ប្រើម៉ាស៊ីនបំពង Air Fryer រាល់ថ្ងៃ ត្រូវប្រយ័ត្ន! ៥ កំហុសនេះធ្វើឱ្យអាហារមិនឆ្ងាញ់ ថែមទាំងប្រឈមហានិភ័យសុខភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រើម៉ាស៊ីនបំពង Air Fryer រាល់ថ្ងៃ ត្រូវប្រយ័ត្ន! ៥ កំហុសនេះធ្វើឱ្យអាហារមិនឆ្ងាញ់ ថែមទាំងប្រឈមហានិភ័យសុខភាព

ប្រើម៉ាស៊ីនបំពង Air Fryer រាល់ថ្ងៃ ត្រូវប្រយ័ត្ន! ៥ កំហុសនេះធ្វើឱ្យអាហារមិនឆ្ងាញ់ ថែមទាំងប្រឈមហានិភ័យសុខភាព

ចំពោះការប្រើឆ្នាំងបំពងគ្មានប្រេង អ្វីដែលសំខាន់គឺត្រូវយល់ដឹងពីប្រភេទអាហារ សីតុណ្ហភាព រយៈពេលចម្អិន និងការថែទាំម៉ាស៊ីន។ ចៀសវាងបញ្ហាផ្សេងៗ សាកល្បងពិនិត្យមើល ៥ កំហុសឆ្គងខាងក្រោម ព្រមទាំងកែសម្រួលវិធីប្រើប្រាស់ឱ្យបានសមស្របមុននឹងធ្វើអាហារពេលក្រោយ៖

១. យល់ច្រឡំថា មិនចាំបាច់ប្រើប្រេងទាល់តែសោះ ឬថែមប្រេងច្រើនដូចបំពងក្នុងខ្ទះ

ឈ្មោះថា “ឆ្នាំងបំពងគ្មានប្រេង” មិនមែនមានន័យថាគ្រប់មុខម្ហូបទាំងអស់ត្រូវតមប្រេងទាំងស្រុងនោះទេ។ អាហារខ្លះអាចត្រូវប្រើប្រេងបន្តិចបន្តួចប្រឡាក់ ឬលាបស្តើងៗដើម្បីជួយឱ្យផ្ទៃអាហារមើលទៅគួរឱ្យចង់ញ៉ាំ ខណៈអាហារដែលមានខ្លាញ់ស្រាប់ ឬធ្លាប់ឆ្លងកាត់ការបំពងរួច ដូចជាដំឡូងបារាំងកកប្រភេទខ្លះអាចមិនចាំបាច់បន្ថែមប្រេងទៀតពិតមែន។ ការប្រើប្រេងទៀតសោត គួរលាបប្រេងនៅលើម្ហូប មិនមែនចាក់ប្រេងចូលទៅក្នុងតួឆ្នាំងដោយផ្ទាល់នោះទេ។

២. ប្រើរយៈពេល និងសីតុណ្ហភាពដូចគ្នាសម្រាប់អាហារគ្រប់ប្រភេទ

អាហារនីមួយៗមានទំហំ កម្រាស់ និងកម្រិតសំណើមខុសៗគ្នា ដូច្នេះមិនគួរកំណត់មុខងារដូចគ្នាទាំងអស់ឡើយ។ បន្លែស្លឹកទន់អាចស្ងួត ឬឆេះខ្លោចបានលឿន ចំណែកសាច់ដុំក្រាស់ៗ ខាងក្រៅអាចនឹងឆ្អិន ប៉ុន្តែផ្នែកខាងក្នុងនៅមិនទាន់ដល់សីតុណ្ហភាពដែលមានសុវត្ថិភាពនៅឡើយ។ គួរជ្រើសរើសរូបមន្តដែលសមស្របនឹងម៉ូឌែលឆ្នាំងដែលកំពុងប្រើ និងកែសម្រួលទៅតាមបរិមាណអាហារជាក់ស្តែង។

អាហារកកក៏មិនចាំបាច់រំលាយទឹកកកមុនគ្រប់ប្រភេទដែរ ព្រោះផលិតផលខ្លះត្រូវ​បានរចនាឡើងសម្រាប់ចម្អិនចេញពីស្ថានភាពកកបានភ្លាមៗ។ គួរអានការណែនាំលើកញ្ចប់ និងពិនិត្យមើលថាអាចប្រើជាមួយឆ្នាំងបំពងគ្មានប្រេងបានឬទេ ហើយមិនគួរគិតថា កំដៅពីម៉ាស៊ីនអាចធ្វើឱ្យអាហារដែលខូចគុណភាពទៅហើយ ត្រឡប់មកមានសុវត្ថិភាពវិញបាននោះឡើយ។

៣. មើលរំលងសៀវភៅណែនាំអំពីការកំដៅម៉ាស៊ីនមុនប្រើ (Preheat)

ការកំដៅម៉ាស៊ីនមុនពេលប្រើ មិនមែនជាលក្ខខណ្ឌបង្ខំសម្រាប់ឆ្នាំងបំពងគ្មានប្រេងគ្រប់ម៉ូឌែលនោះទេ។ ម៉ូឌែលខ្លះអាចចាប់ផ្តើមចម្អិនបានភ្លាមៗ ខណៈដែលម៉ូឌែលខ្លះ ឬរូបមន្តម្ហូបខ្លះណែនាំឱ្យកំដៅម៉ាស៊ីនមុន ដើម្បីទទួលបានលទ្ធផលតាមតម្រូវការ។ ដូច្នេះ ការកំណត់ថាត្រូវតែកំដៅ ៣-៥ នាទីជានិច្ចនោះ អាចនឹងមិនត្រូវជាមួយម៉ាស៊ីនដែលកំពុងប្រើប្រាស់ឡើយ។

អ្វីដែលសំខាន់គឺធ្វើតាមសៀវភៅណែនាំ និងសង្កេតមើលថាតើរូបមន្តអាហារនោះរាប់រយៈពេលចម្អិនបន្ទាប់ពីកំដៅម៉ាស៊ីនរួចហើយឬនៅ។ ប្រសិនបើយករូបមន្តដែលតម្រូវឱ្យកំដៅម៉ាស៊ីនមកប្រើដោយរំលងវគ្គនេះ អ្នកអាចនឹងត្រូវកែសម្រួលរយៈពេលឱ្យសមស្រប។ ទោះជាយ៉ាងណាក៏ដោយ សុវត្ថិភាពនៃអាហារគួរតែពិនិត្យមើលពីភាពឆ្អិនខាងក្នុង មិនមែនមើលត្រឹមតែថាតើបានកំដៅម៉ាស៊ីនមុនហើយឬនៅនោះទេ។

៤. ញាត់អាហារណែនពេញកន្ត្រក ដោយគិតថានឹងធ្វើឱ្យរួចរាល់តែមួយលើក

ឆ្នាំងបំពងគ្មានប្រេងធ្វើការដោយពឹងលើខ្យល់ក្តៅដែលវិលជុំវិញអាហារ។ ប្រសិនបើដាក់គ្រឿងផ្សំជាន់លើគ្នាក្រាស់ៗ ឬញាត់ជិតណែន កំដៅអាចនឹងចូលទៅមិនបានសព្វស្មើគ្នាឡើយ។ ផលដែលតាមមកគឺ អាហារខ្លះស្ងួតពេក ប៉ុន្តែអាហារខ្លះទៀតនៅតែឆ្អិនមិនសព្វ ជាពិសេសប្រភេទសាច់ដែលត្រូវប្រុងប្រយ័ត្នរឿងមេរោគបង្កជំងឺ។

គួរដាក់អាហារតាមបរិមាណដែលសៀវភៅណែនាំបានប្រាប់ និងបែងចែកបំពងច្រើនដងនៅពេលមានម្ហូបច្រើន ដោយមិនត្រូវផ្ដោតតែតួលេខចំណុះម៉ាស៊ីនសម្រាប់គ្រប់មុខម្ហូបនោះទេ។ ប្រសិនបើរូបមន្តបញ្ជាក់ឱ្យប្រែត្រឡប់អាហារ ឬក្រឡុកកន្ត្រកអំឡុងពេលចម្អិន គួរតែបំពេញតាម។ សម្រាប់សាច់មាន់ គួរប្រើទែម៉ូម៉ែត្រវាស់អាហារដើម្បីស្ទង់មើលត្រង់ផ្នែកដែលក្រាស់បំផុតឱ្យមានសីតុណ្ហភាពយ៉ាងហោចណាស់ ៧៤ អង្សាសេ មិនមែនសន្និដ្ឋានត្រឹមតែពណ៌ខាងក្រៅដែលមើលទៅស្រួយហើយគិតថាឆ្អិននោះឡើយ។

៥. ទុកកម្ទេចអាហារ និងកាកខ្លាញ់ចាស់សម្រាប់ប្រើប្រាស់លើកក្រោយ

កម្ទេចកាកសំណល់ដែលជាប់នៅក្នុងកន្ត្រក ឬថាសទ្រាប់ មិនមែនត្រឹមតែជារឿងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កឱ្យមានក្លិន និងផ្សែងនៅពេលត្រូវកំដៅសាជាថ្មី។ កម្ទេចអាហារដែលសល់អាចនឹងឆេះខ្លោចក្នុងជុំបន្ទាប់ ហើយធ្វើឱ្យជាតិល្វីង/រសជាតិអាហារថ្មីខូចខាត ដូច្នេះគួរតែសម្អាតផ្នែកដែលប៉ះពាល់នឹងអាហារបន្ទាប់ពីប្រើប្រាស់រួចរាល់រៀងរាល់លើក។

មុនពេលលាងសម្អាត ត្រូវដកឌុយ និងរង់ចាំឱ្យម៉ាស៊ីនត្រជាក់ ទើបលាងកន្ត្រក និងថាសដែលដោះចេញបានជាមួយនឹងទឹកក្តៅឧណ្ហៗលាយទឹកលាងចាន ដោយប្រើប៉ុងទន់ៗ និងអនុវត្តតាមសៀវភៅណែនាំនៃម៉ាស៊ីននោះ។ ចៀសវាងសម្ភារខាត់ដុសដែលអាចធ្វើឱ្យខូចសារធាតុស្រោប (Non-stick) និងមិនត្រូវជ្រមុជតួម៉ាស៊ីនអគ្គិសនីចូលក្នុងទឹកឡើយ។ ប្រសិនបើមានកម្ទេចអាហារជាប់នៅបរិវេណរ៉េស៊ីស្តង់កំដៅ គួរធ្វើការសម្អាតតាមវិធីដែលក្រុមហ៊ុនផលិតបានកំណត់។

ជារួមមក ឆ្នាំងបំពងមិនប្រើប្រេងនៅតែជាជំនួយការចម្អិនអាហារដែលផ្តល់ភាពងាយស្រួល ប្រសិនបើជ្រើសរើសគ្រឿងផ្សំបានសមស្រប កំណត់មុខងារតាមសៀវភៅណែនាំ មិនញាត់អាហារណែនពេក និងលាងសម្អាតឱ្យស្អាតបន្ទាប់ពីប្រើរួច។ អ្វីដែលគួរយកចិត្តទុកដាក់ខ្លាំងជាងភាពស្រួយ គឺអាហារត្រូវតែឆ្អិនសព្វល្អ និងមិនឆេះខ្លោច ព្រមទាំងទទួលទានអាហារឱ្យបានច្រើនទម្រង់ ដោយមិនពឹងផ្អែកតែលើមុខម្ហូបបំពង ឬអាំងស្រួយតែមួយមុខនោះឡើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា