ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ មុនពេលដែលរូបលោកទទួលមរណភាពដោយសារជំងឺមហារីក។

ក្នុងចំណោមប្រជាជនកម្ពុជាមួយចំនួន ដែលបានឆ្លៀតទាញយកប្រយោជន៍ពីវត្ថុបុរាណរបស់ដូនតា ក្នុងគ្រាដែលប្រទេសអស្ថិរភាព លោក Lion បានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការលួចយកបដិមាបុរាណខ្មែរជាច្រើន ដើម្បីផ្គត់ផ្គង់ដល់អ្នកជំនួញវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas Latchford។

ប៉ុន្តែនៅចុងជីវិតរបស់លោក បុរសដែលមានរហស្សនាមប្រែជាខេមរភាសាថា “តោ” បានសម្រេចចិត្តត្រឡប់ក្រោយ ដោយបានសហការជាមួយក្រុមអ្នកស៊ើបអង្កេតកម្ពុជា ដឹកនាំដោយមេធាវីអាមេរិក Brad Gordon ក្នុងការតាមដានស្វែងរករតនសម្បត្តិទាំងនោះត្រឡប់មកទឹកដីកំណើតវិញ។

តាមរយៈលោក Brad Gordon លោក Lion បានបង្ហាញអារម្មណ៍ស្ដាយក្រោយចំពោះកំហុសក្នុងគ្រាកន្លងមកថា៖ “លោកមានអារម្មណ៍ខុសយ៉ាងខ្លាំងចំពោះអំពើជាច្រើនដែលលោកធ្លាប់បានធ្វើក្នុងជីវិតនេះ មិនថាការសម្លាប់មនុស្ស និងការលួចប្លន់នោះឡើយ”។

យ៉ាងណាមិញ ពាក្យសារភាពរបស់អតីតទាហានកុមារខ្មែរក្រហមរូបនេះ បានជួយអ្នកស៊ើបអង្កេតយកទៅប្រើប្រាស់ដើម្បីប្រឆាំងនឹង Douglas Latchford។ នេះបើផ្អែកតាមការចុះផ្សាយរបស់ CNN។

លោក Matthew Campbell បានសរសេរនៅក្នុងសៀវភៅ The Man Who Stole the Gods ថា ក្រោយការរំដោះប្រទេសកម្ពុជា លោក Lion បានធ្វើការងារផ្សេងៗ មុននឹងលោកដឹងថា ការលក់ចម្លាក់បុរាណអាចជួយឱ្យលោករកចំណូលបានច្រើនជាងការដោះដូរគោក្របីដែលលោកធ្លាប់បានធ្វើពីមុនមក។

ដោយលាក់ខ្លួននៅលើភ្នំក្នុងតំបន់ប្រាសាទកោះកេរ អតីតទាហានកុមារខ្មែរក្រហមរូបនេះបានស្គាល់ពីប្រាសាទច្បាស់។ ដំបូងឡើយ លោកចាប់ផ្ដើមការលួចវត្ថុបុរាណនេះតែម្នាក់ឯងប៉ុណ្ណោះ មុននឹងចាប់ផ្ដើមប្រមែប្រមូលគ្នីគ្នាបន្ថែមនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីរត់ពន្ធវត្ថុបុរាណទៅឱ្យភ្នាក់ងារនៅឯព្រំដែនប្រទេសថៃ។

ដ្បិតការងារនេះលំបាក និងមានគ្រោះថ្នាក់ រួមមានហានិភ័យពីគ្រាប់មីនផង តែការងារនេះបានក្លាយជាប្រភពចំណូលមួយដែលអាចឱ្យលោកចិញ្ចឹមជីវិតបាន។ លោកបានប្រាប់កាសែត New York Times កាលពីឆ្នាំ ២០២១ ថា លោកមិនដែលរកបានប្រាក់លើសពី ២ ទៅ ៣០០ ដុល្លារទេ សម្រាប់វត្ថុបុរាណនីមួយៗ។ ប៉ុន្តែប្រាក់ប៉ុណ្ណោះ គឺជាប្រាក់យ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជានៅពេលនោះ។

លោក Lion ប្រាប់ថា លោកមិនដឹងច្បាស់ទេថាវត្ថុបុរាណដែលពួកគាត់លួចចេញពីប្រាសាទបុរាណខ្មែរនោះ នឹងទៅដល់ណាបន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា។ ប៉ុន្តែលោកដឹងត្រឹមថា តម្រូវការនេះគឺបានមកពីអ្នកទិញនៅទីក្រុងបាងកក ដែលគេស្គាល់ក្នុងឈ្មោះថា Sia Ford ឬ Douglas Latchford នេះឯង។

តាមរយៈការសម្ភាសន៍ និងដើរទស្សនាប្រាសាទជាច្រើនម៉ោង អតីតចោរលួចវត្ថុបុរាណរូបនេះបានរៀបរាប់សកម្មភាពរបស់ខ្លួនយ៉ាងលម្អិតប្រាប់លោក Bradley Gordon។ ខណៈនៅពេលដែលលោក Bradley Gordon បានឱ្យលោក Lion មើលកាតាឡុកវត្ថុបុរាណរបស់ Douglas Latchford ជនដៃដល់រូបនេះចំណាំវត្ថុបុរាណជាច្រើន ដែលលោកបានលួចចេញពីជញ្ជាំងប្រាសាទ ឬពីជើងទម្រដោយផ្ទាល់ដៃ។

ដោយយល់ពីកំហុសដែលខ្លួនធ្លាប់ប្រព្រឹត្តក្នុងគ្រាអតីតកាល លោក Lion ជឿថា “ខ្លួនមានកម្មពៀរច្រើនណាស់” ហើយគួរតែបង្ហាញការពិតដែលខ្លួនបានដឹង ដើម្បីកែប្រែស្ថានភាពឱ្យប្រសើរឡើង។ លោក Bradley Gordon បាននិយាយថា៖ “គាត់បានធ្វើរឿងដ៏អស្ចារ្យនៅចុងបញ្ចប់នៃជីវិតរបស់គាត់។ តែបើសួរថា តើយើងអាចអភ័យទោសឱ្យគាត់ចំពោះបទឧក្រិដ្ឋនេះបានទេ? ចម្លើយគឺ ទេ! ប៉ុន្តែយើងអាចព្យាយាមយល់ពីមូលហេតុដែលរឿងខ្លះបានកើតឡើង”។

ទន្ទឹមគ្នានេះដែរ លោក Matthew Campbell បានចែករំលែកមតិជុំវិញរឿងរបស់លោក Lion ដោយព្យាយាមស្វែងយល់ពីស្ថានភាពរបស់ប្រទេសកម្ពុជាក្នុងគ្រាលំបាកថា៖ “បើសិនគាត់មិនធ្វើ ក៏គង់តែមានអ្នកផ្សេងទៀតធ្វើដែរ។ ខ្ញុំមិនគិតថា មាននរណាម្នាក់អាចនិយាយដោយជឿជាក់ទេថា គួរធ្វើ ឬមិនគួរធ្វើអ្វីក្នុងកាលៈទេសៈបែបនោះ”។

លោក Lion បានបង្ហាញការស្ដាយក្រោយប្រាប់កាសែត New York Times និងប្រាប់ពីគោលបំណងរបស់ខ្លួនថា៖ “ខ្ញុំចង់ឱ្យរូបសំណាក់ទាំងនោះត្រឡប់មកមាតុភូមិវិញ”។

តាមរយៈការផ្ដល់ចម្លើយរបស់បុរសដែលមានរហស្សនាមថា Lion លោក Bradley Gordon បានធ្វើការជាមួយនឹងបុរាណវិទូដើម្បីផ្គូផ្គងរូបចម្លាក់បុរាណទៅនឹងទីតាំងជាក់លាក់ និងធ្វើផែនទីបណ្ដាញដែលអតីតចោររូបនេះធ្លាប់ធ្វើសកម្មភាព។ ការស្រាវជ្រាវនេះបានជួយអ្នកស៊ើបអង្កេតអាមេរិកកសាងសំណុំរឿងប្រឆាំងនឹង Douglas Latchford។

ស្វែងយល់បន្ថែមពីការបាត់បង់ និងការជួញដូរវត្ថុបុរាណរបស់ខ្មែរដោយខុសច្បាប់ តាមរយៈខ្សែភាពយន្តឯកសារ “LOOT” ដែលនឹងចាប់ផ្ដើមបញ្ចាំងជាសាធារណៈនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រពិត ការតស៊ូផ្លូវច្បាប់ និងកិច្ចខិតខំប្រឹងប្រែងនាំយកសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកមាតុភូមិវិញ!

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា