មិនត្រឹមតែជាទីអារាម! មកស្គាល់ស្ថាបត្យកម្មបុរាណដ៏កម្រនៅ «វត្តត្នោតជុំ» ខេត្តកំពង់ធំ ដែលយុវជនគួរទៅទស្សនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនត្រឹមតែជាទីអារាម! មកស្គាល់ស្ថាបត្យកម្មបុរាណដ៏កម្រនៅ «វត្តត្នោតជុំ» ខេត្តកំពង់ធំ ដែលយុវជនគួរទៅទស្សនា

មិនត្រឹមតែជាទីអារាម! មកស្គាល់ស្ថាបត្យកម្មបុរាណដ៏កម្រនៅ «វត្តត្នោតជុំ» ខេត្តកំពង់ធំ ដែលយុវជនគួរទៅទស្សនា

វត្តចតុរង្គរង្សីរស្មី ហៅ វត្តត្នោតជុំ គឺជាវត្តអារាមបុរាណដ៏ចំណាស់ និងមានសារៈសំខាន់មួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមឯកសាររបស់ការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ខេត្តកំពង់ធំ ព្រះវិហារបុរាណនៅក្នុងវត្តនេះត្រូវបានកសាងឡើងក្នុង ឆ្នាំ១៩៣០ នៃគ្រិស្តសករាជ (ត្រូវនឹងពុទ្ធសករាជ ២៤៧៤)។

ក្រៅពីព្រះវិហារ វត្តត្នោតជុំក៏មានសំណង់បុរាណផ្សេងទៀតដូចជាអគារ ធម្មមន្ទីរ ដែលជាបណ្ណាល័យតម្កល់ធម៌ ឬគម្ពីរផ្សេងៗ មានអាយុកាលជិត ១០០ឆ្នាំ ដោយកសាងតាំងពីអំឡុងឆ្នាំ១៩៣៣ និងរក្សាបាននូវក្បួនខ្នាតរចនាបថស្ថាបត្យកម្មខ្មែរយ៉ាងល្អប្រណីត។

លើសពីនេះទៅទៀត វត្តចតុរង្គរង្សីរស្មីក៏ស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយកេរដំណែលប្រវត្តិសាស្ត្រសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសនៅក្បែរ ប្រាសាទត្នោតជុំខាងជើង (អ្នកស្រុកនិយមហៅថា គុកជើង ឬប្រាសាទកំបុត) កសាងឡើងនៅក្នុងសម័យចេនឡា ក្នុងរជ្ជកាល ព្រះបាទឥសានវរ្ម័នទី១ (អំឡុងសតវត្សរ៍ទី៧) និងប្រាសាទត្នោតជុំខាងលិច (គុកខាងលិច) កសាងឡើងក្នុងសម័យអង្គរ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី១ (ចន្លោះឆ្នាំ ៩៤៤-៩៦៧ នៃគ្រិស្តសករាជ) ដែលជាសក្ខីភាពបង្ហាញពីការតាំងទីលំនៅ និងការគោរពបូជាសាសនារបស់ដូនតាខ្មែរនៅតំបន់នេះតាំងពីបុរាណកាល។

បច្ចុប្បន្ន វត្តចតុរង្គរង្សីរស្មីត្នោតជុំ មិនត្រឹមតែជាទីកន្លែងប្រតិបត្តិព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងរៀបចំពិធីបុណ្យប្រពៃណីធំៗប្រចាំតំបន់ដូចជា បុណ្យកឋិនទាន ពិធីសង្ក្រាន្តឆ្នាំថ្មី និងការប្រណាំងទូកតាមដងស្ទឹងជីនិត នាឱកាសបុណ្យអុំទូកផងដែរ។

អាចនិយាយបានថា វត្តចតុរង្គរង្សីរស្មី (វត្តត្នោតជុំ) គឺជាមរតកវប្បធម៌ ទេសចរណ៍ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏មានតម្លៃដែលយុវជនខ្មែរមិនគួរមើលរំលង។ ការចំណាយពេលទៅទស្សនាផ្ទាល់នៅទីនេះ មិនត្រឹមតែជួយឱ្យយើងបានឃើញពីស្នាដៃដ៏ល្អឯករបស់ដូនតា និងទទួលបានភាពស្ងប់ស្ងាត់ផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងអភិរក្សកេរដំណែលប្រវត្តិសាស្ត្រក្នុងខេត្តកំពង់ធំឱ្យនៅគង់វង្សយូរអង្វែង ៕

រូបភាព៖ Solo Landscapes ​​- Influencer MLMUPC, កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា