ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

សព្វថ្ងៃនេះ ក្រុមហ៊ុនជាច្រើនកំពុងព្យាយាមស្វែងរកវិធីថែរក្សាសុខភាពផ្លូវចិត្តរបស់បុគ្គលិក មិនថាតាមរយៈការបង្កើតបន្ទប់សម្រាក តំបន់បៃតង ឬអត្ថប្រយោជន៍សុខុមាលភាពផ្សេងៗនោះឡើយ។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ។

Advertisement

ក្រុមហ៊ុន Qnote Inc. បានចាប់ផ្តើមគំនិតនេះតាំងពីឆ្នាំ ២០០៤ មកម៉្លេះ នៅពេលដែលស្ថាបនិកម្នាក់របស់ក្រុមហ៊ុនបានរើសឆ្មាអនាថាមួយក្បាលមកចិញ្ចឹមនៅក្នុងកន្លែងធ្វើការ។ ចាប់ផ្ដើមពីឆ្មាមួយក្បាល វាបានក្លាយជាផ្នែកមួយនៃវប្បធម៌អង្គភាពបន្តិចម្ដងៗ រហូតមកដល់បច្ចុប្បន្នមានឆ្មារស់នៅក្នុងការិយាល័យសរុបទាំងអស់ ១១ ក្បាល។ លើសពីនេះ ឆ្មានីមួយៗថែមទាំងមានឈ្មោះតំណែងរៀងៗខ្លួនទៀតផង ដើម្បីឆ្លុះបញ្ចាំងថាពួកវាគឺជាសមាជិកក្រុមការងារដែលមិនខុសពីបុគ្គលិកឯទៀតឡើយ។

ពិតណាស់ថា តួនាទីរបស់ពួកវានៅក្នុងក្រុមហ៊ុននេះ មិនមែនជាការសរសេរកូដ (Coding) ឬប្រជុំជាមួយអតិថិជននោះទេ ប៉ុន្តែគឺការបង្កើតបរិយាកាសធូរស្រាលនៅក្នុងការិយាល័យ។ ពួកវាអាចដើរលេង គេងលើតុធ្វើការ ឬដើរមកអែបៗមនុស្សក្នុងអំឡុងពេលធ្វើការបានដោយសេរី ខណៈដែលបុគ្គលិកក៏អាចលេង ឬចំណាយពេលជាមួយពួកវានៅពេលមានអារម្មណ៍ស្ត្រេសពីការងារ។

ក្រៅពីនេះ ក្រុមហ៊ុនថែមទាំងបានកែប្រែទំហំការិយាល័យថ្មី ដោយធ្វើផ្លូវដើរ ធ្នើរឡើង និងកន្លែងសម្រាកសម្រាប់ឆ្មាដោយឡែកទៀតផង។ ការធ្វើបែបនេះ បានប្រែការិយាល័យមួយនេះឱ្យក្លាយជាទីតាំងដែលរចនាឡើងសម្រាប់ទាំងមនុស្ស និងឆ្មាពិតប្រាកដ មិនមែនត្រឹមតែជាការនាំសត្វចិញ្ចឹមចូលមកនៅក្នុងកន្លែងធ្វើការនោះទេ។

បុគ្គលិកជាច្រើនបាននិយាយថា ការដែលមានឆ្មានៅជិត​ ជួយឱ្យបរិយាកាសធ្វើការមានភាពស្និទ្ធស្នាលជាងមុន កាត់បន្ថយភាពតានតឹងពីការធ្វើការមុខអេក្រង់ពេញមួយថ្ងៃ និងថែមទាំងជួយឱ្យមិត្តរួមការងារមានប្រធានបទសន្ទនា ឬមានទំនាក់ទំនងជាមួយគ្នាកាន់តែច្រើន ព្រោះឆ្មាតែងតែជាចំណុចចាប់ផ្តើមនៃការនិយាយគ្នារវាងមនុស្សនៅក្នុងក្រុម។

ជោគជ័យនៃគំនិតនេះ ធ្វើឱ្យក្រុមហ៊ុនឈានដល់កម្រិតមើលឃើញថា ប្រសិនបើនរណាម្នាក់មកដាក់ពាក្យធ្វើការ ហើយជា “អ្នកស្រឡាញ់ឆ្មា” ផងនោះ នឹងត្រូវចាត់ទុកជាគុណសម្បត្តិមួយគួរឱ្យពិចារណា ព្រោះជឿថានឹងអាចសម្របខ្លួនទៅនឹងវប្បធម៌ក្រុមហ៊ុនបានល្អជាង។

ទោះបីជាការមានឆ្មានៅក្នុងកន្លែងធ្វើការ អាចមិនមែនជាដំណោះស្រាយសម្រាប់គ្រប់ក្រុមហ៊ុនក៏ដោយ ប៉ុន្តែករណីរបស់ Qnote Inc. គឺបានឆ្លុះបញ្ចាំងឱ្យឃើញថា ការបង្កើតបរិយាកាសធ្វើការល្អ មិនចាំបាច់ត្រូវចាប់ផ្តើមពីគោលនយោបាយស្មុគស្មាញរហូតនោះទេ។

ជួនកាល «មិត្តរួមការងារជើងបួន» ដែលដើរមកអង្គុយក្បែរតុយ៉ាងស្ងៀមស្ងាត់ ក៏អាចជួយឱ្យថ្ងៃធ្វើការរបស់មនុស្សជាច្រើនធូរស្រាលជាងអ្វីដែលយើងគិតទៅទៀត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា