គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់ ដោយគ្រឿងលម្អដ៏វិចិត្រនេះ ធ្លាប់ជាសម្បត្តិខុសច្បាប់របស់ឈ្មួញជួញដូរវត្ថុបុរាណ លោក Douglas Latchford។

ផ្អែកតាមអត្ថបទរបស់លោក Andy Brouwer គេបានឃើញឈុតគ្រឿងអលង្ការមាសខ្មែរដ៏កម្រនេះ ជាលើកដំបូងនៅក្នុងសៀវភៅ “Adoration and Glory: The Golden Age of Khmer Art” ដែលចេញផ្សាយនៅឆ្នាំ ២០០៤ ដោយ Douglas Latchford និង Emma Bunker។

នៅក្នុងនោះ អ្នកនិពន្ធទាំងពីររូបបានបញ្ជាក់ថា វាគឺជាកម្មសិទ្ធិរបស់អ្នកប្រមូលផ្ដុំឯកជន។ តាមពិតទៅ គ្រឿងអលង្ការដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ ត្រូវបានគេយកទៅតុបតែងលើរូបចម្លាក់ថ្មព្រះសិវៈ ដែលតាំងនៅក្នុងលំនៅឋានឯកជនរបស់ Latchford ក្នុងទីក្រុងឡុងដ៍។

លុះដល់ឆ្នាំ ២០០៨ អ្នកនិពន្ធទាំងពីរបានលើកយកគ្រឿងអលង្ការ និងរូបភាពទាំងនោះមកដាក់លើក្របសៀវភៅទី ២ របស់ខ្លួនក្រោមចំណងជើងថា “Khmer Gold: Gifts for the Gods” ដោយបញ្ជាក់ថាជាទ្រព្យសម្បត្តិរបស់ឈ្មួញជួញដូរវត្ថុបុរាណអង់គ្លេស Douglas Latchford។

ក្រោយមក នៅខែមេសា ឆ្នាំ ២០១៧ គ្រឿងអលង្ការមួយឈុតនេះត្រូវបានប្រគល់ជូនមន្ត្រីខ្មែរនៅទីក្រុងឡុងដ៍ ដោយលោក Jonathan Tucker និងអ្នកស្រី Antonia Tozer មកពីក្រុមហ៊ុន Asian Art ដោយបុគ្គលទាំងពីររូបនេះ មានទំនាក់ទំនងយូរឆ្នាំជាមួយសកម្មភាពខុសច្បាប់របស់ Latchford។ ពួកគេព្យាយាមលក់គ្រឿងអលង្ការមួយឈុតនេះ ដែលរួមមាន គ្រឿងលម្អក្បាល គ្រឿងលម្អទ្រូងមួយគូ ក្រវិលមួយគូ ខ្សែក ខ្សែដៃមួយគូ និងខ្សែក្រវាត់ចង្កេះទាំងលើទាំងក្រោម។

Douglas Latchford និង Emma Bunker បានអះអាងថា គ្រឿងអលង្ការមាសនេះ ត្រូវបានរកឃើញក្នុងពាងដីជិតតំបន់កោះកេរ។ យ៉ាងណាមិញ ការអះអាងដែលចេញពីអ្នកទាំងពីរនេះ គឺជាអ្វីដែលអ្នកអានគួរប្រុងប្រយ័ត្ន។

បន្ទាប់ពីបញ្ជូនមកដល់រាជធានីភ្នំពេញ នៅខែធ្នូ ឆ្នាំ ២០១៧ គ្រឿងអលង្ការទាំងនេះត្រូវបានដាក់តាំងនៅសារមន្ទីរជាតិនៅខែបន្ទាប់ ក្រោមប្រធានបទ “គ្រឿងលម្អសម្រាប់ទេវតា និងមនុស្ស” ជាមួយនឹងគ្រឿងមាសសម្រាប់ព្រះមហាក្សត្រផ្សេងទៀតដែល Latchford បានបរិច្ចាគជូនផងដែរ។

គ្រឿងអលង្ការនេះត្រូវបានដាក់តាំងបង្ហាញម្ដងទៀត នៅវិមានសន្តិភាព ក្នុងខែមីនា ឆ្នាំ ២០២៣ និងនៅក្នុងពិព័រណ៍ “រូបចម្លាក់ខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ” នាសារមន្ទីរជាតិ ក្នុងឆ្នាំ ២០២៤ ដោយក្នុងការតាំងបង្ហាញ គ្រឿងអលង្ការឈុតនេះ ត្រូវបានបំពាក់លើបដិមាទេពបុរសសម័យបាពួន (សតវត្សរ៍ទី១១) ដែលបានបន្ថែមផ្នែកក្បាល និងដៃឆ្វេងផ្នែកខាងលើជារបស់ថ្មី។

យោងតាមការពិពណ៌នារបស់ Latchford និង Bunker ក្នុងសៀវភៅ Khmer Gold គ្រឿងអលង្ការមាសសម្រាប់បំពាក់លើរូបចម្លាក់ដែលអ្នកទាំងពីរថាបានរកឃើញនៅក្បែរកោះកេរនេះ រួមមាន មកុដ គ្រឿងលម្អរាងផ្កាមួយគូ គ្រឿងលម្អត្រចៀកមួយគូ ខ្សែកពាក់លើទ្រូង ខ្សែពាក់ជុំវិញដងខ្លួនមួយគូ និងខ្សែពាក់ដៃមួយគូ។

គេសន្និដ្ឋានថា គ្រឿងមាសទាំងនេះមានអាយុកាលស្ថិតនៅក្នុងត្រីមាសទី ៣ នៃសតវត្សរ៍ទី ១០ ដោយធៀបនឹងចម្លាក់ក្នុងរចនាប័ទ្មបន្ទាយស្រីដំណាក់កាលចុងក្រោយ។ ខណៈទំហំតូច គែមស្រួច និងភាពផុយស្រួយនៃគ្រឿងអលង្ការទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ថា វត្ថុដ៏មានតម្លៃនេះគឺផលិតឡើងសម្រាប់តែបំពាក់លើរូបចម្លាក់ប៉ុណ្ណោះ ពុំមែនសម្រាប់មនុស្សពាក់នោះទេ។

បើចង់ទស្សនាគ្រឿងអលង្ការដ៏វិចិត្រទាំងនេះដោយផ្ទាល់ ប្រិយមិត្តអាចចូលរួមនៅក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ រហូតដល់ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ និងខួបលើកទី ៧៥ នៃការចូលជាសមាជិកអង្គការយូណេស្កូ៕

រូបភាព៖ Andy Brouwer

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា