លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម។

Advertisement

ក្នុងពិធីប្រគល់សញ្ញាបត្រនេះកាលពីថ្ងៃទី ១០ ខែសីហា លោក Alexander Wai ប្រធានសាកលវិទ្យាល័យ HKBU បានកោតសរសើរតារាសម្ដែងវ័យ ៦៤ ឆ្នាំថា៖ « AI មិនអាចក្លាយជាបណ្ឌិត លីវ ឡើយ ព្រោះវាមិនអាចជំនួសគុណធម៌ សមត្ថភាព ឬចំណងផ្លូវចិត្តដែលលោកបានបង្កើតជាមួយសហគមន៍ចិនតាមរយៈសិល្បៈរបស់លោកបានឡើយ»។

នេះមិនមែនជាសញ្ញាបត្របណ្ឌិតកិត្តិយសលើកទីមួយដែល លីវ តឺហួរ ទទួលបាននោះទេ ដោយកាលពីឆ្នាំ ២០១៧ លោកក៏ធ្លាប់ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពីសាកលវិទ្យាល័យ Hong Kong Shue Yan University រួចមកហើយ។

លោក លីវ តឺហួរ បានចាប់ផ្តើមអាជីពក្នុងវិស័យសិល្បៈ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលតារាសម្តែងរបស់ស្ថានីយទូរទស្សន៍ TVB ក្នុងឆ្នាំ ១៩៨០។ លោកបានល្បីល្បាញខ្លាំងតាមរយៈស្នាដៃសម្ដែងល្បីៗជាច្រើនទៀតដូចជា រឿង «ទេពឥន្ទ្រីបក្សីស្នេហ៍» ឬ The Return Of The Condor Heroes (ឆ្នាំ ១៩៨៣), រឿង God Of Gamblers (ឆ្នាំ ១៩៨៩) និងរឿង «Infernal Affairs» (ឆ្នាំ ២០០២-២០០៣) ជាដើម។

នៅក្នុងឆ្នាំ ១៩៩១ លោកបានបង្កើតក្រុមហ៊ុនផលិតភាពយន្តផ្ទាល់ខ្លួន ដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់អ្នកផលិតភាពយន្ត និងអ្នកបង្កើតស្នាដៃច្នៃប្រឌិតក្នុងស្រុក។

ជោគជ័យរបស់លោកមិនត្រឹមតែលើការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពតន្ត្រីផងដែរ។ នៅក្នុងឆ្នាំ ២០០០ លោក លីវ តឺហួរ ត្រូវបានកត់ត្រាក្នុងកំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Record) ក្នុងនាមជាតារាចម្រៀងប៉ុបចិនផ្នែកបុរសដែលទទួលបានពានរង្វាន់ច្រើនជាងគេ សរុបជិត ៥០០ ពានរង្វាន់។ លោកបានចេញអាល់ប៊ុមចម្រៀងភាសាចិនជាង ១០០ អាល់ប៊ុម ដោយមានការលក់សរុបលើស ៤៨ លានបន្ទះ។

ក្រៅពីសមិទ្ធផលផ្នែកសិល្បៈ លោក លីវ តឺហួរ ក៏បានចូលរួមក្នុងងារសប្បុរសធម៌ជាយូរណាស់មកហើយ។ នៅក្នុងឆ្នាំ ១៩៩៤ លោកបានបង្កើតមូលនិធិសប្បុរសធម៌ Andy Lau Charity Foundation ដើម្បីជួយសង្គ្រោះប្រជាជនដែលខ្វះខាត និងគាំទ្រដល់គំនិតផ្ដួចផ្ដើមអប់រំយុវជនយ៉ាងទូលំទូលាយ។

ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន លោក លីវ តឺហួរ បានរៀបការជាមួយភរិយាជនជាតិម៉ាឡេស៊ី ឈ្មោះ Carol Chu ក្នុងឆ្នាំ ២០០៨។ ប្តីប្រពន្ធមួយគូនេះមានកូនស្រីម្នាក់អាយុ ១៤ ឆ្នាំ ឈ្មោះ Hanna ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា