លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី ១៧ ខែវិច្ឆិកា នេះ។

លោកស្រី Prasanna Mukundan បានឱ្យដឹងពីប្រវត្តិរបស់ខ្លួនថា ក្រោយពីបញ្ចប់ការសិក្សានៅសាលា Sacred Heart Convent (SHC) ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ លោកស្រីទទួលបានឱកាសទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅប្រទេសឥណ្ឌា។ ក៏ប៉ុន្តែ ឪពុករបស់លោកស្រីចង់ឱ្យលោកស្រីរៀបការ ដែលធ្វើឱ្យក្តីសុបិនក្លាយជាវេជ្ជបណ្ឌិតរបស់លោកស្រីត្រូវផ្អាកនៅគ្រានោះ។

នៅពេលដែលមានគេចូលស្តីដណ្តឹង លោកស្រីមានអាយុត្រឹម ១៩ ឆ្នាំប៉ុណ្ណោះ។ ស្ត្រីជនជាតិម៉ាឡេស៊ីរូបនេះ បានប្រាប់ថា៖ “ខ្ញុំបានទទូចចង់បន្តការសិក្សា ប៉ុន្តែឪពុកខ្ញុំប្រាប់ថា ខ្ញុំអាចបន្តការសិក្សាបានបន្ទាប់ពីរៀបការរួច។ ខ្ញុំពិតជាខកចិត្ត ប៉ុន្តែនោះគឺជារបៀបរស់នៅក្នុងសម័យកាលនោះ”។

ក៏ប៉ុន្តែ ក្ដីសុបិនរបស់លោកស្រីមិនបានបញ្ចប់ដោយការខកបំណងនោះទេ។ ជាងកន្លះសតវត្សរ៍ក្រោយមក លោកយាយដែលមានចៅ ២ នាក់រូបនេះ បានសម្រេចបំណងប្រាថ្នា ដោយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកអប់រំ ពីសាកលវិទ្យាល័យឯកជនមួយនៅទីក្រុង Subang Jaya រដ្ឋ Selangor កាលពីថ្ងៃទី ២៤ ខែតុលា កន្លងទៅនេះ។

លោកស្រី Prasanna បាននិយាយថា៖ “ការសិក្សាតែងតែផ្តល់ការបំផុសគំនិតដល់ខ្ញុំ ហើយវាធ្វើឱ្យខ្ញុំមានថាមពល។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលទីបំផុតខ្ញុំបានសម្រេចក្តីសុបិនក្នុងការសិក្សាថ្នាក់បណ្ឌិត”។

ការវិលត្រឡប់មករៀនវិញរបស់លោកស្រី Prasanna គឺចាប់ផ្តើមឡើងនៅពេលដែលលោកស្រីមានវ័យ ៣០ ឆ្នាំ។ គ្រានោះ បើទោះបីជាការចិញ្ចឹមបីបាច់កូនស្រី ៣ នាក់ជាអាទិភាពចម្បងក៏ដោយ ក៏ប៉ុន្តែលោកស្រីមិនដែលបោះបង់បំណងប្រាថ្នាក្នុងការសិក្សាឡើយ។

នៅចន្លោះឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៧៨ នៅគ្រាដែលស្វាមីរបស់លោកស្រីត្រូវទៅប្រចាំការនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកស្រីបានឆ្លៀតសិក្សាថ្នាក់វិញ្ញាបនបត្រក្រៅម៉ោងផ្នែកការងារសុខុមាលភាព ស្របពេលដែលខ្លួនមានភារកិច្ចទាំងលើការងារ និងការមើលថែគ្រួសារ។

ក្រោយមក លោកស្រី Prasanna Mukundan បានធ្វើការជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញជាច្រើន រួមមានសមាគមជនពិការភ្នែកម៉ាឡេស៊ី និងអង្គការគ្រូពេទ្យគ្មានព្រំដែនជាដើម។ រំលងមកដល់ឆ្នាំ ២០០៦ លោកស្រីបានទទួលសញ្ញាបត្រផ្នែកប្រឹក្សាយោបល់ពីសាកលវិទ្យាល័យ Malaya និងសញ្ញាបត្រអនុបណ្ឌិតលើជំនាញដដែលពីសាកលវិទ្យាល័យឯកជនមួយនៅទីក្រុងគូឡាឡាំពួ ក្នុងឆ្នាំ ២០០៩។

នៅឆ្នាំ ២០១៨ លោកស្រីបានចុះឈ្មោះចូលរៀនថ្នាក់បណ្ឌិត ក៏ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារតែលោកស្រី បានរកឃើញជំងឺមហារីកសុដន់ក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញ លោកស្រីមិនបានចុះចាញ់នោះទេ ព្រោះនៅក្នុងឆ្នាំ ២០២៣ លោកស្រីបានត្រឡប់មកសិក្សាជាថ្មី។

លោកស្រី Prasanna បានបង្ហាញការប្តេជ្ញាចិត្តថា៖ “ប្រសិនបើខ្ញុំតាំងចិត្តធ្វើអ្វីមួយហើយ ខ្ញុំមិនដែលដកថយឡើយ។ សូម្បីតែពេលព្យាបាល ខ្ញុំតែងតែយកកាបូបសិក្សាដែលមានកុំព្យូទ័រយួរដៃ សៀវភៅ និងក្រដាសកំណត់ត្រាទៅមន្ទីរពេទ្យជាមួយជានិច្ច ដើម្បីសិក្សា និងកត់ត្រាពេលសម្រាកព្យាបាល”។

មានម្តាយជាគំរូ កូនស្រីរបស់លោកស្រីឈ្មោះ Sangeeta បាននិយាយថា៖ “ម៉ាក់បានបង្ហាញថា អាយុមិនមែនជាឧបសគ្គសម្រាប់ការរៀនសូត្រនោះទេ ហើយគាត់បានជំរុញទឹកចិត្តខ្ញុំឱ្យពិចារណាត្រឡប់ទៅរៀនវិញបន្ទាប់ពីខ្ញុំចូលនិវត្តន៍។ ម៉ាក់មិនមានគម្រោងឈប់រៀន ឬឈប់រួមចំណែកជួយសង្គមឡើយ”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា