បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចៀសវាងការយល់ច្រឡំ! មកស្គាល់ប្រភេទស្បៃខ្មែរទាំង ៧ និងការប្រើប្រាស់ឱ្យត្រឹមត្រូវតាមក្បួនខ្នាត

ចៀសវាងការយល់ច្រឡំ! មកស្គាល់ប្រភេទស្បៃខ្មែរទាំង ៧ និងការប្រើប្រាស់ឱ្យត្រឹមត្រូវតាមក្បួនខ្នាត

«ស្បៃ» ក្នុងវប្បធម៌ខ្មែរត្រូវបានបញ្ជាក់តាមរយៈភស្តុតាងប្រវត្តិសាស្ត្រជាច្រើនដូចជាបដិមា សិលាចារឹក ចម្លាក់ សាស្ត្រា ក្រាំង និងគំនូរបុរាណ ហើយឆ្លងកាត់ពេលវេលា និងការវិវត្តជាបន្តបន្ទាប់ពីសម័យកាលមួយទៅសម័យកាលមួយតាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ ការបែងចែកប្រភេទស្បៃ គេមើលទៅលើលក្ខណៈខុសគ្នាមួយចំនួនដូចជាប្រភេទសាច់កំណាត់ រូបរាងស្បៃ និងរបៀបពានា។

យោងតាមឯកសារសិក្ខាសាលាតម្រង់ទិសស្ដីពី “ស្បែខ្មែរនិងការប្រើក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ” របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្បៃត្រូវបានបែងចែកចេញជា ៧ ប្រភេទធំៗ និងមានច្រើនប្រភេទទៀតទៅតាមការច្នៃរចនា តាមប្រភេទកំណាត់ផ្សេងៗ នៅក្នុងសម័យទំនើបបច្ចុប្បន្ន។

១- ស្បែតាត

ស្បៃតាត គឺជាស្បៃត្បាញលាយសរសៃសូត្រនិងសរសៃស្ពាន់ ឬប្រាក់ នាំចូលពីបរទេស ដែលមានប្រវែងប្រហែល ១,៨០ម៉ែត្រ ឡើង និងទទឹងចន្លោះពី ០,៣៥ ដល់ ០,៤ ម៉ែត្រ។ តាំងពីបុរាណមក ស្បៃនេះបម្រុងទុកសម្រាប់តែ ព្រះរាជវង្សានុវង្សនិងតួឯកក្នុងរបាំ (តួក្សត្រី ឬទេវតា) ប៉ុណ្ណោះ។ ជាទូទៅគេគ្រងស្បៃតាតឆៀងស្មាខាងឆ្វេង ទម្លាក់ជាយទៅក្រោយពីលើអាវដៃម្ខាង ហើយត្រូវស្លៀកផ្គូផ្គងជាមួយសំពត់សម្លុយជានិច្ច ដោយមិនអាចប្រើជាមួយសំពត់ក្បិនឡើយ។

២- ស្បៃភួយ

ស្បៃភួយ ជាស្បៃដែលមានសណ្ឋានត្រង់ស្មើរាងបួនជ្រុងទ្រវែង គ្មានខ្វៀល សាច់ក្រាស់ ជាទូទៅមានប្រវែង ២,២៥ម និងទទឹងជាមធ្យម ០,២៥ម។ ស្បៃភួយនេះ ប្រើពីរជាន់ ដោយមានស្បៃសូត្រលាត ឬស្បៃជីបភ្លីទ្រាប់ពីក្រោម ប្រើជាមួយតែសំពត់សម្លុយសារបាប់ នៅក្នុងពិធីមង្គលការប៉ុណ្ណោះ ពុំប្រើក្នុងរបាំឡើយ។

ចំណែកឯពណ៌វិញចាស់បុរាណ ឱ្យប្រើពណ៌មាស និង ពណ៌ក្រហមនៅក្នុងពិធីក្រាបសំពះផ្ទឹម (កូនក្រមុំ)។ របៀបនៃការប្រើស្បៃភួយ គេពានាជាយស្បៃខាងមុខ ទម្លាក់មកគ្របក្រោមទ្រូងបន្តិចហើយជាយម្ខាងទៀតបោះឆៀងទៅស្មាខាងឆ្វេងទម្លាក់ទៅក្រោយជិតគន្លាក់ជង្គង់។ បច្ចុប្បន្ន យើងឃើញស្បៃភួយបានវិវត្តមកជាស្បៃពានាដែល មានទំហំតូចនិងខ្លីជាងសម្រាប់ពានាពីលើអាវស្លៀកសំពត់សម្លុយ ឬសំពត់ចងក្បិនក្នុងកិច្ចសូត្រមន្ត។

៣. ស្បៃខ្វៀល

«ស្បៃខ្វៀល» ឬខ្លះហៅថា «ស្បៃវៀល» មានទម្រង់ ខ្វៀលបញ្ឆិត ដែលមានប្រវែងពី ១,៦០ ដល់ ១,៨ម៉ែត្រ និងទទឹងចាប់ពី ០,៤ ដល់ ០,៥ម៉ែត្រ។ ពីបុរាណ គេប្រើស្បៃនេះក្នុងរបាំព្រះរាជទ្រព្យ និងល្ខោនខោល ដោយកំណត់ពណ៌តាមតួអង្គ (តួឯកពណ៌មាស តួរងពណ៌ចម្រុះតួមេខលា ពណ៌ខៀវជាយក្រហម និងពណ៌សសម្រាប់ពិធីបួងសួង) ប៉ុន្តែបច្ចុប្បន្នត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិធី មង្គលការ។ របៀបគ្រង គឺត្រូវពាក់ឆៀងស្មាខាងឆ្វេងទម្លាក់ ជាយទៅក្រោយពីលើអាវដៃម្ខាងហើយតម្រូវឱ្យគ្រងជាមួយសំពត់សម្លុយជានិច្ច (មិនអាចប្រើជាមួយសំពត់ក្បិនឡើយ)។

៤- ស្បៃឆៀង

«ស្បែឆៀង» មានរូបរាងស្រដៀងស្បៃខ្វៀលដែរ តែមានទំហំតូចនិងខ្លីជាងដោយមានប្រវែងប្រហែល១,៥០ ម៉ែត្រ និងទទឹងប្រមាណចន្លោះពី ០,៣៥ ដល់ ០,៤ម៉ែត្រ។ កាលពីដើម គេប្រើស្បៃនេះតែក្នុងរបាំព្រះរាជទ្រព្យ និង ល្ខោនខោលប៉ុណ្ណោះ (តួឯកប្រើពណ៌មាស តួរងប្រើពណ៌ចម្រុះ) ប៉ុន្តែបច្ចុប្បន្នគេនិយមប្រើក្នុងពិធីមង្គលការ។ របៀបគ្រង គឺត្រូវពាក់ឆៀងស្មាខាងឆ្វេងទម្លាក់ជាយទៅក្រោយពីលើអាវដៃម្ខាងហើយតម្រូវឱ្យគ្រងជាមួយសំពត់សម្លុយជានិច្ច(មិនអាចប្រើជាមួយសំពត់ចងក្បិនឡើយ)។

៥- ស្បៃធំ

«ស្បៃធំ» ពីដើមមានឈ្មោះផ្សេងទៀតដូចជា «ស្បៃច្រក ក» ឬ «ស្បៃភ្លោះ» ជាដើម។ ដំបូងបានជាគេហៅថា «ស្បៃធំ» ព្រោះវាមានទំហំធំជាងស្បៃដទៃទៀត គឺថាស្បៃនេះគ្របបាំងជិតពីលើស្មាទាំងសងខាង។ ខ្លះទៀតហៅថា «ស្បៃច្រក ក” ដ្បិតវាជាស្បៃតែមួយដែលមានប្រហោងកណ្តាលដើម្បីឱ្យអ្នកគ្រងស្បៃនេះអាចស៊កពីលើក្បាលតែម្តង។ ចំណែក ឯអ្នកខ្លះទៀតហៅថា«ស្បៃភ្លោះ» ដ្បិតគេយកស្បៃពីរមកដេរ ភ្ជាប់គ្នាឱ្យទៅជាស្បៃតែមួយ។

៦- ស្បៃជីបភ្លី

ស្បៃជីបភ្លី គឺជាស្បៃស្ដើងមានផ្នត់អង្កាញ់តូចៗ។ កាលពីដើម គេនិយមប្រើជាសម្លៀកបំពាក់ប្រចាំថ្ងៃសម្រាប់ជនទូទៅ កូនមន្ត្រី ភីលៀង និងអ្នកភ្លេង។ ស្បៃនេះមានភាពបត់បែនខ្ពស់ដោយអាចរុំដណ្តប់ជុំខ្លួនឬគ្រងឆៀងស្មាឆ្វេង ទម្លាក់ជាយទៅក្រោយពីលើអាវដៃម្ខាងអាវកមូលឬអាវបារាំង។ ចំណុចពិសេសដែលខុសពីស្បៃដទៃ គឺវាអាចគ្រងផ្គូផ្គងជាមួយសំពត់សម្លុយក៏បាន ឬសំពត់ក្បិនក៏បាន។

៧. ស្បៃលាត

«ស្បៃលាត» គឺជាស្បៃស្តើង វែង និងទូលាយ ដែលគ្មានក្បាច់លម្អ ឬក្រឡាគោមឡើយ (ច្រើនធ្វើពីសូត ឬអំបោះ ចម្រុះពណ៌)។ ស្បៃនេះត្រូវបានប្រើដោយស្ត្រី គ្រប់វណ្ណៈតាំងពីបុរាណមក (ចាប់ពីវ័យជំទង់ដល់មនុស្ស ចាស់) សម្រាប់ប្រើប្រចាំថ្ងៃ ទៅវត្ត ឬចូលរួមពិធីបុណ្យ ផ្សេងៗ ជាមួយសំពត់សម្លុយ និងសំពត់ចងក្បិន ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា