សៀវភៅប្រវត្តិសាស្ត្រដ៏មានតម្លៃ ពីដំណើរវិវត្តន៍នៃសណ្ឋាគារ Raffles អាយុកាលជាង១០០ឆ្នាំ ត្រូវបានសម្ពោធជាផ្លូវការហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សៀវភៅប្រវត្តិសាស្ត្រដ៏មានតម្លៃ ពីដំណើរវិវត្តន៍នៃសណ្ឋាគារ Raffles អាយុកាលជាង១០០ឆ្នាំ ត្រូវបានសម្ពោធជាផ្លូវការហើយ

សៀវភៅប្រវត្តិសាស្ត្រដ៏មានតម្លៃ ពីដំណើរវិវត្តន៍នៃសណ្ឋាគារ Raffles អាយុកាលជាង១០០ឆ្នាំ ត្រូវបានសម្ពោធជាផ្លូវការហើយ

ក្នុងបរិយាកាសដ៏ឱឡារឹក និងពោរពេញដោយអត្ថន័យលើទឹកដីអង្គរ ព្រឹត្តិការណ៍សម្ពោធសៀវភៅកម្រងប្រវត្តិសាស្ត្រដ៏មានតម្លៃមួយដែលមានចំណងជើងថា “A Tale of Two Hotels” និពន្ធដោយលោក Andreas Augustin ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Raffles Grand Hotel d’Angkor ខេត្តសៀមរាប។

Advertisement

សៀវភៅ “A Tale of Two Hotels” មិនមែនគ្រាន់តែជាសៀវភៅធម្មតានោះទេ ប៉ុន្តែគឺជាមរតកដ៏មានតម្លៃដែលបានចងក្រងនូវដំណើររឿងរ៉ាវដ៏វែងឆ្ងាយ និងគួរឱ្យជក់ចិត្តនៃសណ្ឋាគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតប្រចាំតំបន់។ នៅក្នុងសៀវភៅនេះ អ្នកនិពន្ធលោក Andreas Augustin ដែលជាម្ចាស់ស្នាដៃសៀវភៅល្បីៗជាច្រើនក្បាល បានចំណាយពេលសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ជាមួយនឹងក្រុមការងារស្រាវជ្រាវទាំងអស់ ដើម្បីបង្ហាញពីការវិវត្តនៃស្ថាបត្យកម្ម ជីវភាពរស់នៅ និងព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅក្នុងសណ្ឋាគារ។ ចំណុចដែលទាក់ទាញបំផុតនោះគឺ វត្តមាននៃ រូបភាពកម្រៗជាច្រើនសន្លឹក ដែលមិនធ្លាប់បានផ្សព្វផ្សាយជាសាធារណៈពីមុនមក ដែលអនុញ្ញាតឱ្យអ្នកអានមានអារម្មណ៍ដូចជាបានធ្វើដំណើរត្រឡប់ទៅកាន់យុគសម័យមាសនៃវិស័យបដិសណ្ឋារកិច្ចកាលពីជាងរយឆ្នាំមុន។

កម្មវិធីសម្ពោធនេះត្រូវបានរៀបចំឡើងយ៉ាងប្រណីត និងវិសេសវិសាលជាទីបំផុត ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ រួមមានអ្នកមុខអ្នកការ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ សិល្បករ និងអ្នកជំនួញក្នុងវិស័យទេសចរណ៍។ អ្វីដែលកាន់តែពិសេសនោះ គឺវត្តមានរបស់អ្នកសារព័ត៌មានមកពីស្ថាប័នធំៗទាំងក្នុងស្រុក និងក្រៅស្រុក ដែលបានមកផ្តិតយករូបភាព និងផ្សព្វផ្សាយពីព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់នេះទៅកាន់ពិភពលោក។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក Andreas Augustin បានចែករំលែកពីអារម្មណ៍រំភើប និងការលះបង់ក្នុងការបង្កើតស្នាដៃនេះឡើង ដើម្បីទុកជាឯកសារយោងសម្រាប់មនុស្សជំនាន់ក្រោយ។ លោកបានបញ្ជាក់ថា៖ «សណ្ឋាគារទាំងនេះមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅនោះទេ ប៉ុន្តែវាគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរនៃសង្គមខ្មែរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ»

បន្ថែមលើពីនេះភ្ញៀវកិត្តិយសទាំងអស់ ថែមទាំងបានទស្សនាផ្ទាល់ភ្នែកនូវការតាំងពិព័រណ៍កម្រងរូបភាពប្រវត្តិសាស្ត្រជាច្រើនរូប អំពីរឿងរ៉ាវជាច្រើនអំពីសណ្ឋាគារ Raffles នៅក្នុងសាលពិព័រណ៍ The Grand Path of the Story។​ នៅក្នុងនោះភ្ញៀវជាតិ និងអន្តរជាតិ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះរូបភាពកម្រៗបំផុតជាច្រើនដែលមិនធ្លាប់ឃើញ ពិសេសបានស្ដាប់នូវដំណើររឿងអំពីរូបភាពនីមួយៗយ៉ាងជក់ចិត្តចិត្តដិតអារម្មណ៍។

អ្វីដែលកាន់តែពិសេសនោះ ការជ្រើសរើសយកសណ្ឋាគារ Raffles Grand Hotel d’Angkor ជាទីតាំងសម្ពោធ គឺជារឿងដ៏ស័ក្តិសមបំផុត ព្រោះសណ្ឋាគារនេះផ្ទាល់គឺជាតួអង្គសំខាន់មួយនៅក្នុងសៀវភៅ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់តម្លៃនៃការអាន និងការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់វិស័យទេសចរណ៍វប្បធម៌ក្នុងខេត្តសៀមរាប តាមរយៈការបង្ហាញពីភាពរីកចម្រើន និងមរតកដ៏សម្បូរបែបដែលកម្ពុជាមាន។

កម្មវិធីបានបញ្ចប់ទៅដោយក្តីរីករាយ ជាមួយនឹងអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ដែលខាងសណ្ឋគារបានរៀបចំឡើងយ៉ាងពិសេសបំផុតចំពោះអ្នកចូលរួមមិនថា កន្លែងគេងដ៏ប្រណីត អាហារឆ្ងាញ់ៗដែលមិនអាចបំភ្លេចបាន និងផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពដ៏មានសារៈសំខាន់ជាច្រើនទៀត៕

រូបភាពផ្ដល់សិទ្ធិដោយ៖ Vannak Khun

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

ជីវប្រវត្តិ: មានបទពិសោធជាអ្នកបង្កើតមាតិកាឌីជីថលជិត ១០ឆ្នាំ និងជានិពន្ធនាយកមួយរូប មានជំនាញទៅលើការបង្កើតមាតិកាបែបកម្សាន្ត អប់រំ ជំរុញលើកទឹកចិត្ត និងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា