អាចចូលទស្សនាបាន! ផ្ទះបុរាណសសរ១០០ អាយុកាលជាង ១០០ ឆ្នាំ លើទឹកដីនៃខេត្តក្រចេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាចចូលទស្សនាបាន! ផ្ទះបុរាណសសរ១០០ អាយុកាលជាង ១០០ ឆ្នាំ លើទឹកដីនៃខេត្តក្រចេះ

អាចចូលទស្សនាបាន! ផ្ទះបុរាណសសរ១០០ អាយុកាលជាង ១០០ ឆ្នាំ លើទឹកដីនៃខេត្តក្រចេះ

ធ្លាប់​តែ​ឮការ​និយាយ​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មួយ​អំពី «ផ្ទះ​សសរ​១០០» ក្នុង​ខេត្ត​ក្រចេះ មិន​នឹក​ស្មាន​សោះ​ថា ផ្ទះ​បុរាណ​ខ្មែរ​ដែល​មាន​អាយុកាល​ជាង ១០០ ឆ្នាំ នេះ​នៅ​មាន​រូបរាង​នៅ​ឡើយ គ្រាន់​តែ​មិន​បាន​នៅ​ទីតាំង​ដើម ហើយ​សសរ​ក៏​មិន​នៅ​គ្រប់​ចំនួន​នោះដែរ។

កាល​ដើម​ឡើយ​ផ្ទះ​បុរាណ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​កណ្ដុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ​ក្រោយ​មក ត្រូវ​បាន​រុះរើនិង​តម្លើង​ឡើង​វិញ​ដោយ​រក្សា​នូវ​រូបរាង​ដើម​នៅ​ភូមិ​រកា​កណ្ដាល​ទី១ សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ដោយ​សារ​តែ​ម្ចាស់​ផ្ទះ​ជំនាន់​ទី៧ ដែល​ជា​ម្ចាស់​ផ្ទះ​ចុង​ក្រោយ​នៃ​ផ្ទះ​បុរាណ​មួយ​នេះ​សម្រេច​រុះ​រើ​ផ្ទះ​ ដើម្បី​យក​ដី​ចែក​ឱ្យ​កូន​ចៅ។

ដំណឹង​នេះ​ត្រូវ​បាន​ក្រសួង​វប្បធម៌​ចុះ​សម្របសម្រួល​ ហើយ​បាន​ទិញ​យក​ផ្ទះ​បុរាណ​នេះ​ក្នុង​តម្លៃ ៨ ពាន់​ដុល្លារ ដើម្បី​រក្សា​ទុក​ជា​សំណង់​ប្រវត្តិសាស្ត្រ​បន្ត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ និង​រៀប​ចំ​ឱ្យ​ក្លាយ​ជា​សារមន្ទីរ​ដោយ​ប្រមែប្រមូល​វត្ថុ​និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​នា​ពេល​អតីតកាល​ ដើម្បី​ឱ្យ​ភ្ញៀវ​បរទេស ​និង​ភ្ញៀវ​ជាតិ​ចូល​ទស្សនា។

គួរ​ឱ្យ​ដឹង​ដែរ​ថា ផ្ទះ​សសរ​១០០ ជា​ប្រភេទ​ផ្ទះ​ឈើ​រោង​ឌឿង​សង់​ខ្ពស់​ផុត​ពី​ដី​ប្រក់​ក្បឿង​មាន​សសរ​ឈើ​កកោះ​មូល​ប្រណិត​ ១០០ ទ្រ​ដោយ​ជើង​តាង​ថ្ម​ក្រានីត ជញ្ជាំង ​និង​បន្ទះ​រនាប​ធ្វើ​ពី​ឈើ​កកោះ​លាយ​ឈើ​ផ្សេង​ៗ។ ចំនួន​សសរ​ដ៏​ច្រើន​សន្ធឹក​នេះ​ហើយ​ដែល​គេ​នាំ​ហៅ​ផ្ទះ​នេះ​ថា «ផ្ទះ​សសរ​១០០»។

ចំណែក​ប្លង់​ទូទៅ​នៃ​ផ្ទះ​សសរ​១០០ រៀប​ចំ​ជា​៣​ផ្នែក​សំខាន់​គឺ​យ៉​មុខ​និង​ចំហៀង តួ​ផ្ទះ និង​ផ្ទះ​បាយ។ យ៉​មុខ​ និង​ចំហៀងមាន​សសរ​ចំនួន ៤៤ ដើម តួ​ផ្ទះ​មាន ៤០ ដើម រី​ឯ​ផ្ទះ​បាយ​មាន​ចំនួន ១៦ ដើម (ប្លង់​ផ្ទះ)។ យ៉​ខាង​មុខ​និង​ចំហៀង ត្រូវ​បាន​រុះរើ​ក្នុង​សម័យ​ខ្មែរ​ក្រហម រី​ឯ​ផ្ទះ​បាយ​រង​គ្រោះ​ដោយ​អគ្គិភ័យ​សម័យ​សង្គ្រាម​វៀតកុង។

ក្នុង​សម័យ​ខ្មែរ​ក្រហម ផ្ទះ​បុរាណ​នេះ​ជា​កន្លែង​កង​កុមារ ​ដែល​មាន​អាយុ​ក្រោម ១០ ឆ្នាំ ។ ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​មាន​គ្រួសារ​ចិន​ ៨ គ្រួសារ ចូល​រស់​នៅ​ក្នុង​ផ្ទះ​នេះ។ លុះ​ដល់​អំឡុង​ឆ្នាំ ១៩៨៨ គ្រួសារ​ចិន​ទាំង​នោះ​បាន​ប្ដូរ​ទី​លំនៅ​ទៅ​តំបន់​ផ្សារ​ឆ្លូង​នៅ​រវាង​ឆ្នាំ ១៩៨៨-១៩៨៩ ទើប​ម្ចាស់​ផ្ទះ​បច្ចុប្បន្ន (អ្នក​ស្រី អ៊ា សារ៉ា) មក​រស់​នៅ​លើ​ផ្ទះ​នេះ​វិញ​ដោយ​រៀប​ចំ​ជួស​ជុល​ផ្នែក​ខ្លះ​នៃ​ជញ្ជាំង​ខាង​ក្នុង។

ក្នុង​ឆ្នាំ ២០២២ ផ្ទះ​នេះ​សល់​សសរ​ត្រឹម ៤៨ ដើម ហើយ​ផ្នែក​ខ្លះ​នៃ​ផ្ទះ​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម ខូច​ខាត​ខ្លាំង និង​កែ​លម្អ​កន្លែង​ខូច​ខាត​ជា​បន្ត​បន្ទាប់​បណ្ដាល​ឱ្យ​ទីធ្លា​ផ្ទះ​កាត់​បន្ថយ​និង​តូច​ចង្អៀត​ជាង​មុន។ បន្ទាប់​មក​ទៀត មន្ត្រី​ជំនាញ​សង្កេត​ឃើញ​ថា សសរ​ចំនួន ៨ ដើម​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ក៏​សម្រេច​ដក​សសរ​នោះ​ចេញ​និង​តម្លើង​ផ្ទះ​ដែល​សល់​សសរ​ត្រឹម​តែ ៤០ ដើម​ប៉ុណ្ណោះ​មក​ទល់​បច្ចុប្បន្ន៕

រូបភាព ៖ កម្ពុជាអស្ចារ្យ – Cambodia Amazing

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា