អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ។ បើ​និយាយ​ពី​សម្លៀកបំពាក់​ខ្មែរ​វិញ ការ​ស្លៀកពាក់​គឺ​មាន​បែបផែន​ត្រឹមត្រូវ ហើយ​សម្រាប់​នារី​របាំ​វិញ ការ​ស្លៀកពាក់​មាន​ក្រឹត្យក្រម​ច្បាស់លាស់។

ឯកសណ្ឋាន​ហាត់សមរបស់នាដការបាំព្រះរាជទ្រព្យខ្មែរ ដែលជាឯកលក្ខណៈមិនច្រឡំគេ មានតាំង​ពី​រាជ្យ​ព្រះករុណា នរោត្តម (ព្រះសុវណ្ណកោដ្ឋ) ដល់​បច្ចុប្បន្ន។ ប្រភេទ​អាវ​រឹប​រាង​មួយ​ប្រភេទ​នេះ ព្រម​ទាំង​សំពត់ចងក្បិន ប្រដាប់​ខ្សែ​ក្រវាត់​ខឹម​ខាត់​ផង នៅ​លើ​ខ្លួន​នាដកា ។

នាដកា​កំពុង​ហាត់​សម​ល្ខោន ឬ​របាំ​ផ្សេង​ៗ ត្រូវ​តម្រូវ​ឲ្យ​ស្លៀក​ពាក់ អាវ​ល្ខោន​ចង​ក្បិន ដែល​ជា​ឯកសណ្ឋាន​ដ៏​សំខាន់ និង​មាន​សោភ័ណ ហើយ​មាន​តែ​កម្ពុជា​ប៉ុណ្ណោះ ប្រើប្រាស់​អាវ​ល្ខោន​នេះ​តាំងពី​សម័យ​បុរាណ​មក។

អាវ​ណយ ព្រម​ជា​មួយ​សំពត់​ក្បិន អ្នក​របាំ​​ប្រើ​នៅ​ពេល​ហាត់​សម។ នារី​របាំ​ត្រូវ​ពាក់​អាវ​ណយ ដ៏​រឹប​រាង ដើម្បី​ឲ្យ​ដង​ខ្លួន​ត្រង់ មាន​ទម្រង់ មាន​លំនឹង ព្រម​ទាំង​អាច​រក្សា​ខ្យល់​នៅ​ក្នុង​ពោះ ធ្វើឲ្យ​មូល​នៅ​ក្នុង​ខ្លួន មិន​ងាយ​ឆាប់​ហត់ ឆាប់​ទន់​ព្រមទាំងឲ្យស៊ាំទៅនឹងការរៀបរៀង មុន​តែង​គ្រឿង​ល្ខោន។

ដ្បិត​ថា​អាវ​ណយ​សម្រាប់​ហាត់​រាំ​របាំ​ក៏​ពិតមែន​តែ​ក៏​ត្រូវ​បាន​ច្នៃ​យ៉ាង​ស្អាត ដោយ​មាន​ឌិន​អង្កាំ​ជា​ក្បាច់​ខ្មែរ​យ៉ាង​ស្រស់​ស្អាត ហើយ​ក៏​មាន​ពណ៌​ចម្រុះ​ផង​ដែរ។ អាវ​ល្ខោន ឬ​អាវ​ណយ ទោះ​ជា​រឹប​រាង តែ​នៅ​ត្រង់​ចំណុច​ក្លៀក​មាន​ភាព​ធូរ​រលុង ងាយស្រួល​ឲ្យ​អ្នក​រាំ​អាច​ធ្វើ​ចលនា​បាន។

នៅ​ពេល​ដែល​នាដកា​តម្រូវ​ស្លៀកពាក់​អាវ​ណយ ក្បិន ព្រោះ​ជាទូទៅមិនស្មុគស្មាញច្រើន សាមញ្ញ​ងាយស្រួល​ក្នុង​ការ​ធ្វើ​កាយ​វិការ និង​ពត់​ពេន ឱន និង​ក្រោក​ចុះ​ឡើង​តាម​ក្បួនខ្នាត​របាំ​នីមួយ​ៗ។

គួរ​បញ្ជាក់​ថា ការ​ហាត់​រាំ​របាំ​បុរាណ​ខ្មែរ (របាំ​ព្រះរាជទ្រព្យ) ជា​ទូទៅ​មិនទាន់​តម្រូវ​ឲ្យ​ស្លៀក​ឈុត​ពេញលេញ​ដូច​ពេល​ឡើង​ឆាក​សម្ដែង​នោះ​ទេ។ ប៉ុន្តែ​គេ​ប្រើប្រាស់​សម្ភារៈ និង​សំលៀកបំពាក់​សម្រាប់​ហាត់​ងាយស្រួល​ក្នុង​ការ​ពត់ដៃ ពត់​ជើង និង​បញ្ចេញ​កាយ​វិការ។ ចំណែក​គ្រឿង​អលង្ការ​វិញ ពេល​ខ្លះ​មាន​ត្រឹម​ខ្សែក្រវាត់៕

រូបភាព៖ នាដក ហង់ ភូមិរ៉ា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា