លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល ASEAN Inclusive Growth នៅក្រុងម៉ានីល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល ASEAN Inclusive Growth នៅក្រុងម៉ានីល

លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល ASEAN Inclusive Growth នៅក្រុងម៉ានីល

តារាសម្តែងហូលីវូដ និងជាសកម្មជនមនុស្សធម៌ដ៏ល្បីល្បាញ លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ខណៈត្រូវបានចាត់តាំងឱ្យធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចប្រជុំកំពូល ASEAN Inclusive Growth ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល នៅថ្ងៃពុធ ទី ១១ ខែវិច្ឆិកានេះ។

យោងតាមសារព័ត៌មានហ្វីលីពីន Rappler លោកស្រី Jolie នឹងចូលរួមក្នុងកិច្ចពិភាក្សាក្រុមក្រោមប្រធានបទ «ពីការចងចាំឆ្ពោះទៅកាន់ការធ្វើបាន៖ កម្ពុជា ភាពក្លាហាន និងអំណាចនៃការតស៊ូបន្ត»  រួមជាមួយផលិតករភាពយន្តខ្មែរ លោក រិទ្ធី ប៉ាន់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានប្រើប្រាស់ទេពកោសល្យខាងភាពយន្តរបស់លោកដើម្បីបង្ហាញពីរឿងរ៉ាវរបស់ប្រជាជនកម្ពុជាជារឿយៗ។

មុនកិច្ចប្រជុំនេះ អ្នកទាំងពីរធ្លាប់បានធ្វើការជាមួយគ្នាយ៉ាងលេចធ្លោនៅក្នុងភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ (First They Killed My Father)» ដែលផ្អែកលើសៀវភៅអក្សរសិល្ប៍ពិតរបស់លោកស្រី លឿង អ៊ឹង (Loung Ung) បោះពុម្ពផ្សាយក្នុងឆ្នាំ ២០០០។ ចាក់បញ្ចាំងផ្លូវការក្នុងឆ្នាំ២០១៧ ភាពយន្តនេះរៀបរាប់ពីសាច់រឿងរបស់កុមារី អ៊ឹង ដែលមានអាយុ ៥ ឆ្នាំនៅពេលនោះ និងត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើជាទាហានកុមារ។

សេចក្តីពិពណ៌នានៃកិច្ចពិភាក្សាបានរៀបរាប់ថា៖ «រឿងរ៉ាវរបស់ពួកគេមានឫសគល់នៅក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែមេរៀននៃរឿងរ៉ាវទាំងនោះមានលក្ខណៈសកល នោះគឺការផ្លាស់ប្តូរប្រកបដោយចីរភាពត្រូវបង្កើតឡើងដោយរួមគ្នាជាមួយសហគមន៍ មិនមែនធ្វើឡើងសម្រាប់ពួកគេនោះទេ ប៉ុន្តែគឺសម្រាប់ប្រជាជនដែលជាអ្នកនៅជិតបញ្ហាបំផុត។ លើសពីប្រទេសកម្ពុជា មេរៀនទាំងនោះមានសារសំខាន់ សម្រាប់គ្រប់សេដ្ឋកិច្ចនៅក្នុងអាស៊ាន និងសម្រាប់អ្នកដែលចង់ឱ្យកំណើនសេដ្ឋកិច្ចមានលក្ខណៈបរិយាបន្ន និរន្តរភាព និងភាពធន់»។

គួរបញ្ជាក់ថា លោកស្រី Jolie បានបម្រើការជាសកម្មជនគាំទ្រសិទ្ធិមនុស្សជាយូរមកហើយ  ចាប់ផ្តើមតាំងពីឆ្នាំ ២០០០ នៅពេលដែលការទស្សនកិច្ចនៅកម្ពុជាដើម្បីថតរឿង Tomb Raider បានធ្វើឱ្យលោកស្រីបានឃើញពីការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជននៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ ២០០១ លោកស្រីត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR។

នៅឆ្នាំ២០០២ លោកស្រីបានទទួលចិញ្ចឹមកូនប្រុស Maddox ដែលជាជនជាតិខ្មែរហើយក្នុងឆ្នាំ ២០០៥  លោកស្រីត្រូវបានប្រគល់សញ្ជាតិខ្មែរ ដើម្បីទទួលស្គាល់ទង្វើសប្បុរសធម៌ជាច្រើនដែលលោកស្រីបានផ្តល់ឱ្យចំពោះប្រទេសកម្ពុជា។

កិច្ចប្រជុំកំពូល ASEAN Inclusive Growth Summit ឆ្នាំ ២០២៦ នឹងប្រមូលផ្ដុំមេដឹកនាំមកពីវិស័យធុរកិច្ច រដ្ឋាភិបាល សង្គមស៊ីវិល និងសប្បុរសជនជាច្រើន នៅទីក្រុងម៉ានីល ដើម្បីស្វែងរកវិធីបម្លែងភាពមិនប្រាកដប្រជាឱ្យទៅជាឱកាស និងបើកផ្លូវឱ្យរលកបន្ទាប់នៃកំណើនសេដ្ឋកិច្ចបរិយាបន្ន ៕

លោកស្រី Angelina Jolie, លោក រិទ្ធី ប៉ាន់ និង Maddox
លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា