយស្រណោះរបស់មនុស្ស នៅពេលដែលបានប្រើប្រាស់វត្ថុ ឬធនធានអ្វីមួយអស់ ដោយឥតប្រយោជន៍។ Mottainai ដាស់តឿនយើងឱ្យរស់នៅដោយស្គាល់ពីតម្លៃ និងមិនខ្ជះខ្ជាយអ្វីដែលយើងមាន។ ទស្សនៈនេះមិនគ្រាន់តែបង្រៀនយើងឱ្យប្រើប្រាស់អ្វីមួយឱ្យអស់តម្លៃប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតសំខាន់ទៅលើពេលវេលា ថាមពល និងឱកាសនានាក្នុងជីវិតផងដែរ ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា